រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០២១ ជា​កាលបរិច្ឆេទ​ជំរឿន​សេដ្ឋកិច្ច​កម្ពុជា​

06-10-2019 11:24 am 188

យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ ស្តីពី​ការកំណត់​កាលបរិច្ឆេទ ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ជំរឿន​សេដ្ឋកិច្ច​នៅ​កម្ពុជា ឆ្នាំ​២០២១ បាន​បញ្ជាក់​ឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២១ ជា​កាលបរិច្ឆេទ​ជំរឿន​សេដ្ឋកិច្ច​កម្ពុជា​។​

​ទន្ទឹមនឹងនេះ​ដែរ អនុក្រឹត្យ​ខាងលើ​បានបញ្ជាក់​ថា ការរៀបចំ​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​នេះ គឺ​ក្នុង​គោលដៅ​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ស្តីពី​សេដ្ឋកិច្ច​គ្រប់​វិស័យ សម្រាប់​ធ្វើ​ជា​ទិន្នន័យ​មូលដ្ឋាន ក្នុង​ការរៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​គម្រោង​នានា ដើម្បី​ជំរុញ​កិច្ច​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​សុខុមាលភាព​ប្រជាជន​។​មួយវិញទៀត​អនុក្រឹត្យ​នេះ ក៏​មាន​វិសាលភាព​អនុវត្ត​លើ​គ្រប់​អង្គភាព​សេដ្ឋកិច្ច​ទាំងអស់ ដែល​ស្ថិត​នៅក្នុង​ដែនដី​នៃ​កម្ពុជា លើកលែងតែ​អង្គភាព​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​នៅក្នុង​អនុក្រឹត្យ​ក៏​បាន​បញ្ជាក់បន្ថែម​ថា ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​សេដ្ឋកិច្ច អាច​ប្រកាស​ចាត់តាំង​មន្ត្រី​ជំរឿន​សេដ្ឋកិច្ច តាម​ទីកន្លែង​ដែល​រួមមាន​៖​សហគ្រាស​សាធារណៈ​និង​ឯកជន​,​រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង​មជ្ឈមណ្ឌល​សម្រាកកាយ ,​គ្រឹះស្ថាន​ពាណិជ្ជកម្ម គ្រឹះស្ថាន​ឧស្សាហកម្ម និង​សិប្បកម្ម​,​ស្ថានីយ​អយស្ម័យយាន អាកាសយានដ្ឋាន ចំណតរថយន្ត រដ្ឋាករទឹក​ស្វយ័ត និង​កំពង់ផែ​,​មន្ទីរពេទ្យ​រដ្ឋ ឯកជន និង​គ្រឹះស្ថាន​ផ្តល់​សេវា​សុខាភិបាល​,​គ្រឹះស្ថាន​សិក្សា​សាធារណៈ​និង​ឯកជន និង​អង្គភាព​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​។​បន្ថែម​ពីលើ​នេះ ចំពោះ​ប្រភពធនធាន​នៃ​ជំរឿន​សេដ្ឋកិច្ច​មាន​ដូចជា​៖​ថវិកាជាតិ​,​ហិរញ្ញប្បទាន​ដៃគូ​អភិវឌ្ឍ​នានា និង​ប្រភពធនធាន​ស្រប​ច្បាប់​ផ្សេងៗ​ទៀត​។​

​យោងតាម​មាត្រា​៨ នៃ​អនុក្រឹត្យ​ស្តីពី​ការកំណត់​កាលបរិច្ឆេទ ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ជំរឿន​សេដ្ឋកិច្ច​នៅ​កម្ពុជា ឆ្នាំ​២០២១ បានឲ្យដឹងថា គណៈកម្មាធិកា​ជាតិ​ជំរឿន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ឆ្នាំ​២០២១ មាន​តួនាទី​និង​ភារកិច្ច​ដូចជា​៖ ណែនាំ​និង​អនុម័ត​រាល់​កិច្ចការ​ទូទៅ​ដែល​ពាក់ព័ន្ធ​នឹង​ជំរឿន​សេដ្ឋកិច្ច ,​រៀបចំ​បង្កើត​គណៈកម្មកា​រ​បច្ចេកទេស និង​គណៈកម្មការ​ឃោសនា​ជំរឿន​,​រៀបចំ​បង្កើត​គណៈកម្មកា​រ​ជំរឿន​សេដ្ឋកិច្ច​រាជធានី​-​ខេត្ត​,​ចាត់តាំង​មន្ត្រី​ឲ្យចូល​រូម​ជំរឿន តាម​ការស្នើសុំ​ពី​គណៈកម្មការ​បច្ចេកទេស ,​ប្រជុំ​ការងារ​យ៉ាង​តិច ៦​ខែម្តង តាម​ការអញ្ជើញ​របស់​ប្រធាន​គណៈកម្មាធិការ​ឬ​អនុប្រធាន និង​ធ្វើ​របាយការណ៍​ជូន​រាជរដ្ឋាភិបាល ពី​ការប្រព្រឹត្តទៅ​និង​លទ្ធផល​នៃ​ជំរឿន​សេដ្ឋកិច្ច​៕

ព័ត៌មានផ្សេងទៀត