ប្រជាជន​ហុងកុង​​​នាំគ្នា​ប្រមូលផ្ដុំ​​ជាថ្មី​​ថ្កោលទោស​​​​​ប៉ូលិស​​បាញ់​យុវជន​​ម្នាក់​

03-10-2019 10:53 am 148
រូបភាព​​ការតវ៉ា​ផ្ទុះជាអំពើហិង្សា

​ប្រជាជន​ហុងកុង​បាននាំគ្នា​ចេញ​ប្រមូលផ្ដុំ​នៅលើ​ដងផ្លូវ​ជាថ្មី​កាលពី​យប់​ថ្ងៃ​ពុធ ដើម្បី​ថ្កោលទោស​លើ​ប៉ូលិស​ដែល​បាញ់​យុវជន​ម្នាក់​ចូលរួម​ក្នុង​ការតវ៉ា​។ យុវជន​ជា​សិស្សសាលា​វ័យ​១៨​ឆ្នាំ​រូបនេះ បាន​ក្លាយជា​ជនរងគ្រោះ​ដំបូង​គេ​ដែល​ត្រូវ​ប៉ូលិស​បាញ់ គិត​តាំងពី​មាន​ការតវ៉ា​តាម​ដងផ្លូវ​ជិត​៤​ខែ​មកនេះ​។ រូបគេ​បាន​ចូលរួម​ក្នុង​ការប្រមូលផ្ដុំ​រម្លឹក​ខួប​៧០​ឆ្នាំ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្ដាលឲ្យ​រងរបួស​ធ្ងន់​។​

​ជុំវិញ​ហេតុការណ៍​នេះ​ប៉ូលិស​បាន​និយាយថា វា​ជា​ការការពារ​ខ្លួន​ប៉ុណ្ណោះ ប៉ុន្ដែ​ករណី​ប៉ូលិស​ប្រើប្រាស់​អាវុធ​កំពុង​បង្ក​កំហឹង​កាន់តែខ្លាំង​ដល់​សាធារណជន​។ ក្រុម​ប្រមូលផ្ដុំ​បាននាំគ្នា​ប្រឆាំង​ដាច់ខាត នឹង​ការប្រើ​ប្រាក់​អាវុធ​ដោះស្រាយ​ភាពជាប់គាំង ដោយ​លើក​បដា​សរសេរថា “​កុំ​បាញ់​កូនៗ​របស់​យើង​”​។ ការតវ៉ា​ខ្លះ​ក៏​ផ្ទុះ​ជា​អំពើហិង្សា​ផងដែរ ដោយ​ឃើញ​មានការ​គប់​គ្រាប់បែក​ភ្លើង​ចូលក្នុង​អគារ​ប៉ូលិស​។ ប៉ូលិស​ក៏​ឆ្លើយតប​ដោយ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុម​តវ៉ា​។​

​ការតវ៉ា​នៅ​ហុងកុង​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​០៩​ខែមិថុនា ដើមហេតុ​ដំបូង​គឺ​ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ប៉ុន្ដែ​រហូតដល់​បច្ចុប្បន្ន ទោះ​សេចក្ដីព្រាងច្បាប់​ត្រូវ​លុបចោល​ហើយ ក៏​ពុំទាន់​រកឃើញ​ដំណោះស្រាយ​បញ្ចប់វិបត្ដិ​នៅឡើយ​៕

 ពាក្យគន្លឹះ  ហុងកុងការតវ៉ា

ព័ត៌មានផ្សេងទៀត