អ៊ីរ៉ាក់​​នឹង​ប្រឈម​​បញ្ហា​អ្វីខ្លះ​​បើ​គ្មាន​ដំណោះស្រាយ​​បញ្ចប់​ការតវ៉ា​?

08-10-2019 5:57 pm 330
រូបភាព​​​ដុតកង់ឡានក្នុងការតវ៉ា​នៅអ៊ីរ៉ាក់​កន្លងមក

​ការតវ៉ា​ក្នុងប្រទេស​អ៊ីរ៉ាក់​គិត​ត្រឹម​ពេលនេះ មាន​មនុស្ស​ស្លាប់​ជាង​១០០​នាក់​និង​របួស​ជាង​៦​ពាន់​នាក់​។ ការតវ៉ា​កើតចេញពី​បរាជ័យ​របស់​រដ្ឋាភិបាល ដែល​ក្រុម​តវ៉ា​ចោទថា​មិនបាន​ធ្វើតាម​ការសន្យា ជួយ​ដោះស្រាយ​ឲ្យ​ប្រជាជនមាន​ការងារ​ធ្វើ​គ្រប់គ្រាន់ និង​លុបបំបាត់​អំពើពុករលួយ​ជាដើម​។ ក្រុម​តវ៉ា​បាន​ទាំង​ទាមទារ​ឲ្យ​ទម្លាក់​នាយករដ្ឋមន្ដ្រី​អ៊ីរ៉ាក់​សព្វថ្ងៃ​ចេញ​ផង បើ​ដោះស្រាយ​រឿងនេះ​មិន​បានទេ​។ ការតវ៉ា​កំពុង​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​រដ្ឋាភិបាល ហើយក៏​ត្រូវបាន​គេ​មើលឃើញថា​ជា​គ្រោះថ្នាក់​ថ្មី​មួយទៀត​សម្រាប់​អ៊ីរ៉ាក់​។ បើ​ដោះស្រាយ​មិនបាន​តើ​អ៊ីរ៉ាក់​នឹង​ទៅជា​យ៉ាងណា​?

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​អ៊ីរ៉ាក់​ដែល​មានឈ្មោះ​ជា​ផ្លូវកា​រថា សាធារណរដ្ឋ​អ៊ីរ៉ាក់ គឺជា​ប្រទេសមួយ​ស្ថិតនៅ​តំបន់​អាស៊ី​ខាងលិច មាន​ព្រំដែន​ខាងជើង​ជាប់​តួ​ក​គី ខាងកើត​ជាប់​អ៊ីរ៉ង់ អាគ្នេយ៍​ជាប់​គុយ​វ៉ែត ខាងត្បូង​ជាប់​អា​រ៉ាប៊ីសាអូឌីត និរតី​ជាប់​ហ្ស៊កដានី និង​ខាងលិច​ជាប់​ស៊ី​រី​។ រដ្ឋ​មួយ​នេះ​មាន​ផ្ទៃដី​សរុប​៤៣៧,០៧២​គីឡូម៉ែត្រ​ការ៉េ ហើយ​មាន​ប្រជាជន​ប្រមាណ​ជាង​៣៧​លាន​នាក់ យោងតាម​តួលេខ​ប៉ាន់ប្រមាណ​ក្នុង​ឆ្នាំ​២០១៦​។ អ៊ីរ៉ាក់​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៣២​។​

នៅ​ឆ្នាំ​១៩៥៨​របប​រាជាធិបតេយ្យ​ត្រូវបាន​ផ្ដួលរំលំ ហើយ​សាធារណរដ្ឋ​អ៊ីរ៉ាក់​ត្រូវបាន​បង្កើតឡើង​។ អ៊ីរ៉ាក់​ត្រូវបាន​គ្រប់គ្រង​ដោយ​គណបក្ស​Ba'ath ពី​ឆ្នាំ​១៩៦៨​ដល់​ឆ្នាំ​២០០៣​។ បន្ទាប់ពី​ការ​លុកលុយ​របស់​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ដ​ក្នុង​ឆ្នាំ​២០០៣ គណបក្ស​Ba'ath​របស់លោក​Saddam Hussein​ក៏​ត្រូវបាន​ដក​ចេញពី​តំណែង ហើយ​ការបោះឆ្នោត​សភា​ពហុបក្ស​ក៏​ត្រូវបាន​រៀបចំឡើង​នៅ​ឆ្នាំ​២០០៥​។ វត្ដ​មាន​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់​បានបញ្ចប់​ក្នុង​ឆ្នាំ​២០១១ ប៉ុន្ដែ​ភាពចលាចល​នៅ​អ៊ីរ៉ាក់​បាន​បន្ដ​កើតឡើង​កាន់តែខ្លាំង នៅពេល​អ្នក​ប្រយុទ្ធ​រត់​ចេញពី​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​ចូលទៅក្នុង​ទឹកដី​អ៊ីរ៉ាក់​។​

