អង្គការសហប្រជាជាតិបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវអំពើហិង្សាសម្លាប់ជីវិតមនុស្សដែលមិនដឹងអីដូច្នេះ ក្រោយពីការតវ៉ាដោយហិង្សាសម្លាប់មនុស្សជិត១០០នាក់។ ក្រុមបាតុករនិយាយថាពួកគេតវ៉ា ដើម្បីប្រឆាំងនឹងភាពអត់ការងារធ្វើ សេវាសាធារណៈមិនល្អ និងប្រឆាំងអំពើពុករលួយនៅក្នុងប្រទេស។ ជុំវិញការតវ៉ាប្រធានបេសកកម្មផ្ដលជំនួយ របស់អង្គការសហប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់ បាននិយាយថាក្នុងរយៈពេល៥ថ្ងៃដែលមានមនុស្សស្លាប់និងរបួសនេះ ល្មមដល់ពេលត្រូវបញ្ឈប់ហើយ។ អ្នកដែលបង្កឲ្យមនុស្សស្លាប់ត្រូវតែនាំយកមកកាត់ទោស។
សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កងកម្លាំងសន្ដិសុខបានបំបែកការតវ៉ាមួយទៀតនៅខាងកើតទីក្រុងបាដាដ ដែលបណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់បាត់បង់ជីវិត។ គិតត្រឹមពេលនេះមនុស្សយ៉ាងតិចណាស់៩៩នាក់ហើយបានស្លាប់ និងរបួសជិត៤ពាន់នាក់តាំងពីមានការតវ៉ាកើតឡើងកាលពីថ្ងៃទី០១តុលា។ នេះបើតាមការបញ្ជាក់ពីគណៈកម្មការសិទ្ធិមនុស្សនៃសភាអ៊ីរ៉ាក់។ វាជាភាពចលាចលដ៏សាហាវបំផុតចាប់តាំងពីក្រុមរដ្ឋអ៊ីស្លាម បានចាញ់សង្គ្រាមនៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៧។ វាក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាលផុយស្រួយរបស់លោកនាយករដ្ឋមន្ដ្រីអាឌែល អាប់ឌែលម៉ាឌីផងដែរ៕