ច្បាប់​ប្រឆាំង​​ព័ត៌មាន​​ក្លែងក្លាយ​​សិង្ហ​បុរី​​កំពុង​ធ្វើឲ្យ​​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ធំៗ​​បុក​ពោះ​

06-10-2019 9:57 am 80

​កាលពី​ថ្ងៃទី​២​ខែតុលា​នេះ សិង្ហ​បុរី​បាន​ដាក់ចូល​ជាធរ​មាននូវ​ច្បាប់​ថ្មី​មួយ គឺ​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។ ច្បាប់​នេះ​ប្រើប្រាស់​សម្រាប់​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គ្មាន​ប្រភព​ច្បាស់លាស់ ដែល​ធ្វើឲ្យប៉ះពាល់​ធ្ងន់ធ្ងរ​មិនថា​បុគ្គល សង្គម និង​រដ្ឋាភិបាល​។ ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​របស់​សិង្ហ​បុរី ផ្ដល់​សិទ្ធិអំណាច​ខ្លាំង​ដល់​រដ្ឋាភិបាល​សិង្ហ​បុរី ក្នុង​ការវិនិច្ឆ័យ​លើ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេសមួយ​នេះ​។ 

​ចំពោះ​ការចេញផ្សាយ​ព័ត៌មាន​នៅលើ​បណ្ដាញ​សង្គម អាជ្ញាធរ​សិង្ហ​បុរី​ពិតជា​មាន​សិទ្ធិ​ក្នុង​ការពិចារណា​ថា​ការផ្សព្វផ្សាយ​នោះ​ពិត​ឬក៏​ក្លែងក្លាយ ហើយ​អាជ្ញាធរ​ក៏មាន​សិទ្ធិ​បញ្ជា​ឲ្យ​លុប​ព័ត៌មាន​នោះ​ចោល​បានដែរ​។ នេះ​បើ​យោងតាម​ច្បាប់​ថ្មី​ស្ដីពី​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។ ច្បាប់​នេះ​ក៏​មានចែង​ពី​ការដាក់ទោស​លើ​អ្នក​ប្រព្រឹត្ដល្មើស​ផងដែ​រ ដោយ​ប្រឈម​ការពិន័យ​ជា​ប្រាក់​ពី​៣៦,០០០​ដុល្លារ​និង​អាច​ជាប់ពន្ធនាគារ​៥​ឆ្នាំ រហូតដល់​ពិន័យ​ជា​ប្រាក់​៧៣,០០០​ដុល្លារ និង​ជាប់ពន្ធនាគារ​រហូតដល់​១០​ឆ្នាំ​ក្នុងករណី​ធ្ងន់ធ្ងរ​។ ចំពោះ​ក្រុមហ៊ុន​ដែល​រកឃើញថា​បាន​ចែកចាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ អាច​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់​រហូតដល់​ជាង​៧៣​ម៉ឺន​ដុល្លារ​។​

​ទោសទណ្ឌ​ដែលមាន​ចែក​នៅក្នុង​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នេះ ក៏បាន​ធ្វើឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្ដរជាតិ​ធំៗ ក្រៅតែពី​ក្រុមហ៊ុន​នៅក្នុង​ស្រុក​ដែល​ផ្សារភ្ជាប់​ការរកស៊ី​ពាក់ព័ន្ធ​និង​ការផ្សព្វផ្សាយ​ព័ត៌មាន​បារម្ភជាខ្លាំង​។ ក្នុងនោះ​មានដូចជា​ក្រុមហ៊ុន​Google, Facebook, Twitter ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​ជាខ្លាំង​ខ្លាច​ប៉ះពាល់​ដល់​ការរកស៊ី​របស់​ពួកគេ​។ ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានចេញ​ប្រតិកម្ម ខ្លាច​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​រឹតត្បិត​លើ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​។ 

​ជុំវិញ​បញ្ហា​នេះ​មន្ដ្រី​រដ្ឋាភិបាល​បានប្រកាសថា​មិន​ដូច​ការព្រួយបារម្ភ​ឡើយ ការបញ្ចេញមតិ​នៅតែ​អាច​ធ្វើបាន​ដដែល​។ រីឯ​ក្រុមហ៊ុន​នានា​ក៏ត្រូវ​រដ្ឋាភិបាល​ទុកពេល​ឲ្យ​រក​វិធីសាស្ដ្រ​សម្រប​ខ្លួន​ទៅតាម​ច្បាប់​ថ្មី ចៀសវាង​ការព្រឹ​ត្ដ​ខុស​ហើយ​ប្រឈម​នឹង​ការដាក់ទោស ប្រសិនបើ​ចង់​បន្ដ​អាជីវកម្ម​ក្នុងប្រទេស​សិង្ហ​បុរី​តទៅទៀត​៕

ព័ត៌មានផ្សេងទៀត