​ក្រុម​ដែល​រត់​ចេញពី​ស៊ី​រី​បាន​ចូល​ដៃ​ជា​មួយក្រុម​បះបោរ​នៅ​អ៊ីរ៉ាក់ ប្រកាស​ខ្លួនឯង​ថា​ជា​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​(ISIS​ឬ​ISIL)​ក្នុង​ឆ្នាំ​២០១៤  ក្នុង​គោលបំណង​បង្រួម​ទឹកដី​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ចូលគ្នា ដើម្បី​បង្កើតជា​រដ្ឋ​អ៊ីស្លាម​ឯករាជ្យ​។ ជម្លោះ​ដណ្ដើម​ដែនដី​កាន់កាប់​ក៏​ចាប់ផ្ដើម​ផ្ទុះឡើង​កាន់តែខ្លាំង ក៏ប៉ុន្ដែ​ពួកគេ​មិន​ទទួលជោគជ័យ​ឡើយ ហើយ​ទីបំផុត​នៅ​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៧ រដ្ឋាភិបាល​អ៊ីរ៉ាក់​ដែល​កាលនោះ​ស្ថិតក្រោម​ការដឹកនាំ​របស់លោក​Haider al-Abadi ក៏បាន​ប្រកាស​ពី​ជ័យជម្នះ​លើ​ក្រុម​ISIL​។ ក្រោយមក​រដ្ឋាភិបាល​អ៊ីរ៉ាក់​ក៏​ខិតខំ​ស្ដារ​ស្ថានភាព​នៅ​ក្នុងប្រទេស​ឡើងវិញ ហើយក៏​រៀបចំ​ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៨​។​

​ក្នុង​ខែតុលា​ឆ្នាំ​២០១៨​លោក​Adil Abdul-Mahdi​ក៏ត្រូវ​បានជ្រើសរើស​ជា​នាយករដ្ឋមន្ដ្រី​ថ្មី ពោលគឺ​៥​ខែ​បន្ទាប់ពី​ការបោះឆ្នោត​។ គិត​មកដល់​បច្ចុប្បន្ន​រដ្ឋាភិបាល​ថ្មី​របស់លោក​Mahdi បាន​ដឹកនាំ​ប្រទេស​ប្រមាណ​ជិត​១​ឆ្នាំ​ហើយ បន្ដ​កិច្ចការ​ដឹកនាំ​ឲ្យ​អ៊ីរ៉ាក់​បោះជំហាន​ទៅរក​ភាព​រីកចម្រើន​។ យ៉ាងណាមិញ​ភាពស្ងប់ស្ងាត់​កើតឡើង​មិនបាន​ប៉ុន្មាន​ផង អ៊ីរ៉ាក់​ក៏​ផ្ទុះ​ការតវ៉ា​រហូត​ក្លាយជា​អំពើហិង្សា​។ និយាយ​ពី​ការតវ៉ា​គិត​ត្រឹម​ឆ្នាំ​២០១៥ អ៊ីរ៉ាក់​ក៏​ធ្លាប់​ជួបប្រទះ​ជា​ច្រើនលើកច្រើនសារ​រួចមកហើយ ប៉ុន្ដែ​ការតវ៉ា​ជាថ្មី​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​០១​ខែតុលា​នេះ បាន​រុញច្រាន​ស្ថានការណ៍​ធ្លាក់​ក្នុង​ភាពវឹកវរ​យ៉ាង​ឆាប់រហ័ស​។​

