មន្ដ្រីប៉ូលិស​​បួនរូប​​ត្រូវ​បុរស​ម្នាក់​​ចាក់​សម្លាប់​​ដល់​កន្លែងធ្វើកា​រ​​ក្នុង​ទី​ក្រុងប៉ារីស​

04-10-2019 7:56 am 239

​បុរស​ម្នាក់​ប្រដាប់​ដោយ​កាំបិត​បាន​ចាក់​សម្លាប់​មន្ដ្រីប៉ូលិស​បួនរូប នៅ​ទីបញ្ជាការ​ប៉ូលិស​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ជនបង្ក​ត្រូវបាន​បាញ់សម្លាប់​។ ករណី​ចាក់​សម្លាប់​មនុស្ស​នេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​យ៉ាងហោចណាស់​មាន​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយ​នៅ​ជិត​វិហារ​ណូ​ត្រេ​ដាម និង​តំបន់​ទេសចរណ៍​ធំៗ​ផ្សេងទៀត​ត្រូវ​បិទទ្វារ​។ 

​តាម​ប្រភពព័ត៌មាន​បានឲ្យដឹងថា ជន​ជា​អ្នក​វាយប្រហារ​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស នៅក្នុង​ទីធ្លា​អគារ​ជា​កន្លែង​ដែល​រូបគេ​ធ្លាប់​ធ្វើជា​បុគ្គលិក​។ បុរស​រូបនោះ​ធ្វើការ​នៅ​ផ្នែក​រដ្ឋបាល ប៉ុន្ដែ​គេ​ពុំទាន់​ដឹង​ពី​តួនាទី​ការងារ​ច្បាស់លាស់​ទេ​។ ក្រុម​ស៊ើបអង្កេត​ដាក់​ការសង្ស័យថា ជម្លោះ​នៅ​កន្លែងធ្វើការ​បង្កឲ្យមាន​ការវាយប្រ​ហារ​ដោយ​ប្រើ​កាំបិតចាក់​សម្លាប់ម​នុស្ស​ដូច្នេះ ប៉ុន្ដែ​នៅ​ពុំទាន់​មាន​លម្អិត​ឡើយ​។ រហូតដល់​ពេលនេះ​ក៏​ពុំទាន់​មានការ​បញ្ជាក់ដែរថា ការវាយប្រហារ​នេះ​អាច​ត្រូវបាន​លើក​ទឹកចិត្ដ​ដោយ​ក្រុម​ណា​មួយនោះ​។​

​គួររម្លឹកថា ប្រទេស​បារាំង​បាន​រង្គោះរង្គើ​តាំងពី​ឆ្នាំ​២០១៥ ដោយសារ​ការវាយប្រហា​រ​ជា​បន្ដបន្ទាប់ ហើយ​គេ​បាន​ស្ដីបន្ទោស​យ៉ាងខ្លាំង​លើ​ក្រុម​ជី​ហាដ ដែល​រួមមាន​ទាំង​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ និង​ការវាយប្រហារ​ដោយ​ប្រើ​កាំបិត កាំភ្លើង ដាច់ដោយឡែក​ពីគ្នា បានសម្លាប់​មនុស្ស​ជាង​២៥០​នាក់​៕

ព័ត៌មានផ្សេងទៀត