​លោក​ហ៊ុន សែន​​ប្រាប់​សមាគម​ត្រកូល​«​ហ៊ុន​»​​រឿង​ស្នើ​ថ្នាក់ដឹកនាំ​ចិន​​៣​ចំណុច​​

08-10-2019 3:34 pm 554

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា កន្លងមក​លោក​បានស្នើ​ទៅ​ថ្នាក់ដឹកនាំ​ចិន​ចំនួន​៣​ចំ​ណុ​ចំ​សំខាន់ៗ និង​បាន​ប្រាប់​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន អំពី​មូលហេតុ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​លុបចោល​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ ហើយក៏​បាន​ជំរុញ​ឲ្យ​សហគ្រិន​ចិន មក​វិនិយោគ មក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​កុំ​មាន​ការភ័យព្រួយ​ចំពោះ​ចំណុច​ណា​នៅ​ប្រទេស​កម្ពុជា​ឲ្យសោះ​។

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាតឱ្យ​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន ចូលជួប និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​។ ក្នុងជំនួប​នោះ លោក ហ៊ុន សែន បាន​រៀបរាប់​ប្រាប់​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន ថា​មាន​ជា​យូរលង់​ណាស់​មកហើយ ដោយ​ប្រកាន់យក​នយោបាយ​ចិន​តែមួយ ដែល​គោលនយោបាយ​ចិន​តែមួយ​នេះ គឺ​កម្ពុជា​បានចាប់ផ្តើម​តាំងពី​សម័យ សម្ដេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្ដម សីហនុ មក​ម្លេះ​។​

​លោក ហ៊ុន សែន បាន​បញ្ជាក់ថា សហគ្រិន​ដែល​មកពី​ប្រទេស​ចិន​គឺ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​ចិន សុទ្ធតែ​អ្នកវិនិយោគ​សំខាន់ៗ ដែល​មក​សិក្សា​អំពី​សក្តានុពល និង​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នា​នោះ​លោក ហ៊ុន សែន ក៏បាន​ប្រាប់​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន ថា កន្លងមកនេះ លោក​បានស្នើ​ទៅ​ថ្នាក់ដឹកនាំ​ចិន ជាពិសេស​លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន និង​នាយករដ្ឋមន្ត្រី​ចិន​លោក លឺ ខឺ​ឈាង នៅក្នុង​៣​ចំណុច​សំខាន់ ដោយ​ក្នុងនោះ​រួមមាន​៖

​ទី​១. សូមឲ្យ​ក្រុម​ហ៊ុនចិន​ដែល​កំពុង​ដាក់ទុននៅ​កម្ពុជា​បន្ត វិនិយោគ​នៅ​កម្ពុជា ទោះបីជា​មានការ​បញ្ហា​អ្វី ក៏ដោយ ជាពិសេស​ការដក EBA ពី​កម្ពុជា​ក៏ដោយ គឺ​លោក​ស្នើសុំ​ឲ្យ​ចិន នៅតែ​បន្តធ្វើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្តទៀត 

​ទី​២. លោក ហ៊ុន សែន បានលើកឡើង​ពាក់ព័ន្ធ​នឹង​ការធ្វើ​យ៉ាងណា ឲ្យ​ពាណិជ្ជករ​អ្នកវិនិយោគ​ចិន​ថ្មី​របស់​ចិន មក​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា​បន្ថែម ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា គឺ​មានន័យថា​ថែរក្សា​ចាស់ និង​បង្កើន​ការវិនិយោគ​ថ្មី​

​និង​ទី​៣. លោក ហ៊ុន សែន បានស្នើ​ទៅ​ថ្នាក់ដឹកនាំ​ចិន ត្រូវ​ធ្វើយ៉ាងណា​បន្ត​បើក​ទីផ្សារ​ចិន​ឲ្យ​កាន់តែ​ធំ​ជាង​មុន​សម្រាប់​ការ​នាំចូល​ផលិតផល​កសិផល​របស់​ប្រទេស​កម្ពុជា​ទៅ​ទីផ្សា​ររបស់​ប្រទេស​ចិន​។​