​ការតវ៉ា​ក្លាយជា​ហិង្សា​បានសម្លាប់​មនុស្ស​ជាង​១០០​នាក់​និង​របួស​ជាង​៦​ពាន់​នាក់ ព្រមទាំង​មាន​ខូចខាត​ទ្រព្យសម្បត្ដិ​ជាច្រើន​។ វា​មិនមែនជា​រឿង​សាមញ្ញ​ទេ​ដែលមាន​ការតវ៉ា​ទាមទារ​ឲ្យ​ទម្លាក់​មេដឹកនាំ​ឬ​គណបក្សនយោបាយ​នៅ​អ៊ីរ៉ាក់​នោះ ប៉ុន្ដែ​ជំនួស​ទៅវិញ​ប្រជាជន​បាននាំគ្នា​អំពាវនាវ​ឲ្យ​បញ្ចប់​ប្រព័ន្ធ​នយោបាយ ដែល​កើតឡើង​តាំងពី​អាមេរិក​ដឹកនាំ​ការឈ្លានពាន​នៅ​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០០៣​។ ពួកគេ​ចង់ឲ្យមាន​ការគ្រប់គ្រ​ង​ដែល​គិតពី​ការរស់នៅ​របស់​ប្រជាជន ធ្វើឲ្យ​ប្រជាជនមាន​ជីវភាព​សមរម្យ​មាន​ការងារ​ធ្វើ​គ្រប់គ្រាន់ ចៀសវាង​ការប្រព្រឹត្ដ​អំពើពុករលួ​យ​ក្នុង​ជួរ​រដ្ឋាភិបាល​។ ប៉ុន្ដែ​ការផ្ដល់​ផលប្រយោជន៍​ឲ្យ​ប្រជាជនមាន​តិចតួច​បំផុត វា​ជាដើម​ហេតុដែល​ប្រជាជន​អ៊ីរ៉ាក់​នាំគ្នា​ងើប​តវ៉ា គឺ​ព្រោះតែ​ប្រឆាំង​ភាព​អត់​ការងារ​ធ្វើ សេវាសាធារណៈ​នៅ​អន់ និង​ជាពិសេស​ការប្រព្រឹត្ដ​អំពើពុករលួ​យ​។ បើ​ធ្វើ​មិនបាន​ទេ​ប្រជាជន​អ៊ីរ៉ាក់​ចង់ឲ្យ​នាយករដ្ឋមន្ដ្រី​សព្វថ្ងៃ ចុះ​ចេញពី​តំណែង​តែម្ដង​។​

​លោក​នាយករដ្ឋមន្ដ្រី​Adil Abdul-Mahdi​ក្រោយ​ចូលកាន់​អំណាច​កាលពី​ឆ្នាំមុន បាន​សន្យា​នឹង​ដោះស្រាយ​បញ្ហា​ពុករលួយ និង​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​។ ជិត​មួយឆ្នាំ​នៃ​ការ​កាន់អំណាច លោក​មិន​បានបង្ហាញ​ចេតនា និង​ពុំ​មានបំណង​ពិតប្រាកដ​ក្នុងការ​រុញច្រាន​ប្រឆាំង​វណ្ណៈ​នយោបាយ​ឡើយ​។ កង្វះខាត​ដែល​រដ្ឋាភិបាល​សព្វថ្ងៃ​ធ្វើ​មិនបាន​តាម​សន្យា វា​ដល់​ពេលដែល​ប្រជាជន​អ៊ីរ៉ាក់​ត្រូវ​ចេញមុខ​ទាមទារ​រក​ដំណោះស្រាយ ព្រោះ​ពួកគេ​មិនអាច​ទ្រាំ​រស់នៅក្នុង​ជីវភាព​លំបាក​ខ្លាំង​តទៅទៀត​ទេ​។ ពីមុន​ថា​មាន​ភាពចលាចល​កើតឡើង ចុះ​សព្វថ្ងៃ​ស្ថានការណ៍​ហាក់​ស្ងប់ស្ងាត់ ហេតុដូចម្ដេច​បានជា​រដ្ឋាភិបាលថ្មី​ជាង​មួយឆ្នាំម​កនេះ នៅតែ​មិន​អាចធ្វើឲ្យ​ប្រទេសមាន​ភាពល្អប្រសើ​រជាង​មុន​។ ប្រជាជន​ដែល​នាំគ្នា​តវ៉ា​លើកឡើងថា បើ​រដ្ឋាភិបាល​មិនអាច​ប្រឆាំង​អំពើពុករលួយ​បាន មិនអាច​លុបបំបាត់​វណ្ណៈ​នយោបាយ​បាន ហើយ​មិន​អាចជួយ​ដោះស្រាយ​រឿង​បាត់បង់​ការងារ​របស់​ប្រជាជន​បាន តើ​នរណា​ទៅវិញ​ជា​អ្នកធ្វើ​រឿងនេះ​?

