ទូតជប៉ុនថ្មីបន្តសរសើរគ.ជ.បកម្ពុជា ដែលបានរៀបចំការបោះឆ្នោតយ៉ាងល្អ

04-10-2019 11:48 am 412

ការថ្លែងនូវការកោតសរសើរនេះ បានធ្វើឡើង ក្នុងជំនួបរវាងលោកស៊ិក ប៊ុនហុក ប្រធានគ.ជ.បកម្ពុជា ជាមួយលោកលោកមីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១ ៩នេះ។ បន្ទាប់ពីជំនួបនេះបានបញ្ចប់ លោកឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា បានសន្យាថា នឹងបន្តជួយដល់គ.ជ.បបន្តទៀត ទៅលើការ​រៀប​ចំការបោះឆ្នោតនាពេលមុខ។

ក្នុងជំនួបនេះដែរលោកមីកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានលើកសរសើរដល់ស្ថាប័នគ.ជ.បកម្ពុជា ក៏ដូចជាលោកស៊ិក ប៊ុនហុក ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ និងការបោះឆ្នោតជ្រើស​តាំង តំណាងរាស្រ្ដនីតិកាលទី៦យ៉ាងល្អនាពេលកន្លងមក។ បើតាមលោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប គឺថា អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ក៏បានថ្លែងនូវការកើតសរសើរ ដល់​លោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ថា បានដឹកនាំរៀបចំការបោះឆ្នោតយ៉ាងល្អ ដោយគោរពច្បាប់ និងរដ្ឋធម្មនុញ្ញ ហើយធ្វើឲ្យភាគីទាំងអស់ទទួលយកបាន។

ជាមួយគ្នានេះលោកឌឹម សុវណ្ណារុំ បានបញ្ជាក់ ថា គ.ជ.បកម្ពុជា បានស្នើជាពិសេសទៅកាន់ភាគីជប៉ុន បញ្ជូនអ្នកជំនាញការ ជួយលើការងារអប់រំប្រជាពលរដ្ឋកម្ពុជា ឲ្យយល់កាន់តែច្បាស់អំពីតំលៃ នៃលទ្ធិប្រជា​ធិប​តេ​យ្យ។ ក្នុងជំនួបនេះដែរលោកស៊ិក ប៊ុនហុក បានបញ្ជាក់ទៅកាន់ ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា ថា គ.ជ.បកម្ពុជា នឹងបន្តផ្ដោតលើកិច្ចការសំខាន់ចំនួន២ ដែលត្រូវធ្វើឲ្យបាននោះ គឺប្រជាពលរដ្ឋខ្មែរ ដែលមាន​អាយុ​១៨ឆ្នាំឡើងទៅ ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ត្រូវរាប់ឲ្យបានត្រឹមត្រូវ៕

ព័ត៌មានផ្សេងទៀត