ក្នុងជំនួបពិភាក្សាការងារជាមួយលោក Kanji KATO អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន នៅរសៀលថ្ងៃទី៧ តុលា លោករដ្ឋមន្ត្រីវេង សាខុន បានស្នើភាគីជប៉ុនពន្លឿនលើសំណើរបស់កម្ពុជា ក្នុងការនាំចេញផលិតផលស្វាយ និងផលិតផលផ្លែឈើដទៃទៀត ទៅកាន់ទីផ្សារជប៉ុន ...
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាបានថ្លែងថា ថ្មីៗនេះ អង្គការJICAរបស់ជប៉ុន បានជួយបង្កើតមជ្ឈមណ្ឌលពិសោធន៍សារធាតុគីមីនិងវេចខ្ចប់បន្លែសុវត្ថិភាព វ៉ាក់សាំងការពារជំងឺអុតក្តាមនិងការងារពង្រីកសហគមន៍កសិកម្ម ជាងនេះទៅទៀត ជប៉ុនបានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿងស្រស់របស់កម្ពុជាទៅកាន់ទីផ្សារជប៉ុនផងដែរ ។
លោក វេង សាខុន បន្តថា ចំពោះផលិតផលស្វាយ កម្ពជាបានកំពុងខិតខំជំរុញការងារបច្ចេកទេស គុណភាព សុវត្ថិភាព និងស្តង់ដារ ធ្វើយ៉ាងណាឱ្យផលិតផលស្វាយកម្ពុជា អាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារធំៗបី គឺចិន កូរ៉េ និងជប៉ុននៅពេលអនាគត ។
លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីជប៉ុន ជួយពិនិត្យពិចារណា ពន្លឿនសំណើរបស់ភាគីកម្ពុជា លើការនាំចេញផលិតផលស្វាយស្រស់ និងផ្លែឈើផ្សេងៗទៀតទៅកាន់ទីផ្សារជប៉ុន ។
លោកអនុរដ្ឋមន្ត្រី Kanji KATO បានប្រាប់ថា ករណីផលិតផលស្វាយ ជប៉ុនបានកំពុងពិនិត្យពិចារណា ហើយនឹងឆ្លើយតបមកកម្ពុជាវិញនៅចុងឆ្នាំនេះ ដោយឡែក ផលិតផលផ្លែឈើផ្សេងៗទៀត ភាគីជប៉ុននឹងពិចារណាតាមសំណើសុំរបស់កម្ពុជា ៕