មេដឹកនាំ​ហុងកុង​ថា អំពើហិង្សា​ធ្ងន់ធ្ងរ តម្រូវឲ្យ​ប្រើប្រាស់​អំណាច​គ្រាអាសន្ន​

05-10-2019 5:49 pm 263
  ស្តាប់
ស្តាប់ជាសំឡេង

​មួយថ្ងៃ​បន្ទាប់ពី​ដាក់ឲ្យអនុវត្ត​ច្បាប់​គ្រាអាសន្ន លោកស្រី​ខា​រី ឡា​ម​មេដឹកនាំ​ហុងកុង បាន​ពន្យល់​អំពី មូលហេតុ ដែល​តម្រូវឲ្យ​ប្រើប្រាស់​អំណាច​គ្រាអាសន្ន​។ លោកស្រី​បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​ទី​៥​ខែតុលា​នេះ​ថា អាកប្បកិរិយា​របស់​ក្រុមកុបករ បាន​នាំ​ហុងកុង​ឆ្លងកាត់​រាត្រី​ដ៏​ខ្មៅ​ងងឹត ដែល​ធ្វើឲ្យ​សង្គម​ហុងកុង​សព្វថ្ងៃ​ពិការ​ពាក់កណ្តាល​។ លោកស្រី​បន្ថែមថា អំពើហិង្សា​ដ៏​ធ្ងន់ធ្ងរ បានបង្ហាញ​យ៉ាងច្បាស់​ថា សុវត្ថិភាព​សាធារណៈ​របស់​ហុងកុង កាន់តែ​ខិតជិត​ទៅរក​ការ​មាន​គ្រោះថ្នាក់ ហើយ​នេះ ជា​ហេតុផល​ច្បាស់លាស់ ដែល​ធ្វើឲ្យ​លោកស្រី​សម្រច​ដាក់ឲ្យអនុវត្ត​ច្បាប់គ្រា​អាសន្នកាល​ពីថ្ងៃ​សុក្រ​។​

​ចំណុច​ស្ថិតនៅក្នុង​ច្បាប់​គ្រាអាសន្ន ដែល​ទើប​ដាក់ឲ្យ​អនុវត្តនោះ គឺ​ការហាមឃាត់​ក្រុម​តវ៉ា​មិនឲ្យ​ពាក់​ម៉ាស់​បិទមុខឬ​របាំង​មុខ ហើយ​ច្បាប់​នេះ​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃទី​៥​តុលា​ទៅ​។ ក្រុមបាតុករ​បាន​ប្រើ​ម៉ាស់​បិទមុខ ដើម្បី​លាក់បាំង​អត្តសញ្ញាណ​របស់​ពួកគេ នៅក្នុង​ការតវ៉ា​ដ៏​ខ្លាំងក្លា​ក្នុង​រយៈពេល​បួន​ខែ​។​

​ការ​ថ្លែង​របស់​លោកស្រី​មេដឹកនាំ​ហុងកុង​ថ្ងៃនេះ ធ្វើឡើង​ក្រោយពី​មាន​អំពើហិង្សា​កើតឡើង​ជាថ្មី​នៅក្នុង​ការតវ៉ា​កាលពី​យប់​ម៉ិញ​។ សេ​វ៉ា​ដឹកជញ្ជូន​នៅ​ហុងកុង​ត្រូវបាន​ជាប់គាំង ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​ត្រូវបាន​បិទ មិនអាច​ដំណើរការបាន​ទេ​នៅ​ថ្ងៃទី​៥​ខែតុលា​។ ប្រតិបត្តិ​ករ​ផ្លូវដែក​ក្រុមហ៊ុន MTR Corp បាន​ចាត់វិធានការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ក្នុង​ការបិទ​បណ្តាញ​ទាំងមូល ដែល​ដឹក​អ្នកដំណើរ​ប្រហែល ៥ លាន​នាក់​ក្នុង​មួយថ្ងៃៗ ខណៈ​ផ្សារ​ទំនើប​ក៏​បិទទ្វារ​បណ្តោះអាសន្ន​សិន​ដែរ​។ នេះ​ជា​លទ្ធផល​នៃ​ភាពវឹកវរ​កើតឡើង​នៅ​ថ្ងៃ​សុក្រ ដែល​ប៉ូលីស​បាន​បាញ់​ក្មេងប្រុស​ជំទង់​ម្នាក់ និង​ក្រុមអ្នកតវ៉ា​បាន​ដុត​ភ្លើង​នៅ​កន្លែង​ធ្វើ​អាជីវកម្ម និង​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​។ តាម​គម្រោង​ក្រុមបាតុករ នៅ​បន្ត​ប្រមូលផ្តុំ​តវ៉ា​ទៀត រហូតដល់​ថ្ងៃ​ចន្ទ​។​

​ដំណើរ​ដើមទង​ដែល​នាំឲ្យមាន​ការតវ៉ា​រហូតមកដ​ល់​ពេលនេះ ផ្តើមចេញពី​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាមួយ​ចិន​។ បើទោះបី​រដ្ឋាភិបាល​សម្រេច​បោះបង់ចោល​ច្បាប់​នោះ​ហើយ​ក្តី ប៉ុន្តែ​ពួក​បាតុករ​មិន​បញ្ឈប់​ឡើយ នៅតែ​តវ៉ា​ទាមទារ​អ្វី​ផ្សេងៗ​ទៀត រួមមាន​ទាំង​ការទាមទារ​ឲ្យ​លោក​ស្រីឡា​ម​ដែលមាន​ទំនោរ​ទៅរក​រដ្ឋាភិបាល​ចិន​ចុះ​ចេញពី​តំណែង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត