ក្រសួង​កសិកម្ម​ដាក់​យុទ្ធសាស្ត្រ​៤​ចំណុច​ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ទំនើប​

04-10-2019 11:10 am 90
  ស្តាប់
ស្តាប់ជាសំឡេង

​ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិយា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព​ឈាន​ទៅ​លើកស្ទួយ​កំណើន​ប្រាក់ចំណូល​គ្រួសារ​កសិករ ក្រសួង​កសិកម្ម​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន​បួន ដែល​ការដាក់ចេញ​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ផ្តើម​បេសកកម្ម​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម (IFAD) ដែល​ដឹកនាំ​ដោយ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កាលពី​ថ្ងៃ​ទី​០៣ តុលា ឆ្នាំ​២០១៩​។ 

​ដើម្បី​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​កម្ពុជា​ឲ្យសម្រេចបាន​នូវ​គោលដៅ​របស់​ខ្លួន​គឺ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ស្រប​តាម​ក្របខ័ណ្ឌ​កំណែទម្រង់​ស៊ីជម្រៅ ក្រសួង​កសិកម្ម​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​រួមមាន​ទី​១. ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​ដែល​មាន​សក្តានុពល និង​បង្កើន​ការនាំចេញ ដោយ​ពង្រឹង និង​ពង្រីក​ការធ្វើ​ទំនើបកម្ម​កសិកម្ម ដើម្បី​បង្កើន​ផលិតភាព និង​ការប្រកួតប្រជែង ដោយ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ឆ្លាត​វៃ និង​ការ​បន្ស៉ាំ​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​។ 

​ទី​២. ជំរុញ​កំណើន​ផលិតកម្ម​សត្វ​ឲ្យ​កើន ៣%/​ឆ្នាំ និង​បង្កើន​ការចិញ្ចឹម​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ឲ្យ​កើន​ដល់ ២២% ព្រមទាំង​ជំរុញ​ការចិញ្ចឹម​គោ​ពូជ​ល្អៗ​ឲ្យបាន​ប្រមាណ ៣០% នៅ​ឆ្នាំ​២០២៣​។ ទី​៣. បង្កើន​ការគ្រប់គ្រង​ធនធាន​ជលផល​ឲ្យមាន​ប្រសិទ្ធភាព​និង​និរន្ត​រ​ភាព ដោយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ជលផល រក្សា​ស្ថិរភាព​នៃ​ផល​ចាប់ពី​ធម្មជាតិ​ក្នុង​រង្វង់​៦០០​ពាន់​តោន​/​ឆ្នាំ បង្កើន​ផល​វារីវប្បកម្ម​២០%/​ឆ្នាំ និង​ទី ៤. បន្ត​គ្រប់គ្រង​ធនធាន​ព្រៃឈើ​និង​សត្វព្រៃ​ប្រកបដោយ​ចីរភាព ចូលរួម​ជំរុញ​ការថែរក្សា​គម្រប​ព្រៃឈើ​ឲ្យបាន​ល្អ​ប្រសើរ ព្រមទាំង​បង្កើន​ចំណូល​របស់​សហគមន៍​ព្រៃឈើ​ឲ្យ​កើន​២០%/​ឆ្នាំ តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម និង​ជំរុញ​ការស្តារ​ព្រៃឈើ​ឡើងវិញ ព្រមទាំង​បន្ត​អនុវត្ត​នូវ​វិធានការ​ចាំបាច់​នានា ដើម្បី​ចូលរួម​ចំណែក​ធ្វើឲ្យ​ប្រព័ន្ធ​អេកូឡូស៊ី​មាន​ចីរភាព​។​

​គួរ​រំលឹក​ផងដែរ​ថា អង្គការ IFAD ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៦ រហូតមក​ទល់​បច្ចុប្បន្ន​តាមរយៈ​ការផ្តល់​នូវ​ជំនួយ​ហិរញ្ញប្បទាន​សម្រាប់​អនុវត្ត​គម្រោង​ជាច្រើន​ក្នុង​បំណង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​ក្រីក្រ​នៅ​ជនបទ ជា​ពិសេស​កសិករ​ដែល​មាន​ដី​តិច តាមរយៈ​ការបង្កើន​ផលិតភាព​កសិកម្ម ការជំរុញ​ការអនុវត្ត​កសិកម្ម​ចម្រុះ​ដោយ​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការកសាង​សមត្ថភាព​របស់​មន្ត្រី​អនុវត្ត​គម្រោង​ក៏​ដូចជា​ការអភិវឌ្ឍ​សមត្ថភាព​របស់​ប្រជាកសិករ និង​សហគមន៍ (​កសិកម្ម នេសាទ និង​ព្រៃឈើ​) ដែល​នៅ​ដាច់ស្រយាល ដោយ​ឈរ​លើ​សុ​ឆន្ទៈ និង​ឧត្តមគតិ​គិតគូរ​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​៕

ព័ត៌មានផ្សេងទៀត