លោក​ត្រាំ​ថា​​ទោះ​កូរ៉េខាងជើង​​បាញ់​មី​ស៊ី​ល​​ក៏​ការចរចា​​នៅ​បន្ដធ្វើ​ដដែល​

04-10-2019 9:14 am 198
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយ​ទាក់ទង​នឹង​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ជាថ្មី ដោយ​អះអាងថា​ផែនការ​ចរចា​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​នឹង​បន្ដ​ដូច​គ្រោងទុក​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​លោក​ត្រាំ​ឲ្យដឹងថា កូរ៉េខាងជើង​ចង់​មាន​កិច្ចពិភាក្សា​ដូច្នេះ​អាមេរិក​នឹង​ពិភាក្សា​ជាមួយ ហើយ​គ្រប់គ្នា​នឹង​បានឃើញ​។ តាម​ការកំណត់​កិច្ចពិភាក្សា​ជាន់ខ្ពស់​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​៥​ខែតុលា​នេះហើយ​។​

​សូមបញ្ជាក់ថា កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​កាលពី​ព្រឹក​ថ្ងៃទី​០២​ខែតុលា​នេះ បង្កឲ្យមាន​ការភ្ញាក់ផ្អើ​ល​ម្ដងទៀត​។ ការ​ធ្វើតេស្ដ​លើក​នេះ​គឺជា​លើក​ទី​៩​ហើយ​។ ចំពោះ​ប្រទេស​កូរ៉េខាងត្បូង​ចាត់ទុក​ទង្វើ​របស់​កូរ៉េខាងជើង​គឺជា​បង្កើន​ភាព​តានតឹង មិន​គិតពី​ប្រយោជន៍​រួម​នៅលើ​ឧបទ្វីប​កូរ៉េ​។ ចំណែក​នាយករដ្ឋមន្ដ្រី​ជប៉ុន​វិញ​ក៏​ចេញ​ប្រតិកម្ម​ដែរថា ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង គឺជា​ការរំលោភ​លើ​សេចក្ដីសម្រេច​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​៕

ព័ត៌មានផ្សេងទៀត