វិបត្ដិ​បាតុកម្ម​​នៅ​អ៊ីរ៉ាក់​​កំពុង​ដាក់បន្ទុក​​រដ្ឋាភិបាល​​ខណៈ​មនុស្ស​ស្លាប់​​កើនឡើង​

07-10-2019 4:48 pm 180

​ចលនា​តវ៉ា​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​ដែល​ផ្ទុះឡើង​តាំងពី​ថ្ងៃទី​០១​តុលា កំពុង​ធ្វើឲ្យ​រដ្ឋាភិបា​លរបស់​លោកនាយករ​ដ្ឋ​មន្ដ្រី​Adil Abdul-Mahdi​ឈឺក្បាល​ជាខ្លាំង​។ ឈឺក្បាល​ព្រោះ​ការតវ៉ា​ប្រែក្លាយជា​អំពើហិង្សា មានការ​ដុតបំផ្លាញ​ទ្រព្យ​សម្បត្ដិ​សាធារណៈ បង្ក​អសន្ដិសុខ ជាពិសេស​គឺ​ធ្វើឲ្យ​មនុស្ស​ស្លាប់​និង​របួស​កើនឡើង​ជា​បន្ដបន្ទាប់​។ គិត​ត្រឹម​ពេលនេះ​មនុស្ស​ជាង​១០០​នាក់​ហើយ​បាន​ស្លាប់ និង​របួស​ចំនួន​ជាង​៦​ពាន់​នាក់ ដោយ​ក្នុងនោះ​ក៏មាន​កងកម្លាំង​សន្ដិសុខ​ផងដែរ​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់​ឲ្យដឹងថា ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់​១០៤​នាក់ ក្នុងនោះ​មាន​កង​ម្លាំង​សន្ដិសុខ​៨​នាក់​។ ចំណែក​មនុស្ស​របួស​មា​ន​ចំនួន​៦,១០៧​នាក់ ដោយ​តែ​អំពើហិង្សា​អមដោយ​បាតុកម្ម​របស់​ប្រជាជន​។ ក្នុងចំណោម​មនុស្ស​របួស​មាន​១,២៤១​នាក់​ជា​កង​ម្លាំង​សន្ដិសុខ ហើយ​រថយន្ដ​ជាង​៥០​គ្រឿង​ត្រូវបាន​ដុតបំផ្លាញ​។ 

​កាលពី​ថ្ងៃទី​០៦​តុលា​មាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្ដ​សញ្ញាណ​ម្នាក់ វាយប្រហា​រលើ​ការិយាល័យ​របស់​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​និង​បរទេស និង​ការិយាល័យ​ទូរទស្សន៍​របស់​អា​រ៉ាប៊ីសាអូឌីត​ប្រចាំ​នៅ​អ៊ីរ៉ាក់​ផងដែរ​។ ការស៊ើបអង្កេត​កំពុង​បន្ដធ្វើ​ជុំវិញ​ការវាយប្រហារ​នេះ ខណៈ​ការិយាល័យ​គណបក្ស​ចំនួន​៨ ត្រូវបាន​ដុតបំផ្លាញ​ដោយ​ក្រុមបាតុករ​ដែលមាន​កំហឹង​។ រីឯ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ចំនួន​ចំនួន​ពីរ​ក៏​ត្រូវបាន​ដុតបំផ្លាញ​ផងដែរ​។​

​មូលហេតុ​ចម្បង​នៃ​ការតវ៉ា​របស់​ក្រុមបាតុករ​អ៊ីរ៉ាក់ ដើម្បី​ប្រឆាំងនឹង​ភាព​អត់​ការងារ​ធ្វើ សេវាសាធារណៈ​មិនល្អ និង​ប្រឆាំង​អំពើពុករលួយ​នៅ​ក្នុងប្រទេស​។ ពួកគេ​ទាមទា​រឲ្យរដ្ឋាភិបាល​បច្ចុប្បន្ន​ជួយ​ស្វែងរក​ដំណោះស្រាយ ធ្វើ​យ៉ាងណាឲ្យ​ប្រជាជន​រស់នៅ​បាន​សមរម្យ មាន​ការងារ​ធ្វើ​គ្រប់គ្រាន់​។ ការតវ៉ា​លើក​នេះ​គឺជា​ភាពចលាចល​ដ៏​សាហាវ​បំផុត​ចាប់តាំងពី​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​ចាញ់​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០១៧​។ វា​ក៏​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល​ដ៏​ផុយស្រួយ របស់លោក​នាយករដ្ឋមន្ដ្រី​Adil Abdul-Mahdi​ផងដែរ​៕

 ពាក្យគន្លឹះ  អ៊ីរ៉ាក់ការតវ៉ា

ព័ត៌មានផ្សេងទៀត