ចិន​រិះគន់​បារាំង​និង​EU​ដែល​ប្រតិកម្ម​ពាក់ព័ន្ធ​ការតវ៉ា​នៅ​ហុកុ​ង​

08-10-2019 3:59 pm 146
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួងការបរទេស​បារាំង​កាលពី​ថ្ងៃទី​៣ ខែតុលា​បានបង្ហាញ​ជំហរ​គាំទ្រ សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​សហភាព​អឺរ៉ុប ឆ្លើយតប​នឹង​សកម្មភាព​បង្ក្រាប​របស់​ប៉ូលិស ដែល​បាន​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត បាញ់​លើ​បាតុករ​ហុងកុង​។ សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​នេះ បាន​ស្នើឲ្យ​អាជ្ញាធរ​ហុងកុង​បង្ហាញ​ការអត់ធ្មត់ និង​ប្រើ​ចំណាត់ការ​ផ្សេងទៀត ដើម្បី​ទប់​ទល់នឹង​ក្រុមបាតុករ ហើយ​គួរផ្តោត​សំខាន់ លើ​កិច្ចសន្ទនា​នយោបាយ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ស្ថានទូត​ចិន​ប្រចាំ​នៅ​ទី​ក្រុងប៉ារីស បានចេញ​សេចក្តីថ្លែងការណ៍​រិះគន់ បារាំង​និង​សហភាព​អឺរ៉ុប ដោយបាន​ហៅ​ទង្វើ​នេះ ថា​មាន​ចរិត​លាក់ពុត​។ ចិន​បាន​សម្តែង​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង ហើយ​ប្រាប់​ទៅ​បារាំង ដែល​ក្នុងនាម​ជា​ប្រទេស​ធ្លាប់​ជួបប្រទះ ការតវ៉ា​ស្រដៀង​គ្នា​នេះ ឲ្យ​យល់​ចិត្តថ្លើម​ចិន ដូចដែល​ចិន​បានបង្ហាញ​ស្មារតី​យល់ចិត្ត​ចំពោះ​បារាំង​ក្នុង​គ្រាកន្លងមក​។ ចំណុច​នេះ ចិន​ចង់​សំដៅលើ​ប៉ូលិស​បារាំង ដែល​ប្រើ​វិធានការ​បង្ក្រាប​លើ​ក្រុមបាតុករ អាវកាក់​ពណ៌​លឿង នៅក្នុង​ការតវ៉ា​កន្លងទៅ ដែល​កាលនោះ​បារាំង​ក៏​រង​នូវ​ការរិះគន់​មិន​ស្ទើរដែរ​ពី​មជ្ឈដ្ឋាន​អន្តរជាតិ ប៉ុន្តែ​ចិន​មិន​លូកដៃ​ឆឺ​ឆ្អាល​ដូច​ប្រទេស​ដទៃ​ឡើយ​។​

​ប៉ុន្តែ​ផ្ទុយទៅវិញ​បារាំង​បាន​គាំទ្រ សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប ដែល​សំដែង​ការកោតសរសើរ​ជា​សាធារណៈ ចំពោះ​ការរំលោភបំពាន​របស់​ក្រុម​កុបករ ហើយ​រិះគន់​វិធានការ​ការពារ​ខ្លួន​របស់​ប៉ូលីស​ហុងកុង ដែល​ធ្វើឡើង​ដើម្បី​ការពារ​អាយុជីវិត​របស់​ពួកគេ ប្រឆាំងនឹង​ការឈ្លានពាន​របស់​ក្រុមបាតុករ​។ ចិន​បាន​និយាយ​ការពារ​ចំណាត់ការ​របស់​អាជ្ញាធ​រ ដោយបាន​ពណ៌នា​ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅក្នុង​ការតវ៉ា​កាលពី​ថ្ងៃទី ១ ខែតុលា ថា​ប៉ូលិស​ត្រូវតែមាន​វិធានការ​ម៉ឹងម៉ាត់ ដើម្បី​ធ្វើឲ្យមាន​ស្ថិរភាព​នៃ​រដ្ឋាភិបាល​កណ្តាល​។​

​គួរ​ជម្រាបជូន​ផងដែ​រថា មន្ត្រី​បារាំង បាន​ព្យាយាម​រក្សា​ប្រតិកម្ម​ជា​ផ្លូវការ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដើម្បី​ចៀសវាង​ទំនាក់ទំនង​កាន់តែ​អាក្រក់​ជាមួយ​ប្រទេស​ចិន មុនពេល​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ​នៅ​ប្រទេស​ចិន​។ យ៉ាងណាក៏ដោយ​នៅតែ​ចៀស​មិន​ផុតពី​ការ​ប៉ះពារ​ពាក្យសំដី​គ្នា​ដដែល ដោយសារតែ​កា​តវ៉ា​នៅក្នុង​ហុងកុង អូសបន្លាយ​អស់​រយៈពេល​ជិត​៤​ខែ​បាន​រី​ករាល​ដា​ជា​អំពើហិង្សា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​៕

ព័ត៌មានផ្សេងទៀត