អាជ្ញាធរ​ជាតិ​អប្សរា​​រួមគ្នា​ជាមួយ​ក្រសួងបរិស្ថាន​​សម្អាត​ផ្លូវ​ត្រៀម​កិច្ចប្រជុំ​លើក​ទី​១៥​

05-10-2019 10:04 am 93

ក្រុមការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដឹកនាំ​ដោយ​លោក យិត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​កាត់​ក្រី​ដើមឈើ​មាន​ហានិភ័យ សម្អាត និង​លាង​ផ្លូវ​សំខាន់ៗ​មួយចំនួន​នៅ​រមណីយដ្ឋាន​អង្គរ ក្នុង​បំណង​ដើម្បី​លើក​សោភ័ណភាព​បរិស្ថាន ខណៈដែល​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​។​

​គួរ​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​អាស៊ាន​បូក​៣ (​ចិន ជប៉ុន និង​កូរ៉េ​) នេះដែរ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​នឹងចូលរួម​ពិធី​ដាំ​កូនឈើ​ជា​និមិត្តរូប​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត ដែល​សួនច្បារ​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​រួមជាមួយ​ក្រសួងបរិស្ថាន​បានរៀបចំ​និង​កែលម្អ ដើម្បី​លើក​តម្លៃ​អង្គរ​ឱ្យ​ស័ក្ដិសម​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​។​

សូមបញ្ជាក់ថា តាមផ្លូវ​សំខាន់ៗ​ដែល​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ចុះ​ប្រតិបត្តិការ​រួមមាន ផ្លូវ​ពី​ព្រលានយន្តហោះ​ទៅ​អង្គរវត្ត ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល​ពី​សាលា​អន្ដរជាតិ អាយ​អូ​អេស​ទៅ​អង្គរវត្ត ផ្លូវ​ពី​អង្គរវត្ត​ទៅ​បាយ័ន និង​ពី​បាយ័ន​ទៅ​ព្រះ​លានជល់ដំរី​ជាដើម​៕

ព័ត៌មានផ្សេងទៀត