រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​​លើកទឹកចិត្ត​ដល់​កីឡាករ​ទោចក្រយាន​​ឲ្យ​ខំ​ហ្វឹកហាត់​​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​

04-10-2019 11:31 am 80
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​លើកទឹកចិត្ត​គ្រូបង្វឹក កីឡាករ កីឡាការិនី​ទាំងអស់ ឲ្យខិត​ខំ​ហ្វឹកហាត់ និង​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កីឡា​ទោចក្រយាន ឱ្យ​កាន់តែ​រីកចម្រើន សំដៅ​ឈាន​ឆ្ពោះទៅ​ដណ្តើម​ជ័យជម្នះ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Games) លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ ដែល​នឹង​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​នាពេល​ខាងមុខនេះ​។​

​ក្នុងនោះដែរ លោក​ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍ថា ការខិតខំ​ប្រឹងប្រែងរ​បស់​យើង គឺត្រូវធ្វើ​ជា​លក្ខណៈ​ប្រព័ន្ធ​មួយ​ជំហាន​ម្ដងៗ តាម​ផែនការ​នី​មួយៗ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​យុទ្ធសាស្ត្រ​គ្រប់គ្រាន់​ក្នុង​ការអនុវត្ត​។ លើសពីនោះ លោក​ក៏បាន​រំលឹក​នៅក្នុង​ដំណើរ​ទស្សនកិច្ច នៅ​សម្ព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ (UCI) ដែល​ទទួលបន្ទុក​កីឡា​ទោចក្រយាន​ពិភពលោក ដោយបាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ចំពោះ​សហព័ន្ធ​កម្ពុជា និង​បានបង្ហាញ​អំពី​កម្មវិធី​ព្រមទាំង​ក្របខណ្ឌ​បណ្ដុះបណ្ដាល រួមទាំង​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ ដែល​សហព័ន្ធ​កម្ពុជា​ទាញយក​បាន​ពី​UCI​។​

​លោក​បន្តថា កីឡាករ កីឡា​ការិនី ត្រូវខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យអស់​ពីចិត្ត ហើយ​ត្រូវ​គិតថា ការខិតខំ​ប្រឹងប្រែងរ​បស់​អ្នក​ទាំងអស់គ្នា មិនមែន​សម្រាប់តែ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​ជាតិ​ទាំងមូល​។ នេះ​ជា​មោទនភាព​មួយ​ដែរ ដែល​យើង​ត្រូវតែ​ប្រឹង​ឲ្យ​កាន់តែខ្លាំង​បន្ថែមទៀត ដើម្បី​ស្វែងរក​មេដាយ​ជូន​ជាតិ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម នា​ឆ្នាំនេះ​នៅ​ប្រទេស​ហ្វីលីពីន​។​

​សូមបញ្ជាក់ថា ការលើកឡើង​ខាងលើនេះ ធ្វើឡើង​កាល​ថ្ងៃទី​០៣ ខែតុលា នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នៅក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ កីឡា​ការិនី ដែល​ទទួលបាន​ពានរង្វាន់​ព្រះមហាក្សត្រ​ថៃ King Cup កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩៕​

ព័ត៌មានផ្សេងទៀត