លោកទៀ បាញ់ ប្រាប់ឲ្យកងកម្លាំងត្រៀមទប់ស្កាត់ រាល់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ

08-10-2019 8:16 am 283

លោកទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានណែនាំកងកម្លាំងទាហានត្រូវត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងទប់ស្កាត់រាល់សកម្មភាពប៉ុនប៉ង ផ្ដួលរំលំរាជរដ្ឋាភិ បាលកម្ពុជា។ លោកទៀ បាញ់ បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃទី៨ ខែតុលានេះ ថា”កងយោធពលខេមរភូមិន្ទ ត្រូវត្រៀមលក្ខណៈឲ្យបានស្រេច ដើម្បីអនុវត្តបទបញ្ជាថ្នាក់លើក្នុងការការពារ និងទប់ស្កាត់ រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត”។

លោកហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ឆ្នាំ២០១៩ កាលពីថ្ងៃទី៧ ខែតុលា បានថ្លែង ថា ករណីលោកសម រង្ស៊ី វិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដែលអំពាវនាវឲ្យកងទ័ព ផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួន ដោយមានថវិកាលើកទឹកចិត្តមួយចំនួននោះ គឺឆ្លងផុតបន្ទាត់ក្រហមហើយ ដូច្នេះភារកិច្ចនេះ លោកទៀ បាញ់ រដ្ឋមន្រ្ដីក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ត្រូវត្រៀមខ្លួនដើម្បីការពារ និងទប់ស្កាត់ រាល់ការធ្វើរដ្ឋប្រហារប៉ុនប៉ងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។

លោកទៀ បាញ់ កាលពីថ្ងៃទី៧ ខែតុលា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការបោកប្រាស់របស់ជនខិលខូចមួយចំនួន ដែលមានចេតនាយ កប្រជាពលរដ្ឋធ្វើជាខែល ដោយមិនខ្វល់ខ្វាយអំពីសុខទុក្ខ និងអាយុជីវិតរបស់ពលរដ្ឋ ដើម្បីការពារនូវអំពើល្មើសច្បាប់របស់ពួកគេ ជាពិសេស ការចូលរួមទទួលដំណើរក្រុមរបស់លោកសម រង្ស៊ី ដែលជាទង្វើល្មើសច្បាប់។ សូមជម្រាប ថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធយ៉ាងដាច់អហង្ការ ថា ការវិលត្រឡប់របស់លោកសម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ មិនមែនជាការធ្វើរដ្ឋប្រហារផ្ដួល រំលំរាជរដ្ឋាភិបាលនោះទេ។ សេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ ថា”គណបក្សសង្រ្គោះជាតិ ប្រកាន់ភ្ជាប់ និងគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រឆាំងដាច់ ខាត​ចំពោះការធ្វើរដ្ឋប្រហារ ហើយបេសកកម្មនយោបាយ របស់គណបក្សសង្រ្គោះជាតិ គឺសន្តិភាព និងការផ្សះផ្សារ ភាពរុងរឿង និងសេចក្ដីថ្លៃថ្នូរ សាមគ្គីភាព និងការរួបរួមជាកម្លាំង”៕

 

ព័ត៌មានផ្សេងទៀត