មេបក្ស២ថា អ្នកគាំទ្រCNRPត្រូវចាប់ខ្លួន ដោយសារការជឿលង់ មិន​ស្គាល់​ចរិត​លោក​សម​រង្ស៊ី​​

08-10-2019 4:38 pm 515

ប្រធានបក្សយុវជនកម្ពុជា យល់ឃើញ ថា ការអំពាវនាវរបស់លោកសម រង្ស៊ី ឲ្យប្រជាពលរដ្ឋងើបឈរ ផ្ដួលរំលំរាជរដ្ឋាភិបាល គឺជាមូលហេតុធ្វើឲ្យអ្នកគាំទ្ររបស់លោក ទទួលរងនូវការចោទប្រកាន់ និងចាប់ខ្លួនជាបន្ត បន្ទាប់។ រីឯប្រធានបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានលើកឡើង ថា លោកសម រង្ស៊ី នឹងមិនវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះទេ។

លោកពេជ្រ ស្រស់ ប្រធានបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោប ល់ បានលើកឡើង ថា ការអំពាវនាវរបស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលឲ្យប្រជាពលរដ្ឋងើបឈរផ្ដួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាមូលហេតុធ្វើឲ្យអ្នកគាំទ្ររបស់លោក(អ្នកគាំទ្រអតីតCNRP) ទទួលរងនូវការចោទ ប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់។ ការលើកឡើងនេះបន្ទាប់ពីសកម្មជនអតីត បក្សសង្រ្គោះជាតិ ជាច្រើន ត្រូវបានតុលាការចោទប្រកាន់ និងសមត្ថកិច្ចចាប់ខ្លួនពីបទ«រួមគំនិតក្បត់» ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។

លោកពេជ្រ ស្រស់ ប្រធានបក្សយុវជនកម្ពុជា បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុវាយោនៅថ្ងៃនេះ ថា គម្រោងចូលស្រុករបស់លោកសម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋ ក្រោកឈរផ្ដួលរំលំរាជរដ្ឋាភិបាលនោះ គឺជាមូលហេតុដែលនាំឲ្យមានការចាប់ខ្លួន និងការចោទប្រកាន់ លើសកម្មជនអតីតបក្សសង្រ្គោះជាតិ ជាបន្តបន្ទាប់មកនេះ។ មេបក្សយុវជកម្ពុជារូបនេះ បានថ្លែង ថា”ការអំពាវ នាវរបស់លោកសម រង្ស៊ី ជាហេតុធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន រងគ្រោះដោយសារខ្លួន(លោកសម រង្ស៊ី) ដោយមិនមានភាពច្បាស់លាស់ ហើយលោកសម រង្ស៊ី ក៏ជាឃាតករ ជាជនឧក្រិដ្ឋមួយរូបដែរ ដែលធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួនមានគ្រោះថ្នាក់……អញ្ចឹងការអំពាវនាវរបស់លោកសម រង្ស៊ី តាមប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេស និងតាមហ្វេសប៊ុកវាជាហេតុ ធ្វើឲ្យអ្នកដើរតាមខ្លួន មានគ្រោះថ្នាក់ដោយបំពានច្បាប់របស់កម្ពុជា”។

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេសA ឆ្នាំ២០១៩ កាលពីថ្ងៃទី៧ ខែតុលា ថា ការបង្ហោះសារនៅលើហ្វេសប៊ុកដោយអំពាវនាវ ឬចូលរួមក្នុងផែនការរដ្ឋប្រហារ របស់លោក សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ មិនមែនជាការបញ្ចេញមតិនោះទេ ហើយអ្នកទាំងនោះ ក៏នឹងត្រូវចាប់ខ្លួនដែរ។

ចំណែកលោកលោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែរនោះ បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុវាយោFM ថា លោកមិន មានការចាប់អារម្មណ៍ ទៅលើការប្រកាសវិលត្រឡប់ មកកម្ពុជារបស់លោកសម រង្ស៊ីនោះទេ ហើយថា អតីតមេបក្សប្រឆាំងរូបនេះ នឹងមិនវិលត្រឡប់ដូចការសន្យារបស់ខ្លួននោះឡើយ។ មេបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ បានថ្លែងបន្ត ថា ការដែលមានអ្នកគាំទ្រ អតីតបក្សសង្រ្គោះជាតិ ជឿថា លោកសម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកានោះ គឺដោយសារពួកគេ មិនស្គាល់ចរិតរបស់លោកសម រង្ស៊ីច្បាស់។

លោកម៉ម សូណង់ដូ បានលើកឡើងដូច្នេះ ថា”អ្នកគាំទ្រហ្នឹងពូមិនបន្ទោសទេ មកពីគ្នាអត់ដឹង គ្នាអត់យល់ពីចរិតរបស់លោកសម រង្ស៊ី ហើយក៏អត់យល់ស៊ីជម្រៅ ទាក់ទងនឹងរឿងនយោបាយ។ ប៉ុន្ដែទាក់ទងនឹងរឿង សម រង្ស៊ី ដែលថា មកថ្ងៃ៩ហ្នឹង ពូសុំទោស ពូមិនចង់ភ្នាល់ទេ វាគ្មានខ្មោចអីហ្នឹងមកទេ ហើយធ្វើហ្នឹងឲ្យចលាចលសព្វគ្រប់បែបយ៉ាង ចំពោះគេចលាចល ចំពោះពូអត់មានអ្វីទាល់តែសោះ”។ យ៉ាងណាក៏ដោយ លោកស្រីមួរ សុខហួរ អតីតអនុប្រធាន នៃអតីតបក្សសង្រ្គោះជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា”៣៣ថ្ងៃទៀត ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកប្រធានស្តីទី សម រង្ស៊ី នឹងធ្វើមាតុ ភូមិនិវត្តន៍ មកប្រទេសកម្ពុជាវិញ គឺនៅថ្ងៃ៩ វិច្ឆិកា ២០១៩ ដែលជាខួបទី៦៦ នៃទិវាឯករាជ្យជាតិ ដែលកម្ពុជាដណ្ដើម បានពីអាណានិគមនិយមបារាំង”៕

 ពាក្យគន្លឹះ  មេបក្ស២លោកសម រង្ស៊ី

ព័ត៌មានផ្សេងទៀត