៨​ខែ​ដើមឆ្នាំ​នេះ​កម្ពុជា​ទទួល​ភ្ញៀវ​ទេសច​រ​ជាង​៤​លាន​នាក់​

08-10-2019 1:45 pm 182

​តាម​របាយការណ៍​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍​បានបញ្ជាក់​ថា​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា​ទាំងមូល​ទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ចំនួន ៤,៣៦០,៣៩៧​នាក់ កើនឡើង​១០.៤% បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ខណៈ​ប្រជាជន​កម្ពុជា​ជាង​១​លាន​នាក់​ទៅ​កម្សាន្ត​ក្រៅប្រទេស​។ 

​បើ​តាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍ ភ្ញៀវទេសចរ​ចូល​តាម​ផ្លូវអាកាស​មាន​ចំនួន ៣,១០៤,៤៨៩​នាក់ ស្មើនឹង ៧១.២% នៃ​ចំនួន​ភ្ញៀវ​សរុប កើន​១៦.៦% ក្នុង​នោះ​ចូល​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំនួន ១,៤២៧,៤៨៧​នាក់ កើន​១៤.៧% តាម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ១,១៨៨,២៥៤​នាក់ ថយចុះ​៩.១% និង​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​ចំនួន ៤៨៨,៧៤៨​នាក់ កើនឡើង ៣៤.៣៥%​។​

​ទន្ទឹមនឹងនេះ ភ្ញៀវទេសចរ​ដែល​ចូល​មក​តាម​ផ្លូវគោក​មាន​ចំនួន​១,១៦០,៧៤៦​នាក់ ស្មើនឹង ២៦.៦% នៃ​ចំនួន​សរុប ថយចុះ​២.៩% និង​ភ្ញៀវទេសចរ​ចូល​តាម​ផ្លូវ​ទឹក​មាន​ចំនួន ៩៥,១៦២​នាក់ ស្មើនឹង ២.២% នៃ​ចំនួន​សរុប កើនឡើង​២.៩%​។​

​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផ្ទៃក្នុង ដែល​ទៅ​ទស្សនា​តំបន់​អាទិភាព​នៅក្នុង​រយៈ​៨​ខែ​ដើមឆ្នាំ​នេះ​មាន​ដូចជា​ទីក្រុង​ភ្នំពេញ ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ២,៨០៨,៥៦១​នាក់ ស្មើនឹង​៥៣.៨% នៃ​ចំនួន​ភ្ញៀវ​សរុប កើនឡើង​២៧.៤%​។​សៀមរាប​អង្គរ ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ១,៥៥១,៨៣៦​នាក់ ស្មើនឹង​២៩.២% នៃ​ចំនួន​ភ្ញៀវ​សរុប ថយចុះ​១១.១%​។ តំបន់​ឆ្នេរសមុទ្រ ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៨០៤,៥៣៧​នាក់ ស្មើនឹង​១៥.២% កើនឡើង​៣៦.៥%​។​តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឥ​សាន្ត ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៥៦,៧២៣​នាក់ ស្មើនឹង​១.១% កើនឡើង​៩.១%​។ តំបន់​ប្រាសាទ​ព្រះវិហារ ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចំនួន​៣៦,៩៥៧​នាក់ ថយចុះ​៣.៣%​។​

​គួរ​រលឹក​ផងដែរ​ថា កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៦​លាន​នាក់​នៅក្នុង​ឆ្នាំ​២០១៨ ខណៈ​៨​ខែ ដើមឆ្នាំ​២០១៩​នេះ មាន​ភ្ញៀវ​ទេសចរ​កម្ពុជា​ចេញ​ទៅ​ក្រៅប្រទេស​ចំនួន ១,៣៤៧,០៦០​នាក់ កើនឡើង​៤.៧% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត