តំណាងរាស្ត្រ​អាមេរិក​​ស្នើ​លោក​ហ៊ុន សែន​ ចរចា​​ជាមួយ​បក្សប្រឆាំង​​ជាជាង​​ការប្រើ​ហិង្សា​​

04-10-2019 10:50 am 941

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ជា​សាធារណៈ​រួចហើយ​ទៅលើ​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា នឹងត្រូវ​ចាប់ខ្លួន និង​ចោទប្រកាន់​បើ​ពួកគេ​ហ៊ាន​ចូលរួម​ក្នុង​យុទ្ធនាការ​គាំទ្រ​ដំណើរ​និវត្តន៍​របស់លោក​សម រង្ស៊ី​។ 

​មកដល់ពេលនេះ សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៣០ នាក់​ហើយ ដែល​ត្រូវបាន​តុលាការ អាជ្ញាធរ​កម្ពុជា ចាប់ និង​ឃុំខ្លួន ជាប់​ពាក់ព័ន្ធ​នឹង​ការ​កៀរគរ ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​គាំទ្រ​គម្រោង​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​របស់លោក​សម រង្ស៊ី នៅ​ថ្ងៃទី​៩ វិច្ឆិកា ខាងមុខនេះ​។ ពួកគេ​ត្រូវ​តុ​លាករ​ចោទ​ពីបទ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យមាន​ភាពវឹកវរ​ដល់ស​ង្គ​ម​»​។​

​ដោយ​មើលឃើញ​ការបង្ក្រាប​លើ​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​នៅមុន​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​សម រង្ស៊ី នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា ខាងមុខ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ដ៏​មាន​ឥទ្ធិពល​មួយរូប គឺ​លោក​ថេត យូ​ហូ បាន​បញ្ជាក់ថា អនាគត​ប្រទេស​កម្ពុជា​អាស្រ័យ​លើ​ការឆ្លើយតប​របស់លោក​ហ៊ុន សែន​ចំពោះ​ស្ថានការណ៍​ដ៏​ផុយស្រួយ​នៅពេល​ខាងមុខនេះ​។ លោក​បាន​ស្នើឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ជ្រើសរើស​ផ្លូវ​ចរចា​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាជាង​ការប្រើ​ហិង្សា​។​

​លោក​ថេត យូ​ហូ បាន​ផ្ញើ​សារ​បែបនេះ ទៅកាន់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ដោយបាន​បញ្ជាក់ថា សហគមន៍​អន្តរជាតិ​ទាំងមូល​នឹង​តាមដាន​មើល និង​វាយតម្លៃ​សភាព​ការណ‍៍ នៃ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​សមរង្ស៊ី​និង​អ្នកដឹកនាំ​ដទៃទៀត​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ការសម្ដែង​នូវ​ការសោកស្ដាយ និង​មិន​យល់ ការលើកឡើង​របស់លោក​ថេត យូ​ហូ ពេលនេះ​។ លោក​ផៃ ស៊ី​ផាន និយាយថា ជា​សមាជិកសភា​ប្រទេសមួយ​ដែល តែ​បែរជា​លើកឡើង​នូវ​សេចក្តី​កោត​ស​សើរ​ចំពោះ​ឧក្រិដ្ឋជន និង​ជា​មេ​រៀបចំ​រដ្ឋប្រហារ​ផ្ដួលរំលំ​របបរាជានិយម នៅ​កម្ពុជា ទៅវិញ​។​

​លោក​ផៃ ស៊ី​ផាន ហៅ​ការលើកឡើង​នេះ ក្នុងទិសដៅ​លើកទឹកចិត្ត​ដល់​ឧក្រិដ្ឋជន ក្នុង​កិច្ច​ធ្វើ​សកម្មភាព​រំលោភច្បាប់​បំផ្លាញ​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ផ្ទុយ ពី​ឧត្តមគតិ និង​គោលការណ៍​របស់​បរទេស​ខ្លួន​ផ្ទាល់​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​យ៉ាងច្បាស់​ថា រាជរដ្ឋាភិបាល មិនមាន​កាតព្វកិច្ច និង​សារៈប្រយោជន៍ ណាមួយ ក្នុង​កិច្ចចរចា​ជាមួយនឹង​បុគ្គល ឬ​ក្រុម​ដែល​មានបំណង និង​បានរៀបចំ​ធ្វើ​រដ្ឋប្រហារ នោះទេ​។​

​សូមបញ្ជាក់ថា លោក​ថេត យូ​ហូ ក៏​ជា​អ្នក​ដែល​បានស្នើ​សេចក្តីព្រាងច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា HR526 ដែល​ត្រូវបាន​សភាតំណាងរាស្ត្រ​អនុម័ត​កាលពីដើម​ខែកក្កដា ផងដែរ​។ សេចក្តីព្រាងច្បាប់​នេះ កំពុង​ស្ថិតនៅ​ព្រឹទ្ធសភាជាតិ​រង់ចាំ​ការពិភាក្សា​៕

ព័ត៌មានផ្សេងទៀត