ទីបំផុត​​មេដឹកនាំ​​ហុងកុង​​ចេញ​ច្បាប់​​ហាមឃាត់​​ក្រុម​តវ៉ា​​ដែល​ពាក់​ម៉ាស់​​បិទមុខ​

04-10-2019 4:01 pm 332

​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម បានប្រកាស​នៅ​ថ្ងៃទី​០៤​តុលា​នេះ ពី​ច្បាប់​បន្ទាន់​មួយ​ហាមឃាត់​ក្រុម​តវ៉ា​ដែល​ពាក់​ម៉ាស់​បិទមុខ​ឬ​របាំងមុខ ហើយ​ច្បាប់​នេះ​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃទី​០៥​តុលា​ទៅ​។ ក្នុងពេល​ធ្វើ​សន្និសីទកាសែត​លោកស្រី​បាន​បញ្ជាក់ថា ការហាមឃាត់​នឹងត្រូវ​ណែនាំ​ស្ថិតក្រោម​ច្បាប់ ដែល​អនុញ្ញាតឲ្យ​អាជ្ញាធ​រ​អាចចេញបទបញ្ជាទ​ប់​ស្កាត់​ដើម្បី​ផលប្រយោជន៍​សាធារណៈ​។ នេះ​គឺជា​លើកទីមួយ​ក្នុង​រយៈពេល​៥២​ឆ្នាំ ដែលមាន​ការប្រកាស​ពី​បទប្បញ្ញត្ដិ​គ្រា​មាន​អាសន្ន​ដូច្នេះ​។​

​ចំពោះ​ការប្រកាស​ឲ្យប្រើ​ប្រា​ស់ច្បាប់​ថ្មី លោកស្រី​មេដឹកនាំ​ហុងកុង​ជឿជាក់ថា​នឹង​អាចមាន​ប្រសិទ្ធភាព​ខុស​ពីមុន ប្រឆាំង​ក្រុម​តវ៉ា​ពាក់​ម៉ាស់​ដែល​បង្ក​អំពើហិង្សា​រួម​នឹង​ក្រុម​កុបករ​ផងដែរ ហើយក៏​អាចជួយ​ប៉ូលិស​ក្នុងការ​អនុវត្ដ​ច្បាប់​។ កន្លងមក​មាន​ក្រុម​តវ៉ា​ជាច្រើន​ពាក់​ម៉ាស់​និង​របាំងមុខ ដើម្បី​លាក់បាំង​អត្ដ​សញ្ញាណ​របស់​ពួកគេ ព្រោះ​ខ្លាច​រង​សម្ពាធ​ពី​កន្លែងធ្វើការ​និង​ការចាត់វិធានការ​ប្រឆាំង​ផ្សេងៗ​ពី​អាជ្ញាធរ​។ 

​ការតវ៉ា​ក្លាយជា​ហិង្សា​ប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន បាន​បន្ដ​ផ្ទុះឡើង​ជិត​៤​ខែ​មកហើយ ដែល​លោកស្រី​ខា​រី ឡា​ម​ចាត់ទុកថា​បានធ្វើឲ្យ​ស្ថានការណ៍​ធ្លាក់ដល់​កម្រិត​ប្រកាសអាសន្ន និង​ច្របូកច្របល់​ជាខ្លាំង​។ ដូច្នេះ​លោកស្រី​ពិតជា​ព្រួយបារម្ភ​ណាស់ ព្រោះ​ក៏មាន​សិស្សានុសិស្ស​ជាច្រើន​ចូលរួម​ក្នុង​ការតវ៉ា​ដោយ​ហិង្សា ដែល​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អនាគត​របស់​ពួកគេ​។ រដ្ឋាភិបាល​ត្រូវតែ​ប្រើ​មធ្យោបាយ​នានា​ដើម្បី​បញ្ឈប់​អំពើហិង្សា ទោះជា​វា​លំបាក​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ក៏​ត្រូវតែ​ធ្វើ​ដើម្បី​ផលប្រយោជន៍​សាធារណៈ​។​

​ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី​លោកស្រី​គូស​បញ្ជាក់ដែរថា ការប្រកាស​នៅពេលនេះ​មិនមែន​មានន័យថា​រដ្ឋាភិបាល ត្រូវ​ប្រកាស​ពី​ភាពអាសន្ន​ជា​ផ្លូវការ​ឡើយ​។ លោកស្រី​នឹង​នៅតែ​បន្ដ​ជួបពិភាក្សា​ជាមួយ​សាធារណជន ស្វែងរក​ដំណោះស្រាយ​សមស្រប មក​បញ្ចប់វិបត្ដិ​កំពុង​ចាក់ឫស​យ៉ាងជ្រៅ​នៅ​ហុងកុង​។ ការតវ៉ា​នេះ​ជា​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន តាំងពី​ហុងកុង​ត្រូវ​អង់គ្លេស​ប្រគល់ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧៕

ព័ត៌មានផ្សេងទៀត