៩​ខែ​មក​នេះ​កម្ពុជា​ទទួល​ប្រាក់​ជំនួយ​ពី​ជប៉ុន​ជិត​៦០​លាន​ដុល្លារ​

03-10-2019 4:00 pm 207

​គិត​ត្រឹម​រយៈពេល​៩​ខែ ឆ្នាំ​២០១៩ រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជំនួយ​សរុប​ជិត​៦០​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​សំណាក់ លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅក្នុង​ពី​ធី​ចុះហត្ថលេខា លើ​លិខិត​ប្ដូរ​សារ ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន នៅ​ទីស្តីការ​ក្រសួងការបរទេស នា​ថ្ងៃ​ទី​០៣ ខែ​តុលា​នេះ​។​

​លោក​ប្រាក់ សុខុន មានប្រសាសន៍​បញ្ជាក់​ថា ថវិកា​ជំនួយ​ទាំងនោះ ធ្វើឡើង​តាមរយៈ ការចុះ ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា​ស្ដីពី ហិរញ្ញប្បទាន​របស់​ជ​ប៉ុន ចំនួន​៣​លើក សរុប​ប្រមាណ​ជិត​៦០​លាន​ដុល្លារ​។​

​គួរបញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ឯកអគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​០៣ ខែ​តុលា​នេះ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ខ្លួន ដែល​មាន​ទឹកប្រាក់​សរុប ២,៧៧៧​លាន​យ៉េន (​ជិត​២៦​លាន​ដុល្លារ​អាម៉េរិក​) សម្រាប់​អនុវត្តន៍​គម្រោង «​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ ក្នុង​រាជធានី​ភ្នំពេញ​»​។​

​តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ ជប៉ុន​នឹង​សាងសង់​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មុន​នឹង​បង្ហូរ​ចូល ទៅ​ក្នុង​បឹង​ជើង​ឯង​ភាគខាងត្បូង រាជធានី​ភ្នំពេញ​។ ជំនួយ​របស់​ជប៉ុន​នេះ នឹង​រួមចំណែក​ដ៏​សំខាន់ ដល់​ការធ្វើឲ្យ​ប្រសើរឡើង នូវ​បរិស្ថាន​រស់​នៅក្នុង​ប្រទេស​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត