លោក​ហ៊ុន សែន​៖ បង្ហោះ​តែ​Facebook​ចូល​ក្នុង​យុទ្ធនាការ​ម្រាមដៃ ក៏​ត្រូវ​ចាប់ខ្លួន​ដែរ​

07-10-2019 5:24 pm 3388
  ស្តាប់
ស្តាប់ជាសំឡេង

​ជាថ្មី​ម្តងទៀត លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​នឹង​មិន​អត់ឱន​ដល់​ជន​ណា ដែល​ចូលរួម​យុទ្ធនាការ​ម្រាមដៃ​៩ ដែល​ជា​ការចូលរួម​អំ​ពើ​ក្បត់ជាតិ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល តាមរយៈ​កងកម្លាំងប្រដាប់អាវុធ​។ បង្ហោះ​តែ Facebook ចូល​ក្នុង​យុទ្ធនាការ​នេះ ក៏​ត្រូវតែ​ចាប់ខ្លួន​ដែរ ព្រោះ​នេះ​មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​នោះទេ តែ​ជា​ការចូលរួម​អំពើ​ក្បត់​។​

​សំឡេង​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​សិស្ស​និទ្ទេស A ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព នា ថ្ងៃទី​០៧ ខែតុលា លោកនាយក​រដ្ឋមន្ត្រី បាន​ព្រមាន​ទៀតថា សំណាញ់​ច្បាប់​គឺ​ញឹក​ណាស់ ហើយ​មិន​ប្រាកដថា អ្នក​នៅ​ក្រៅប្រទេស មាន​សុវត្ថិភាព​នោះទេ ឲ្យតែ​ហ៊ាន​ប្រព្រឹត្ត​ខុសច្បាប់ ព្រោះ​កម្ពុជា​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ​។​

សំឡេង

​គិត​ត្រឹម​ដើមខែ​តុលា ឆ្នាំ​២០១៩​នេះ អតីត​សកម្មជន និង​អ្នកគាំទ្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជិត​៤០​នាក់ ត្រូវបាន​ចាប់ និង​ឃុំខ្លួន ពាក់ព័ន្ធ​នឹង​សកម្មភាព របស់​ពួកគេ ព្រមទាំង​គូកន បាន​កៀងគរ និង​បំផុស​ឲ្យ​មហាជន ចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ឧបាយកល​ជា​«​ផែនការ​នៃ​ការវិលត្រឡប់​មក​កម្ពុ​ជា​វិញ​របស់​លោក​សម រង្ស៊ី​»​ដោយ​អនុវត្ត​តាម​ការអំពាវនាវ​របស់​លោក​សម រង្ស៊ី​។​

​លោក​ហ៊ុន សែន ធ្លាប់​បាន​ចំអក​ថា បើ​អ្នក​ទាំងអស់​នោះ​ពិតជា​ក្លាហាន ធ្វើ​យុទ្ធនាការ​ម្រាមដៃ​៩​ពិតប្រាកដ​មែន​នោះ គួរ​កាត់​ម្រាមដៃ​ខ្លួនឯង​ចោល​មួយ​ទៅ ព្រោះថា ធម្មជាតិ​បង្កើត​មនុស្ស​មក ឲ្យមាន​ម្រាមដៃ​១០ មិនមែន​៩​នោះទេ​។​

​នាយក​រដ្ឋមន្ដ្រី​របស់​កម្ពុជា មានប្រសាសន៍ថា សកម្មភាព​របស់​ជន​ក្បត់ជាតិ សម រង្ស៉ី ឈាន​ចូលដល់​ការធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រដ្ឋ និង​ប្ដូរ​របប ដូច្នេះ​ហើយ​អ្នក​ក្នុង​ស្រុក​ទាំងអស់ កុំ​ព្រហើន​ឲ្យសោះ បើសិនជា​ហ៊ាន​មែន ក៏​ត្រូវតែ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដូច​គ្នា​ផង​ដែរ ខណៈ​អ្នកចូលរួម​កន្លងមក ក៏​ត្រូវបាន​ចាប់ខ្លួន​ជា​បន្ដបន្ទាប់​ផង​ដែរ​។​

​លោកស្រី មូរ សុខ​ហួរ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​លីកាដូ ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការចាត់វិធានកា​ររ​បស់​រដ្ឋាភិបាល​នេះ ជា​ការគំរាមកំហែង​ដល់​សិទ្ធិសេរីភាព ក្នុង​ការបញ្ចេញមតិ​ដោយ​សន្តិវិធី និង​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​ច្បាប់ តែ​ជា​រឿង​នយោបាយ​ទៅវិញ​ទេ​។​

អតីតមន្ត្រី​គណបក្សប្រឆាំង បានបញ្ជាក់​ថា ពលរដ្ឋ​មាន​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ សិទ្ធិ​ទទួល​ការ​រ៉ាប់រង​ដោយ​សង្គម សិទ្ធិ​ធ្វើ​បាតុកម្ម និង​កូដកម្ម​ដោយ​សន្តិវិធី​។​

​គួរបញ្ជាក់​ថា តាម​មាត្រា ៤៥១ និង​មាត្រា ៤៥២ នៃ​ក្រម​ព្រហ្មទណ្ឌ​បុគ្គលិក​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​«​បទ​ឧបឃាត​» ត្រូវ​ដាក់​ពន្ធនាគារ​ពី ១៥​ឆ្នាំទៅ​៣០​ឆ្នាំ ហើយ​ប្រសិនបើ​ជនល្មើស​ជា​អ្នករាជការ​សាធារណៈ​ទោស ត្រូវ​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​។​

​បុគ្គល​ដែល​ត្រូវ​ជាប់ចោទ​ពី «​បទ​រួមគំនិត​ក្បត់​» តាម​ត្រា​៤៥៣​នៃ​ក្រម​ព្រហ្មទណ្ឌ ត្រូវ​ផ្តន្ទាទោស​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ ហើយ​បើ​បុគ្គល​នោះ ជា​មន្ត្រី​សាធារណៈ ត្រូវ​ជាប់​ទោស​ពី​១០​ឆ្នាំ ទៅ ២០​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត