កិច្ច​ចរចា​​នុយក្លេអ៊ែរ​​រវាង​អាមេរិក​-​កូរ៉េខាងជើង​​ត្រូវ​បរាជ័យ​​ទៀតហើយ​

06-10-2019 11:42 am 238

​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​បាន​និយាយថា កិច្ចពិភាក្សា​ពី​បញ្ហា​នុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុងប្រទេស​ស៊ុយអែត ត្រូវបាន​បញ្ចប់​ទៅវិញ​ទាំង​គ្មាន​លទ្ធផល​អ្វី​ឡើយ ផ្ទុយ​ពី​ការរំពឹងទុក​ថា​អាច​ដោះស្រាយ​ភាពជាប់គាំង​ជាច្រើន​ខែ​បាន​។ ប្រធាន​ក្រុម​ចរចា​កូរ៉េខាងជើង​លោក​គីម ម្យុង​ហ្គីល ដែល​ចំណាយពេល​ចរចា​ជាច្រើន​ម៉ោង​ជាមួយ​តំណាង​របស់​អាមេរិក បាន​បន្ទោស​ភាគី​អាមេរិក​ថា​មិនបាន​បោះបង់ចោល​ទស្សនៈ និង​អាកប្បកិរិយា​ចាស់​របស់​ពួកគេ​ទេ​។ 

​លោក​បន្ថែម​ដូច្នេះ​ថា “​កិច្ចចរចា​មិនបាន​ដូច​អ្វី​ជា​ក្ដី​រំពឹងទុក​របស់​យើង​ទេ ហើយ​ចុងក្រោយ​ក៏ត្រូវ​លុបចោល​វិញ​។ ភាគី​អាមេរិក​បង្ហាញ​ក្ដី​រំពឹង​ខ្លាំងពេក​តាមរយៈ​ការផ្ដល់​យោបល់​ដែល​គិតថា ជា​វិធីសាស្ដ្រ​អាច​បត់បែន​បាន​និង​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធភាព ប៉ុន្ដែ​ពួកគេ​បានធ្វើឲ្យ​យើង​ខកចិត្ដ​ជាខ្លាំង​។ ក្រៅពីនេះ​ពួកគេ​បាន​បង្ខូច​អារម្មណ៍​របស់​យើង​នៅក្នុង​ការចរចា ដោយ​គ្មាន​នាំ​អ្វី​ជា​លទ្ធផល​វិជ្ជមាន​មក​ដាក់​លើ​តុ​ទេ​។​”

​យ៉ាងណាមិញ​នៅ​ពុំទាន់​មាន​ការឆ្លើយតប​ពី​មន្ដ្រី​អាមេរិក​ដែល​ចូលរួម​ការចរចា​នៅឡើយ ហើយ​ក្រសួងការបរទេស​ស៊ុយអែត​ជា​ម្ចាស់ផ្ទះ​ក៏​មិនបាន​ឆ្លើយតប​អ្វី​ដែរ​។ កិច្ចពិភាក្សា​លើក​នេះ​គឺជា​កិច្ចពិភាក្សា​ផ្លូវការ​លើកដំបូង គិត​តាំងពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ជួបគ្នា​កាលពី​ខែមិថុនា ហើយ​ព្រមព្រៀង​ឲ្យមាន​ការពិភាក្សាពី​ការរំលា​យ​នុយក្លេអ៊ែរ​ឡើងវិញ​។ តាំងពី​នោះមក​មន្ដ្រី​អាមេរិក​បាន​ព្យាយាម​យ៉ាងខ្លាំង បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឲ្យចូល​តុច​រចា ហើយក៏​ទទួលបាន​លទ្ធផល​នៅពេល​កូរ៉េខាងជើង ព្រមព្រៀង​ចរចា​កាលពី​ថ្ងៃទី​០៥​តុលា​។ 

​តែ​រឿង​ដែល​មិន​ជោគជ័យ​គឺ​មន្ដ្រី​កូរ៉េខាងជើង​នៅតែ​ចោទប្រកាន់​អាមេរិក ថា​គ្មាន​បំណង​ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​ទាំងពីរ​។ កិច្ចពិភាក្សា​នៅតែ​ជួប​ការលំបាក​ដដែល ប៉ុន្ដែ​កូរ៉េខាងជើង​បាន​បោះដៃ​ដែរថា ការចរចា​ស្ដីពី​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅតែ​អាចទៅរួច គ្រាន់តែ​ថា​វា​អាច​កើតឡើង​ជាថ្មី​នៅពេល​រាល់​ឧបសគ្គ​និង​ការគំរាមកំហែង​លើ​សុវត្ថិភាព ការអភិវឌ្ឍ​របស់​កូរ៉េខាងជើង ត្រូវបាន​ដកចេញ​ទាំងស្រុង​ដោយ​គ្មាន​ការសង្ស័យ​៕

ព័ត៌មានផ្សេងទៀត