លោកម៉ម សូណង់ដូ ៖លោកសម រង្ស៊ី នឹងមិនត្រឡប់មកម្ពុជាវិញនៅថ្ងៃ៩ វិច្ឆិកាទេ

08-10-2019 3:25 pm 1548

លោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានលើកឡើង ថា លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង នឹងមិនវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ តាមការប្រកាសរបស់ខ្លួនឡើយ។ ការ​លើក​​ឡើងនេះ បន្ទាប់ពីលោកសម រង្ស៊ី និងថ្នាក់ដឹកនាំ នៃអតីតបក្សសង្រ្គោះជាតិ នៅតែប្រកាស ថា នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

លោកម៉ម សូណង់ដូ បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុវាយោFM ថា លោកមិនមានការចាប់អារម្មណ៍ ទៅលើការប្រកាសវិលត្រឡប់ មកកម្ពុជារបស់លោកសម រង្ស៊ីនោះទេ ហើយថា អតីតមេបក្សប្រឆាំងរូបនេះ នឹង​មិន​វិលត្រឡប់ដូចការសន្យារបស់ខ្លួននោះឡើយ។ មេបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានថ្លែងបន្ត ថា ការដែលមានអ្នកគាំទ្រ អតីតបក្សសង្រ្គោះជាតិ ជឿថា លោកសម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៩ ខែ​វិច្ឆិកានោះ គឺដោយសារពួកគេ មិនស្គាល់ចរិតរបស់លោកសម រង្ស៊ីច្បាស់។

លោកម៉ម សូណង់ដូ បានលើកឡើងដូច្នេះ ថា”អ្នកគាំទ្រហ្នឹងពូមិនបន្ទោសទេ មកពីគ្នាអត់ដឹង គ្នាអត់យល់ពីចរិតរបស់លោកសម រង្ស៊ី ហើយក៏អត់យល់ស៊ីជម្រៅ ទាក់ទងនឹងរឿងនយោបាយ។ ប៉ុន្ដែទាក់ទងនឹងរឿង​សម រង្ស៊ី ដែលថា មកថ្ងៃ៩ហ្នឹង ពូសុំទោស ពូមិនចង់ភ្នាល់ទេ វាគ្មានខ្មោចអីហ្នឹងមកទេ ហើយធ្វើហ្នឹងឲ្យចលាចលសព្វគ្រប់បែបយ៉ាង ចំពោះគេចលាចល ចំពោះពូអត់មានអ្វីទាល់តែសោះ”។ យ៉ាងណាក៏ដោយលោក​ស្រីមួរ សុខហួរ អតីតអនុប្រធាន នៃអតីតបក្សសង្រ្គោះជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា”៣៣ថ្ងៃទៀត ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកប្រធានស្តីទី សម រង្ស៊ី នឹងធ្វើមាតុភូមិ​និវត្ត​ន៍ មកប្រទេសកម្ពុជាវិញ គឺនៅថ្ងៃ៩ វិច្ឆិកា ២០១៩ ដែលជាខួបទី៦៦ នៃទិវាឯករាជ្យជាតិ ដែលកម្ពុជាដណ្ដើម បានពីអាណានិគមនិយមបារាំង”៕

ព័ត៌មានផ្សេងទៀត