ក្រសួង​កសិកម្ម ដាក់ចេញ​វិធានការ​៣​ចំណុច​សម្រួល​ដល់​ការវិនិយោគ​វិស័យ​កសិកម្ម​

03-10-2019 11:36 am 62
  ស្តាប់
ស្តាប់ជាសំឡេង

​វេទិកាសាធារណ​:​លើក​ទី​១៨ បាន​ដាក់​ចេញ​វិធានការឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវ​ត្ត ដើម្បី​អភិវឌ្ឍ និង ជួយ​សម្រួល​ដល់​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ដែល​ការដាក់ចេញ​នេះ ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព កាលពី​ថ្ងៃ​ទី​០២ តុលា ឆ្នាំ​២០១៩ ដែល​ដឹកនាំ​ដោយ​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ 

​ដើម្បី​ជួយ​សម្រួល​ដល់​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍន៍​វិស័យ​នេះ ក៏​ដូចជា​ការឆ្លើយតប​នឹង​សំណូមពរ​ពី​វិស័យ​ឯកជន វេទិកាសាធារណ​:​លើក​ទី​១៨ បាន​ដាក់​ចេញ​វិធានការ​៣​ចំណុច​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត គឺ​ទី​១ ដាក់​អាក​រលើ​តម្លៃ​បន្ថែម​សម្រាប់​ការផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ដល់​សហគ្រាស​ផលិត​ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​នូវ​ស្រូវ​-​អង្ករ ពោត សណ្តែក ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី និង​ជ័រកៅស៊ូ ជា​បន្ទុក​របស់​រដ្ឋរ​ហូត​ដល់​ដំណាច់ឆ្នាំ​២០២៣​។ 

​ទី​២. អនុគ្រោះ​ដល់​សហគ្រាស​ផលិត​ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ នូវ​ស្រូវ​-​អង្ករ ពោត សណ្តែក ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី និង​ជ័រកៅស៊ូ ឲ្យ​រួចផុត​ពី​កាតព្វកិច្ច​កាត់​ទុក​ប្រាក់​ពន្ធ​លើ​ការទូទាត់ ចំពោះ​ការផ្គត់ផ្គង់​សេវា​ដោយ​បុគ្គល​មិន​ស្ថិត​ក្នុង​របប​ស្វ័យ​ប្រកាស​រហូតដល់​ដំណាច់​ឆ្នាំ​២០៣០ និង​ទី​៣. អគ្គនាយកដ្ឋាន​ពន្ធដា​រ​ចេញ​វិញ្ញាបនបត្រ​អាករ​លើ​តម្លៃ​បន្ថែម ជា​បន្ទុក​របស់​រដ្ឋ​ដល់​សហគ្រាស​ផលិត​ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​នូវ​ស្រូវ​-​អង្ករ ពោត សណ្តែក ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី និង​ជ័រកៅស៊ូ​ដែល​មាន​សុពលភាព​១​ឆ្នាំ​ម្តង ក្នុងករណី​ដែល​សហគ្រាស​នោះ​កាន់​បញ្ជិកា​គណនេយ្យ​ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​បាន​ជំរុញ​បន្ត​យកចិត្តទុកដាក់​បង្កើន​តម្លៃ​បន្ថែម​លើ​ការផលិត ការនាំ​ចេញ​អង្ករ កសិផល​កែច្នៃ​ឲ្យបាន​១២% នៅ​ត្រឹម​ឆ្នាំ​២០២៥ ក្នុងនោះ​មាន​ផលិតផល​សត្វ និង​វារីវប្បកម្ម ព្រមទាំង​ការលើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង​វិស័យ​ក​សិ​-​ឧស្សាហកម្ម ដែល​មាន​អាទិភាព​ចម្បង​ដូច​បាន​កំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥៕

ព័ត៌មានផ្សេងទៀត