​ការតវ៉ា​នៅ​អ៊ីរ៉ាក់​បច្ចុប្បន្ន​ពុំទាន់​មើលឃើញ​ឬ​មាន​សញ្ញា​ណាមួយ​បង្ហាញថា មាន​អ្នក​នៅ​ពីក្រោយ​ឡើយ​ក្រៅតែពី​ចេតនា​របស់​ប្រជាជន​ដោយផ្ទាល់​។ ការតវ៉ា​នេះ​ទៀតសោត​បើសិន​មិន​រក​ដំណោះស្រាយ វា​នឹង​បង្ក​ជា​បញ្ហា​ប្រឈម​កាន់តែខ្លាំង​។ និយាយ​តែ​មួយផ្នែក​គ្រាន់តែ​ចាប់ផ្ដើម​តវ៉ា​មិនបាន​មួយ​សប្ដាហ៍​ផង មនុស្ស​ជាង​១០០​ទៅហើយ​បាន​ស្លាប់បាត់​បង់ជីវិត និង​មាន​ជាង​៦​ពាន់​នាក់​រងរបួស​។ បើ​ការតវ៉ា​កើតឡើង​កាន់តែខ្លាំង​មនុស្ស​ស្លាប់​និង​របួស​ក៏មាន​កាន់តែច្រើន បញ្ហា​អសន្ដិសុខ​កើតឡើង​កាន់តែខ្លាំង ហើយ​វា​ក៏​ជា​ឱកាស​មួយ​សម្រាប់​ក្រុម​បះបោរ​ជាក់ស្ដែង​មាន​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​ទើប​រត់​ចេញពី​អ៊ីរ៉ាក់ អាច​ត្រឡប់មក​បង្កចលាចល​សាជាថ្មី​ក៏​ថា​បាន​។ ពួកគេ​បាន​ចាញ់​សង្គ្រាម​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី​មែន ប៉ុន្ដែ​សមាជិក​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​មិន​ស្លាប់​ទាំងអស់​ឡើយ ចង់​ឬ​មិន​ចង់​បើ​អ៊ីរ៉ាក់​ជួប​ភាពវឹកវរ​ម្ដងទៀត វា​ជា​ឱកាសល្អ​ឲ្យ​ពួកគេ​វិល​មកវិញ ដើម្បី​កៀរគរ​សមាជិក​សារជាថ្មី​និង​គាំទ្រ​ប្រជាជន​អ៊ីរ៉ាក់​ឲ្យ​ស្ង​ប់រដ្ឋាភិបាល​កាន់តែខ្លាំង ជា​ផលចំណេញ​សម្រាប់​ពួកគេ​។ បើ​គ្មាន​ដំណោះស្រាយ​អ៊ីរ៉ាក់​ក៏​ទំនង​នឹង​ដូចជា​ប្រទេស​ស៊ី​រី ដែល​ជួប​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​តាំងពី​ឆ្នាំ​២០១១​រហូតដល់​បច្ចុប្បន្ន​មិនទាន់​ដោះស្រាយបាន​ផង​។​

​និយាយ​ពី​ដំណោះស្រាយ​សម្រាប់​រដ្ឋាភិបាល​លោក​Adil Abdul-Mahdi គ្មានអ្វី​ក្រៅពី​ការព្យាយាម​ដោះស្រាយ​តាម​សំណើ​របស់​ក្រុម​តវ៉ា​ឡើយ ប៉ុន្ដែ​ជា​ការផ្ដល់ឲ្យ​ដែល​សមស្រ​បមិន​ហួសប្រមាណ​។ លោក​នាយករដ្ឋមន្ដ្រី​ធ្លាប់​ទទួលស្គាល់​ពី​អ្វីដែល​បាន​កើតឡើង ហើយ​សន្យា​នឹង​ដោះស្រាយ​ជូន​ក្រុម​តវ៉ា ប៉ុន្ដែ​លោក​ត្រូវការ​ពេលវេលា​។ លោក​ថា​ការទាមទារ​របស់​ក្រុមបាតុករ​ជា​រឿង​ត្រឹមត្រូវ តែ​ត្រូវ​អត់ធ្មត់​បន្ដិច​ព្រោះ​គ្មាន​វេទមន្ដ​ណា​អាចមក​ដោះស្រាយ​បញ្ហា​របស់​អ៊ីរ៉ាក់​បានទេ​។ វា​ជា​ការពិត​ការដោះស្រាយ​រឿង​ប្រទេសជាតិ​ទាមទារ​ពេលវេលា​បន្ដិច ដើម្បី​ការបង្រួបបង្រួម​រវាង​រដ្ឋាភិបាល​និង​ប្រជាជន​។ បើ​មាន​ការបែកបាក់​ច្បាស់​ណាស់​ប្រទេស​នោះ នឹងត្រូវ​វិនាស​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​៕

ព័ត៌មានផ្សេងទៀត