គិតត្រឹមថ្ងៃសុក្រទី៤ខែតុលា ប្រជាជនអ៊ីរ៉ាក់បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ចូលដល់ថ្ងៃទី៤ហើយ។ បើទោះបីជាអាជ្ញាធរក្នុងក្រុង បានដាក់បម្រាមគោចរ និងផ្តាច់អ៊ីនធឺណេត ដើម្បីទប់ស្កាត់ការតវ៉ាក៏ដោយ ប៉ុន្តែនៅមិនអាចរារាំងក្រុមបាតុករបានឡើយ។ ក្រុមបាតុករបានលើកគ្នា ធ្វើដំណើរទៅកាន់ទីលានTahrir ស្ថិតក្នុងទីក្រុងបាដាត ប៉ុន្តែត្រូវបានរារាំង ដោយនៅក្នុងនោះក៏មានការបាញ់ប្រហារលើក្រុមបាតុករ ដើម្បីកុំឲ្យពួកគេទៅប្រមូលផ្តុំនៅទីលាន។
ការប៉ះទង្គិចគ្នាត្រឹមតែមួយថ្ងៃកាលពីថ្ងៃសុក្រ បានបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ នៅក្នុងនោះក៏មានមន្ត្រីប៉ូលិស២នាក់ផងដែរ។ សរុបនៅក្នុងការតវ៉ារយៈពេល៤ថ្ងៃនេះ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦០នាក់ស្លាប់បាត់បង់ជីវិត នៅក្នុងនោះមាន កងកម្លាំងសន្តិសុខ៦នាក់។ ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់ មានមនុស្សខ្ទង់រយនាក់ឯណោះបានរងរបួស។ ពាក់ព័ន្ធនឹងអំពើហិង្សាដែលផ្ទុះឡើងនៅក្នុងការតវ៉ានេះ អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភ និងជំរុញឲ្យអាជ្ញាធរអ៊ីរ៉ាក់អនុវត្តការអត់ធ្មត់។ ចំណែកអង្គការសិទ្ធិមនុស្ស Amnesty International បានអំពាវនាវឲ្យកងកម្លាំងសន្តិសុខរក្សាជំហរ។
សម្រាប់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោកAdel Abdel Mahdi បានគាំទ្រពេញទំហឹងដល់កងកម្លាំងសន្តិសុខ ដោយទទូចថា ពួកគេគោរពតាមស្តង់ដារអន្តរជាតិ ក្នុងការដោះស្រាយការប្រឈមមុខជាមួយក្រុមអ្នកតវ៉ា។ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ដែលទើបឡើងកាន់តំណែងរយៈពេល១ឆ្នាំរូបនេះ បានអំពាវនាវឲ្យក្រុមបាតុកររក្សាការអត់ធ្មត់។ លោកAdel Abdel Mahdi នៅថ្ងៃសុក្របានប្តេជ្ញាឆ្លើយតបចំពោះក្តីបារម្ភរបស់ក្រុមបាតុករ ប៉ុន្តែដំណោះស្រាយសម្រាប់បញ្ហានៅអ៊ីរ៉ាក់ ត្រូវការពេលវេលា មិនអាចដោះស្រាយបានភ្លាមៗ ឬមានដំណោះស្រាយបែបវេទមន្តនោះទេ។
គួរជម្រាបជូនថា ការតវ៉ារបស់ប្រជាជនអ៊ីរ៉ាក់ ធ្វើឡើងក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាល ស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងអត្រាអត់ការងារធ្វើរបស់យុវជន ដែលកើនឡើងខ្ពស់, សេវាសាធារណៈចុះអន់ថយ និងអំពើពុករលួយកាន់តែរ៉ាំរ៉ៃទៅៗ។ អត្រាគ្មានការងារធ្វើមាន ៧,៩ភាគរយ កាលពីឆ្នាំមុន ហើយស្ទើរតែ ១៧ភាគរយ នៃចំនួនប្រជាជនសកម្មផ្នែកសេដ្ឋកិច្ច គឺមិនមានការងារធ្វើទេ។ អំពើពុករលួយ ភាពអត់ការងារធ្វើនិងសេវាសាធារណៈធ្លាក់ចុះអន់ថយ គឺជាបេះដូងនៃការមិនសប្បាយចិត្ត ដែលប្រជាជនអ៊ីរ៉ាក់វ័យក្មេងប្រឈមមុខសព្វថ្ងៃ។ ចលាចលតវ៉ា បានចាប់ផ្តើមដោយឯកឯង ដោយមិនមានមេដឹកនាំផ្លូវការណាឡើយ ហើយបានរីករាលដាលកាន់តែធំៗទៅយ៉ាងឆាប់រហ័ស៕