លោក​ស សុខា ជំរុញ​សមត្ថកិច្ច​បង្ក្រាប​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត​ទោះ​មាន​អ្នក​ប្រើ​ខ្នងបង្អែក​

05-10-2019 10:15 am 162
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ កាល​ពី​ម្សិលមិញ បាន​ថ្លែង​ជំរុញ​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ចុះបង្ក្រាប​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត​តាមច្បាប់ ទោះបីជា​មាន​អ្នក​ប្រើ​ឈ្មោះ​កូន​ថ្នាក់ដឹកនាំ ឬ​ប្រើ​ឈ្មោះ​លោក​ផ្ទាល់ ជា​ខ្នងបង្អែក​ក៏ដោយ...

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ជំរុញ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ទៅលើ​ការបង្ក្រាប​ល្បែងភ្នាល់​អ៊ីនធឺណិត បើ​ទោះបីជា​ក្រុម​ជនល្មើស​អាច​នឹង​ភ្ជាប់ ឬ​ប្រើ​ឈ្មោះ​កូន​ថ្នាក់ដឹកនាំ ឬ​ប្រើ​ឈ្មោះ​បុគ្គល​ដែល​មាន​តួនាទី មាន​អំណាច​ក្នុង​ស្ថាប័នរដ្ឋ ដើម្បី​ជា​ខ្នងបង្អែក បន្លាច​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ក៏​ដោយ ។​

​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​៤ តុលា លោក ស សុខា បាន​ទទូច​ស្នើ​សុំ​សមត្ថកិច្ច​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​លើ​បុគ្គល​ទាំងអស់​ដែល​មាន​ករណី​កើតឡើង​ដូច​រៀបរាប់​ខាងលើ ។​

​លោក​បាន​សង្កត់ធ្ងន់ថា ទោះបីជា​ក្រុម​អ្នកប្រព្រឹត្ត​បទល្មើស​ទាំងនោះ ប្រើ​ឈ្មោះ​លោក​ផ្ទាល់ ឬ​ក្រុមការងារ​របស់​លោក​ក៏ដោយ លោក​បដិសេធ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​ស្នើ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​តាម​សារាចរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបាន​ម៉ឺងម៉ាត់ ។​

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​រូបនេះ បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​បង្កើន​ការទប់ស្កាត់ និង​អនុវត្ត​តាម​ផ្លូវច្បាប់ ដោយ​កុំ​ខ្វល់​ថា​ជា​អ្នក​ណា ឬ​កូន​អ្នកណា ចំពោះ​ជន​ទាំងឡាយ​ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ ឬ​កូន​ថ្នាក់ដឹកនាំ​ណាមួយ​ទៅប្រើ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​សារាចរ​ចុះ​កាលពី​ថ្ងៃ​ទី​២៨ សីហា ឆ្នាំនេះ បាន​ណែនាំ​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​បង្កើន​ការស្រាវជ្រាវ​និង​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​នៅលើ​អ៊ីនធឺណិត​ទាំង​ក្នុង​និង​ក្រៅប្រទេស គ្រប់​ប្រភេទ គ្រប់​រូបភាព​ដែល​ធ្វើ​សកម្មភាព​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ ។​

​ម្យ៉ាងទៀត សារាចរ​នោះ ក៏​បាន​ប្រកាស​បញ្ឈប់​ការផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​នៅលើ​អ៊ីនធឺណិត ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នោះ​តទៅ​ដែរ ៕ 

ព័ត៌មានផ្សេងទៀត