ភ្លាមៗបន្ទាប់ពីមន្ដ្រីកូរ៉េខាងជើងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាស្ដីពីការរំលាយនុយក្លេអ៊ែរជាមួយអាមេរិកត្រូវបរាជ័យ កូរ៉េខាងជើងក៏បានចេញមុខបកស្រាយ។ អាមេរិកបានច្រានចោលការលើកឡើងរបស់កូរ៉េខាងជើង ហើយនិយាយផ្ទុយពីកូរ៉េខាងជើងថា កិច្ចពិភាក្សាពិតជាដំណើរការយ៉ាងល្អប្រសើរ។
កិច្ចពិភាក្សារវាងមន្ដ្រីជាន់ខ្ពស់តំណាងប្រទេសទាំងពីរ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី០៥តុលានៅក្នុងប្រទេសស៊ុយអែត ដោយរំពឹងយ៉ាងមុតមាំថាអាចបញ្ចប់ភាពជាប់គាំងបាន។ ប៉ុន្ដែមន្ដ្រីកូរ៉េខាងជើងបានប្រកាសថា គ្មានលទ្ធផលអ្វីវិជ្ជមានទេដោយសារមន្ដ្រីអាមេរិក មិនបានផ្លាស់ប្ដូរអាកប្បកិរិយាចាស់របស់គេ។ ប៉ុន្ដែភ្លាមៗក្រសួងការបរទេសអាមេរិកបានចេញសេចក្ដីថ្លែងការណ៍មួយថា ការអះអាងពីមន្ដ្រីកូរ៉េខាងជើងពិតជាមិនឆ្លើយតបនឹងកិច្ចពិភាក្សា៨ម៉ោងកន្លះទេ។ អាមេរិកបានពាំនាំនូវគំនិតល្អៗហើយកិច្ចពិភាក្សាជាមួយកូរ៉េខាងជើងក៏ដំណើរការល្អដែរ។
គួរបញ្ជាក់ដែរថា កិច្ចពិភាក្សាជាថ្មីនេះគឺជាកិច្ចពិភាក្សាផ្លូវការលើកដំបូង ចាប់តាំងពីលោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុនបានជួបគ្នានៅព្រំដែនកូរ៉េកាលពីខែមិថុនា។ កាលនោះមេដឹកនាំទាំងពីរបានព្រមព្រៀងឲ្យមានកិច្ចចរចាជាថ្មី ហើយអាមេរិកបានព្យាយាមយ៉ាងខ្លាំងដើម្បីនាំកូរ៉េខាងជើងចូលតុចរចា។ ទីបំផុតកូរ៉េខាងជើងក៏សម្រេចជួបជាមួយអាមេរិក កាលពីថ្ងៃទី០៥ខែតុលា៕