លោក​ហ៊ុន ម៉ា​ណែ​ត​៖ ខ្ញុំ​សង្ឃឹម​លោក​សម រង្ស៊ី នឹង​ឲ្យ​តម្លៃ​ដល់​ការបំភ្លឺ​របស់​ទូត​អាមេរិក​

03-10-2019 10:37 am 212
  ស្តាប់
ស្តាប់ជាសំឡេង

​ភ្លាមៗ​បន្ទាប់ពី​មាន​ការបំភ្លឺ​ពី​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការផ្តល់​សញ្ញាបត្រ​ថ្នាក់​ឧត្តមសិក្សា​របស់សហរ​ដ្ឋ​អាមេរិកនោះ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេ​សប៊ុក​ថា លោក សម រង្ស៉ី នឹង​មិន​ចាត់​ទុក​ការបកស្រាយ​នេះ​ថា ជា​ការបកស្រាយ​ក្លែងក្លាយ​នោះទេ​។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​សរសេ​រលើ Facebook ផ្លូវការ​របស់​លោក នៅ​យប់​ថ្ងៃទី​០២ ខែ​តុលា​ថា​៖ «​ការបំភ្លឺ​របស់ អ្នកស្រី Emily V. Zeerberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក ទាក់ទង​នឹង​លក្ខខណ្ឌ នៃ​ការផ្តល់​សញ្ញាបត្រ​ឲ្យ​និស្សិត​ទាំងអស់ ដែល​បញ្ចប់​ការសិក្សា នៅ​គ្រឹះស្ថានឧត្តមសិក្សា​រប​ស់​សហរដ្ឋអាមេរិក ដែល​មិន​ប្រកាន់​ប្រទេស​កំណើត ពោល​គឺ​គ្មាន​ការរើសអើង​រវាង​និស្សិត​អាមេរិក និង​និស្សិត​បរទេស​ទេ​»​។​

លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា លោក​នឹង​ឲ្យ​តម្លៃ​ដល់​ការបំភ្លឺ របស់​អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក ដែល​ចេញ​ការពារ​តម្លៃ នៃ​ប្រព័ន្ធ​អប់រំ​សហរដ្ឋអាមេរិក ជាពិសេស​គ្រឹះស្ថាន​ថ្នាក់​ឧត្តមសិក្សា​ល្បីៗ របស់​អាមេរិក ហើយ​សង្ឃឹមថា លោក សម រង្ស៊ី នឹង​មិន​ចាត់​ទុក​ការបកស្រាយ​របស់​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក ជា​ការបកស្រាយ​ក្លែងក្លាយ ឬ​ជា​ការបកស្រាយ​ការទូត នោះទេ :)»​។​

​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ជន​ទាំងឡាយ ដែល​បញ្ចប់​ការសិក្សា នៅ​មហាវិទ្យាល័យ សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​ថ្នាក់​ឧត្តមសិក្សា នឹង​ទទួលបាន​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ ប្រសិន​បើ​ពួកគេ​បំពេញ​តាម​លក្ខខណ្ឌ នៃ​គ្រឹះស្ថាន​សិក្សា​ទាំងនោះ​បាន ដោយ​មិន​ប្រកាន់​ប្រទេស​កំណើត​ទេ​។​

​ការបញ្ជាក់​អះអាង​នេះ ធ្វើឡើង​បន្ទាប់​ពី លោក សម រង្ស៊ី អតីត​មេដឹកនាំ​ក្រុម​ប្រឆាំង បាន​វាយប្រហា​រលោក​ហ៊ុន ម៉ា​ណែ​ត ថា​សញ្ញាបត្រ​ដែល​ទទួល​បាន ពី​សាលា​បណ្ឌិតសភាយោធា West Point របស់​សហរដ្ឋអាមេរិក ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​ជា​សញ្ញាបត្រ​ការទូត​។​

​ក្រោយ​ការវាយប្រហារ​រិះគន់​បែបនេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​បបួល លោក សម រង្ស៉ី ភ្នាល់​គ្នា ដោយ​ដាក់​លក្ខខណ្ឌ​២​ចំណុច​គឺ​៖ បើសិនជា សាលា West Point ពិតជា​មាន​ការបែងចែក​ស្តង់ដារ​ខុស​គ្នា​រវាង និស្សិត​យោធា​បរទេស និង​អាមេរិក​មែន​ដូច លោក សម រង្ស៊ី និយាយ​មែន​នោះ លោក​នឹង​លាលែង​តួនាទី​ទាំងអស់ ប៉ុន្តែ​បើ​លោក សម រង្ស៊ី មិន​អាច​បង្ហាញ​ថា សាលា West Point មាន​សញ្ញាបត្រ​២​ប្រភេទ​ដែល​មាន​តម្លៃ​ខុស​គ្នា​ទេ សូមឲ្យ​លោក សម រង្ស៊ី លាឈប់​ពី​នយោបាយ​ជា​រៀងរហូត​។​

​តែ​យ៉ាងណាមិញ លោក សម រង្ស៊ី ពុំ​ហ៊ាន​ភ្នាល់​នោះទេ ដោយ​បាន​បញ្ជាក់ថា «​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ត្រូវ​បង្ហាញ​តាមរយៈ​ស្នាដៃ​ជាក់ស្តែង និង​ស្មារតី​ទទួលខុសត្រូវ មិន​ចាំបាច់​ទៅ​ស្បថស្បែ ឬ​ភ្នាល់​គ្នា ដូច​កូនក្មេង​ទេ​»៕

ព័ត៌មានផ្សេងទៀត