ក្រៅពី​អ៊ុយ​ក្រែន​លោក​ត្រាំ​ក៏​ស្នើឲ្យ​ចិន​​ស៊ើបអង្កេត​​លោក​បាយដិន​ដែរ​

04-10-2019 12:40 pm 520

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលចិន​និង​អ៊ុ​យក្រែ​ន ត្រូវ​បើក​ការស៊ើបអង្កេត​លើ​សកម្មភាព​ជំនួញ និង​សកម្មភាព​នយោបាយ​រប​ស់​លោកចូ បាយ​ដិន និង​លោក​ហាន់ធ័​រ បាយដិន​ត្រូវជា​កូនប្រុស​។ ការអំពាវនាវ​នេះ​ធ្វើឡើង​ស្របពេល​ក្រុម​ប្រឆាំង បាន​ដាក់ពាក្យ​ប្ដឹង​ទាមទារ​ឲ្យ​ស៊ើបអង្កេត​លើ​លោក​ត្រាំ​ដែរ​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ត្រាំ​នៅតែ​ទាមទា​រឲ្យរដ្ឋាភិបាល​អ៊ុយ​ក្រែន​ស៊ើបអង្កេត​លោក​បាយ​ដិន​។​

​លោក​ត្រាំ​បន្ថែមថា ប្រសិនបើ​ពួកគេ​មាន​ភាពស្មោះត្រង់ ពួកគេ​គួរតែ​ចាប់ផ្ដើម​ការស៊ើបអង្កេត​លោក​បាយ​ដិន ហើយ​សម្រាប់​ប្រទេស​ចិន​ក៏​គួរតែ​បើក​ការស៊ើបអង្កេត​លោក​បាយដិន​ដូចគ្នា ព្រោះ​អ្វីដែល​បាន​កើតឡើង​នៅ​ចិន វា​គឺជា​រឿង​អាក្រក់​ដូច​អ្វី​បាន​កើតឡើង​នៅ​អ៊ុយ​ក្រែន​អ៊ីចឹង​។ លោក​ត្រាំ​ជំទាស់​នឹង​ការតែងតាំង​លោក​ហាន់ធ័​រ បាយ​ដិន នៅក្នុង​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ថាមពល​អ៊ុ​យក្រែន​Burisma​ក្នុង​ឆ្នាំ​២០១៥​ផងដែរ​។ មុខតំណែង​នេះ​ផ្ដល់​ប្រាក់ខែ​៥​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ ទោះបីជា​លោក​ហាន់ធ័​រ​ពុំទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​។ 

​ការធ្វើ​ដូច្នេះ​លោក​ត្រាំ​ចាត់ទុកជា​អំពើពុករលួយ ហើយ​លោក​ត្រាំ​បាន​ចោទ​លោកចូ បាយដិ​ន​គ្រានៅ​ជា​អនុប្រធានា​ធិបតី​ថា ដាក់​សម្ពាធ​ឲ្យ​ទីក្រុង​គៀវ​ដកចេញ​ការស៊ើបអង្កេត​ប្រឆាំង​អំពើពុករលួយ​លើ​ក្រុមហ៊ុន​Burisma និង​បាន​ប្រើប្រាស់​ជំនួយ​បរទេស​របស់​អាមេរិក​ជំរុញ​ដល់​ផែនការ​របស់ខ្លួន​។ ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​លោក​ត្រាំ​បាន​ស្នើឲ្យ​ស៊ើបអង្កេត ជុំវិញ​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ពីរលើក​របស់លោក​បាយ​ដិន​កាលពី​ឆ្នាំ​២០១៣​។ 

​កាលនោះ​លោក​ហាន់ធ័​រ​ដែលជា​កូនប្រុស​លោកបា​យ​ដិន បាន​បង្កើត​មូលនិធិ​សមធម៌​ឯកជន​មួយ​នៅ​ចិន​ដើម្បី​រៃអង្គាសប្រាក់​។ ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​នៃ​ទស្សនកិច្ច​របស់លោក​បាយ​ដិន អាជ្ញាធរ​ទីក្រុង​សៀង​ហៃ​បាន​រាយការណ៍​ថា ប្រមូលបាន​ប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ ជា​ប្រាក់​សម្រាប់​អាជ្ញាប័ណ្ណ​អាជីវកម្ម​របស់ខ្លួន​។ លោក​ត្រាំ​បាន​អះអាងថា​លោក​ហាន់​ធ័របាន​ប្រើប្រាស់​ទស្សនកិច្ច​ឪពុក ដើម្បី​ផលប្រយោជន៍​អាជីវកម្ម​ផ្ទាល់ខ្លួន ដូច្នេះ​ត្រូវតែមាន​ការស៊ើបអង្កេត​ឡើងវិញ​។​

​ការស្នើសុំ​របស់លោក​ដូណាល់ ត្រាំ ត្រូវបាន​គណបក្ស​ប្រជាធិបតេយ្យ​រួមទាំង​លោកចូ បាយ​ដិនផ្ទាល់​ប្រតិកម្ម​យ៉ាងខ្លាំង​។ ទីបំផុត​សមាជិក​និង​ប្រធានរដ្ឋសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ បានសម្រេច​ដាក់ពាក្យ​ប្ដឹង​ឲ្យ​ស៊ើបអង្កេ​តលោក​ត្រាំ​វិញ ចោទថា​មាន​ចេតនា​វាយប្រហារ​លើ​គូប្រជែង​នយោបាយ តាមរយៈ​ការដាក់​សម្ពាធ​ឲ្យ​អន្ដរជាតិ​ជួយ​។ ពួកគេ​បាន​ចោទ​លោក​ត្រាំ​ដែរថា រំលោភ​លើ​រដ្ឋធម្មនុញ្ញ រំលោភ​លើ​ពាក្យសម្បថ​កាល​ចូល​កាន់តំណែង រំលោភ​លើ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្ដិធម៌ និង​ជា​ការប្រមាថ​មួយ​ដ៏​ធំ​។ គួរ​បញ្ជាក់ដែរថា លោកចូ បាយដិន​គឺជា​មនុស្សដ៏​លេចធ្លោ​មួយរូប​ក្នុង​គណបក្ស​ប្រជាធិបតេ​យ្យ ដែល​គេ​រំពឹងថា​ជា​គូប្រជែង​របស់លោក​ត្រាំ​ក្នុងពេល​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​៕

ព័ត៌មានផ្សេងទៀត