នាយករដ្ឋមន្ដ្រីអង់គ្លេសលោកបូរីស ចនសុនកាលពីថ្ងៃទី០២តុលា បានបង្ហាញពីផែនការចុងក្រោយរបស់លោកទាក់ទងនឹងការដឹកដៃអង់គ្លេសចេញពីអឺរ៉ុប។ លោកបានប្រកាសព្រមានដល់មេដឹកនាំអឺរ៉ុបថា អង់គ្លេសនឹងដើរចេញដោយគ្មានកិច្ចព្រមព្រៀងតាមកាលកំណត់នៅថ្ងៃទី៣១តុលា ប្រសិនបើពួកគេមិនទទួលយកសំណើដែលបានដាក់ជូនទេ។ ការប្រកាសរបស់លោកនាយករដ្ឋមន្ដ្រីដូច្នេះ បានធ្វើឲ្យមេដឹកនាំអឺរ៉ុបនិងបក្សប្រឆាំងអង់គ្លេសព្រួយបារម្ភជាខ្លាំង។ ព្រួយបារម្ភពាក់ព័ន្ធនឹងភាពចលាចលសេដ្ឋកិច្ច ប្រសិនបើអង់គ្លេសសម្រេចបញ្ចប់ភាពជាសមាជិកអឺរ៉ុប៤៦ឆ្នាំរបស់ខ្លួនត្រឹមពេលនេះ ដោយគ្មានកិច្ចព្រមព្រៀងត្រឹមត្រូវ។
លោកចនសុនធ្លាប់ព្រមានថា នោះគឺជាការផ្ដល់ឲ្យចុងក្រោយរបស់លោកហើយ ប៉ុន្ដែសេចក្ដីសម្រេចថ្មីពុំទទួលបានការឆ្លើយតបល្អប្រសើរទេ។ សមាជិកសភាសហភាពអឺរ៉ុបបាននិយាយថា សភាអឺរ៉ុបដំបូងឡើយបញ្ចេញប្រតិកម្មថា វាមិនមែនជាផែនការវិជ្ជមានទាំងស្រុងឡើយ។ មានន័យថាទោះបីជាចំណុចខ្លះអាចទទួលយកបាន ប៉ុន្ដែនៅមានចំណុចមួយចំនួនគ្រោះថ្នាក់ដដែល។
យ៉ាងណាមិញលោកនាយករដ្ឋមន្ដ្រីនៅតែអះអាងថា រដ្ឋាភិបាលរបស់លោកមានពេលដល់ថ្ងៃទី១១តុលា ដើម្បីដាក់ចេញនូវគោលការណ៍សម្របសម្រួល។ ដូច្នេះលោកអាចបញ្ចូលគោលការណ៍ទៅក្នុងរបៀបវារៈ សម្រាប់កិច្ចប្រជុំមេដឹកនាំអឺរ៉ុបក្នុងទីក្រុងព្រុចសែលនៅថ្ងៃទី១៧-១៨តុលាបាន។ លោកសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំគណបក្សអភិរក្សរបស់លោកថា ចូរកុំមានការសង្ស័យទៀត អ្វីដែលជាជម្រើសគឺថា ជាជម្រើសមិនមានកិច្ចព្រមព្រៀងទេ។ វាមិនមែនជាលទ្ធផលដែលខំស្វែងរកទាល់តែសោះ ប៉ុន្ដែវាគឺជាលទ្ធផលដែលមានការត្រៀមខ្លួនរួចជាស្រេច។
សូមបញ្ជាក់ថា ផែនការថ្មីរបស់លោកចនសុនរួមបញ្ចូលបទប្បញ្ញត្ដិជាមូលដ្ឋានមួយចំនួន ក្នុងនោះមានការកំណត់ពេលវេលាដែលមានសក្ដានុពលរយៈពេល៤ឆ្នាំ ដែលមេដឹកនាំសហភាពអឺរ៉ុបបានច្រានចោលយ៉ាងដាច់អហង្ការកន្លងមក។ ចំពោះផែនការចាកចេញពីអឺរ៉ុបរបស់អង់គ្លេសនេះ បានជាប់គាំងតាំងពីក្រោយបោះឆ្នោតប្រជាមតិឆ្នាំ២០១៦មកម្ល៉េះ៕