កម្ពុជា និង​អារ៉ាប់ប៊ីសាអូឌីត​ រៀបចំ​អនុស្សរណៈ​លើ​វិស័យ​ទេសចរណ៍​ និង​ត​ភ្ជាប់​ជើងហោះហើរ​​

03-10-2019 11:01 am 84
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​០២ តុលា នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកអគ្គរាជទូត​អារ៉ាប់ប៊ីសាអូឌីត​ប្រចាំ​វៀតណាម​-​កម្ពុជា បាន​ឯកភាព​លើក​ការរៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ដើម្បី​រួមចំណែក​ជំរុញ​ឱ្យ​វិស័យនេះ បន្ត​ការអភិវឌ្ឍ​បន្ថែមទៀត និង​ធ្វើយ៉ាងណា​ជួយ​ជំរុញឱ្យមាន​ការហោះហើរ​ត្រង់​ពី​អារ៉ាប់ប៊ីសាអូឌីត​មក​កាន់​កម្ពុជា ឬ​តាមរយៈ​ការឆ្លងកាត់​ប្រទេសជិតខាង​ណាមួយ​។​

​ការលើកឡើង​នេះ ឯកអគ្គរាជទូត​អារ៉ាប់ប៊ីសាអូឌី​តបាន​បញ្ជាក់ថា ភាគី​អារ៉ាប់ប៊ីសាអូឌីត បាន និង​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ដើម្បី​ពន្លឿន​ការហោះហើរ ពី​អារ៉ាប់ប៊ីសាអូឌីត មក​កម្ពុជា ដោយ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ហាណូយ​។​

លោក​ថោង ខុន ក៏​បានស្នើ​ឱ្យមាន​ការរៀប​ចំ​ដំណើរ​ទស្សនកិច្ច​សិក្សា (Fam Trip) របស់​ក្រុម​អ្នកសារព័ត៌មាន អ្នកវិនិយោគ និង​ទេសចរ​មកពី​អារ៉ាប់ប៊ីសាអូឌីត​មក​កាន់​កម្ពុជា ហើយ​កម្ពុជា​ក៏​សន្យា​ធ្វើ​បែប​នោះ​ដូចគ្នា ដើម្បី​ផ្លាស់ប្ដូរ​ទស្សនកិច្ច​លើ​វិស័យ​ទេសចរណ៍​ពីគ្នា​ទៅវិញទៅមក​។​

​ក្រៅពីនោះ ភាគី​កម្ពុជា​ក៏​បានស្នើ​បន្ថែម​ឱ្យមាន​ការតភ្ជាប់​ដំណើរ​ទេសចរណ៍​តាម​នាវា​សមុទ្រ​ពី​អារ៉ាប់ប៊ីសាអូឌីត​មក​កាន់​ក្រុងព្រះសីហនុ ដើម្បី​ទទួលយក​ដំណើរ​ទេសចរណ៍​បន្ថែម​នៅ​ទីនោះ​ផង និង​អាច​ហួស​មក​ទស្សនា​នៅ​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប​ផង​។ ភាគី​អារ៉ាប់​បី​សា​អូឌីត បាន​យល់ព្រម​សំណើ​ទាំងនេះ និង​សន្យា​យក​សំណើ​នេះ ទៅកាន់​រាជរដ្ឋាភិបាល​របស់ខ្លួន​បន្តទៀត​។​

​សូមបញ្ជាក់ថា ចំពោះ​ការរៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ខាងលើ​នោះ លោក​ថោង ខុន បាន​ចាត់ចែង​ក្រុមការងារ​តាម​នាយកដ្ឋាន​ជំនាញ សហការគ្នា​ធ្វើ​សេចក្ដីព្រាង​អនុស្សរណៈ ដើម្បី​ត្រៀម​ចុះហត្ថលេខា​ជាមួយគ្នា នៅពេល​មានដំណើរ​ទស្សនកិច្ចរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ ឬ​ក្នុងពេល​សមស្រប​ណាមួយ​នា​ថ្ងៃ​ខាងមុខ​៕

 

ព័ត៌មានផ្សេងទៀត