លោក​សម រង្ស៊ី ​កំពុង​បោះដៃ​​រក​ការចរចា​?​

06-10-2019 10:10 am 2119

​សារ​របស់លោក​សម រង្ស៊ី នៅលើ​ប្រព័ន្ធ​Twitter ហាក់​បាន​បន្ទន់ឥរិយាបថ ដោយ​បោះដៃ​រក​ការចរចា ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា របស់លោក​ហ៊ុន សែន ខណៈ​កាលបរិច្ឆេទ​នៃ​ការវិលត្រឡប់​របស់លោក នៅ​ថ្ងៃ​០៩ វិច្ឆិកា កាន់តែ​ខិតជិត​មកដល់​។ សំណេរ​ជា​ភាសា​អង់គ្លេស នៅលើ​ប្រព័ន្ធ​Twitter ដែលមាន​សេចក្តី​ថា​«​ការវិលត្រឡប់​របស់​យើង​គឺជា​ឱកាស​តែមួយគត់ សម្រាប់​ការចរចា​និង​ការផ្សះផ្សា​...​។ យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​និង​ប្រទេស​ជា​មិត្ដ ត្រូវ​ធ្វើការ​រួមគ្នា​ជាមួយ​យើង ដើម្បី​ចាប់យក​ឱកាស​នេះ​...»​។​

​យ៉ាងនេះ ក្តី នៅ​មិនទាន់មាន​ការឆ្លើយតប​បែបណា​ពី​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​នៅឡើយ​ទេ​។ ប៉ុន្តែ​កន្លងមក ទាំង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ផៃ ស៊ី​ផាន និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​និយាយ​ច្រើន​លើក​ច្រើនសារ​ហើយ ថា​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ការចរចា​ណាមួយ​ជាមួយ​អតីត​គណបក្សសង្គ្រោះជាតិ ឬ​លោក​សម រង្ស៊ី ដែលជា​គណបក្ស ឬ​ជា​ជន​ក្រៅច្បាប់​នោះឡើយ​។​

​ជា​ការកត់សម្គាល់ ការបោះ​ដៃ​រក​ការចរចា ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជាលោក​ហ៊ុន សែន ពេលនេះ អាចជា​សញ្ញា​វិវត្តន៍​ចុងក្រោយ​មួយ បន្ទាប់ពី​លោក​សម រង្ស៊ី វាយប្រហារ​យ៉ាង​ចាស់ដៃ មកលើ​រដ្ឋាភិបាល ពិសេស​លោក​ហ៊ុន សែន ដែលជា​គូ​បក្ខដិ​បក្ខ​ផ្ទាល់ របស់លោក​។​

​ផែនការ​នៃ​ដំណើរ​និវត្ត​របស់លោក​សម រង្ស៊ី នៅ​ថ្ងៃទី​០៩ វិច្ឆិកា ខាងមុខ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។ ប៉ុន្តែ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី ០៥ តុលា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ បដិសេធ​យ៉ាង​ដាច់អហង្ការ និង​បាន​ចាត់ទុកថា ការចោទប្រកាន់​បែបនេះ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា គឺជា​ការចោទប្រកាន់​ដ៏​គ្រោះថ្នាក់​។ 

​សេចក្តីថ្លែងការណ៍​ដែលមាន​កម្រាស់​៣​ទំព័រ​នេះ បានចាត់ទុក ការចោទប្រកាន់​នេះ​ថា គឺជា​ការចោទប្រកាន់​ដ៏​គ្រោះថ្នាក់ និង​ជា​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការពិត របស់​រដ្ឋាភិបាល​កម្ពុ​ជា​។​

​ការចេញ​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ និង​ការ​បន្ទន់ឥរិយាបថ របស់លោក​សម រង្ស៊ី ចុងក្រោយ​នេះ បាន​ធ្វើឡើង​ក្រោយពី​តុលាការ​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី ០២ តុលា បានចេញ​ដីកា​ឲ្យ​ចាប់ខ្លួនលោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​៨​រូប​ទៀត ពីបទ «​ឧបឃាត​»​។ ជា​បទ​ចោទ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ឧបាយកល​ជា «​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី​» ។​

​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​គូស​បញ្ជាក់ដែរថា មាតុភូមិនិវត្តន៍​រប​ស់លោក​សម រង្ស៊ី គឺ​សម្រាប់​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅជា​ប្រទេស​គំរូ​មួយ​ដែលមាន​សេរីភាព លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស និង ថា មាតុភូមិនិវត្តន៍​របស់លោក សម រង្ស៊ី គឺជា​ឱកាស​មួយ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប និង GSP ពី​សហរដ្ឋអាមេរិក ទៀតផង​៕

ព័ត៌មានផ្សេងទៀត