រដ្ឋមន្ត្រីអប់រំ​​៖​​យើង​អាចបង្កើត​ហេដ្ឋារចនាសម្ព័នឌី​ជី​ថ​ល​​បា​ន​បើ​​មាន​អ្នក​ប្រើ​ប្រព័ន្ធ​នេះ​​

08-10-2019 5:58 pm 70
  ស្តាប់
ស្តាប់ជាសំឡេង

​នា​ព្រឹក​ថ្ងៃទី​០៨ ខែតុលា​នេះ លោក​ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចូលរួម​កម្មវិធី​បាឋកថា​សាធារណៈ​សម្រាប់​កិច្ចសន្ទនា​កម្ពុជា​ឧស្សាហកម្ម​៤.០ ក្រោម​ប្រធានបទ «​អក្ខរកម្ម​ឌីជីថល​ក្នុង​បរិបទ​កម្ពុជា​ឧស្សាហកម្ម ៤.០»​ក្នុង​គោលបំណង​ចែករំលែក​នៅ​ចំណេះដឹង បទពិសោធន៍ ទស្សនវិស័យ ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​រាជរដ្ឋាភិបាល​កម្ពុជា​ទាក់ទង​និង​អក្ខរកម្ម​ឌីជីថល​ក្នុង​បរិបទ​កម្ពុជា នៅ​សាល​ពហុ​បំណង​CKCC​។​

​នៅ​ក្នុងនោះដែរ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បានលើកឡើង​អំពី​គោលដៅ នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម ហើយ​ជាពិសេស​គឺ​និន្នាការ​ការង្កើត​ទីក្រុង​ឆ្លាត​វៃ (Smart City) រួមទាំង​និន្នាការ​បរិបទ​នៃ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​ជាដើម​។​លោក​បន្តថា ដូចនេះ​បើ​យើង​មិនមាន​ធនធានមនុស្ស​គ្រប់គ្រាន់​ទេ ក៏​យើង​មិនអាច​ទាញយក​ប្រយោជន៍ ពី​បច្ចេកវិទ្យា​ដែរ គឺ​បាន​ត្រឹម​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សើរៗ ហើយក៏​មិនអាច​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​នេះ ដើម្បី​អភិវឌ្ឍ​នូវ​សេដ្ឋកិច្ច​បានទេ ដូចនេះ​ធនធានមនុស្ស​គឺ​ពិតជា​សំខាន់​។​

​លោក​បានលើកឡើង​ទៀតថា យើង​អាចបង្កើត​ហេដ្ឋារចនាសម្ព័នឌី​ជី​ថ​ល​បាន ប្រសិន​ជាមាន​អ្នកប្រើប្រាស់​នូវ​ប្រព័ន្ធ​នេះ និង​ទាមទារ​ឲ្យមាន​អ្នកប្រើប្រាស់ នូវ​ឧបករណ៍​ទាំងនេះ ថា​តើ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច ម្យ៉ាងទៀត​ការអប់រំ​តាមបែប​ឌីជីថល​នេះ គឺ​ទាមទារ​នូវ​មនុស្ស​ដែល​មានចំណេះដឹង​ខ្ពស់​ដែល​ប្រើប្រាស់​ឧបករណ៍​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​បាន​៕

ព័ត៌មានផ្សេងទៀត