​ក្នុងជំនួប​នោះដែរ លោក ហ៊ុន សែន ក៏បាន​គូសបញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​រាជរដ្ឋាភិបាល​បាន​លុបចោល​នូវ online casino លើ​ប្រទេស​កម្ពុជា ដោយ​អះអាងថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​ប្រកាន់យក​សេដ្ឋកិច្ច​ទីផ្សារសេរី ក៏ប៉ុន្តែ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​មិន​ពឹងផ្អែក​លើ​កាស៊ីណូ​អន​ឡាញ​ទេ ប៉ុន្តែ​ពឹងផ្អែក​ទៅលើ​កត្តា​ជាច្រើន​នៅក្នុង​មូលដ្ឋាន​សេដ្ឋកិច្ច ដូច្នេះ​គឺ​យើង​ធ្វើយ៉ាងណា​ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ច្បាស់លាស់ មក​វិនិយោគ​ទៅលើ​វិស័យ​ផ្សេងៗ​ទៀត មិនមែន​តែ​ពឹងផ្អែក​ទៅលើ​កាស៊ីណូ​អន​ឡាញ​នោះទេ​។ លោក​ហ៊ុន សែន អះអាង​ទៀតថា កម្ពុជា​បាន​យកពន្ធ​តិចតួច​ណាស់​តាមរយៈ​កាស៊ីណូ​អន​ឡាញ​នេះ ហើយ​កាស៊ីណូ​អន​ឡាញ​នេះ ក៏​នាំមក​នូវ​ការ​ប្រឈម​ដូចជា ឧក្រិដ្ឋកម្ម កា​លាងលុយកខ្វក់​ជាដើម ដែល​អាចធ្វើ​ប៉ះពាល់​ដល់​សង្គម​ផងដែរ​។​

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន មាន​លក្ខណៈ​កើនឡើង​ជា​បន្តបន្ទាប់ ដែល​ចំនួន​នេះ​គោលដៅ​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ដល់​ឆ្នាំ​២០២២ អាច​កើនឡើង​រហូតដល់​ទៅ​១០​ពាន់​លាន​ដុល្លារ​។ លោក ហ៊ុន សែន ​ក៏បាន​និយាយ​ទាក់ទង​នឹង​យន្តការ​ដែល​កម្ពុជា កំពុងតែ​សហការ​នឹង​ចិន​ទៅលើ​ចំនុច​សំខាន់ៗ ដូចជា នៅក្នុង​អនុតំបន់ គឺ​កិច្ចសហប្រតិបត្តិកា​រលើ​មេគង្គ​ឡាន​ឆាង ក្នុង​អនុតំបន់​មេគង្គ​អាស៊ាន​ចិន និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ជាដើម​។​

​លោក ហ៊ុន សែន បាន​គូសបញ្ជាក់​ប្រាប់​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន ថា​បច្ចុប្បន្ននេះ យើង​នៅមាន​សក្កដានុពល​ជាច្រើន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដោយសារ​កន្លងមកនេះ​យើង​មាន​រួចទៅហើយ​នៅ​តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន និង​ចិន​-​អាស៊ាន តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន​-​ចិន ដែល​យើង​គួរតែ​មើល​នៅ​សក្តានុពល​ដែល​អាច​នាំចេញ​ផលិតផល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​។ លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​សហគ្រិន​ចិន​មក​វិនិយោគ មក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​កុំ​មាន​ការភ័យព្រួយ​ចំពោះ​ចំណុច​ណា​នៅ​ប្រទេស​កម្ពុជា​ឲ្យសោះ ដោយសារតែ​ចិន និង​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ មាន​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៅហើយ​៕

ព័ត៌មានផ្សេងទៀត