លោកពូ​ទីន​ថា​​ធុន​ប៊ឺគ​​នៅក្មេង​ខ្ចី​​ពុំ​ទាន់យល់​​ពី​ពិភពលោក​​សម័យ​ទំនើប​ទេ​

03-10-2019 9:28 am 442

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​កាលពី​ថ្ងៃ​ពុធ បាន​ច្រានចោល​សម្ដី​សកម្មជន​បរិស្ថាន​និង​អាកាសធាតុ​កុមារី​ហ្គ្រេ​តា ធុន​ប៊ឺគ ជុំវិញ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ ពេល​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ថ្មីៗ​នេះ ធុន​ប៊ឺគ​បាន​បន្ទោស​ខ្លាំងៗ​ដល់​មេដឹកនាំ​ពិភពលោក ថា​បរាជ័យ​ក្នុង​ការប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​។ តែ​ជុំវិញ​ការលើកឡើង​របស់​ក្មេងស្រី​ជនជាតិ​ស៊ុយអែត​វ័យ​១៦​ឆ្នាំ​រូបនេះ លោកពូ​ទីន​បង្ហាញ​អារម្មណ​មិន​សប្បាយចិត្ដ​ឡើយ​។​

​លោកពូ​ទីន​សង្កត់ធ្ងន់ថា “​ខ្ញុំ​អាចធ្វើឲ្យ​អ្នកខកចិត្ដ ប៉ុន្ដែ​ខ្ញុំ​មិន​ចែករំលែក​នូវ​ការ​រំភើបចិត្ដ​ចំពោះ​សុន្ទរកថា​របស់​ហ្គ្រេ​តា ធុន​ប៊ឺគ​ទេ​។ គ្មាន​នរណាម្នាក់​បាន​ពន្យល់​ដល់​ហ្គ្រេ​តា​ទេថា ពិភពលោក​ក្នុងសម័យ​ទំនើប​នេះ​វា​ស្មុគស្មាញ​ប៉ុនណា​និង​ខុសគ្នា​ប៉ុនណា​។ មនុស្ស​នៅ​អាហ្វ្រិក​ឬ​នៅក្នុង​ប្រទេស​អាស៊ី​មួយចំនួន ក៏​ចង់​រស់នៅក្នុង​កម្រិតជីវភាព​ធូរធារ​ដូច​ក្នុងប្រទេស​ស៊ុយអែត​អ៊ីចឹង​ដែរ​។​” 

​លោកពូ​ទីន​បន្ថែមថា ក្មេង​ដែល​ចាប់អារម្មណ៍​ខ្លាំង​លើ​បញ្ហា​បរិស្ថាន​គួរតែ​ត្រូវបាន​គាំទ្រ ប៉ុន្ដែ​នាង​ក៏បាន​ចោទ​ឪពុកម្ដាយ​ថា​បាន​កេងចំណេញ​លើ​អ្វីដែល​នាង​បានធ្វើ​ដែរ​។ ដូច្នេះ​នៅពេល​នរណាម្នាក់​ប្រើប្រាស់​ក្មេង​និង​យុវជន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន វា​សម​នឹង​ទទួល​ការ​ថ្កោលទោស​។ លោកពូ​ទីន​ថា​លោក​ដឹង​ហ្គ្រេ​តា​គឺជា​ក្មេងស្រី​ដែលមាន​ចិត្ដល្អ​និង​ស្មោះត្រង់ ប៉ុន្ដែ​មនុស្សពេញវ័យ​មិន​ត្រូវធ្វើ​គ្រប់យ៉ាង ដើម្បី​នាំឲ្យ​ក្មេង​ជំទង់​និង​កុមារ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នោះទេ​។​

​គួរ​បញ្ជាក់ថា ហ្គ្រេ​តា ធុន​ប៊ឺគ​ជា​សកម្មជន​បរិស្ថាន​ជនជាតិ​ស៊ុយអែត កើត​នៅ​ថ្ងៃទី​០៣​ខែមករា​ឆ្នាំ​២០០៣​។ នាង​បាន​យកចិត្ដទុកដាក់​យ៉ាង​ខ្លាំង​លើ​ហានីភ័យ បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។ កាលពី​ឆ្នាំ​២០១៨​គ្រា​នាង​មាន​វ័យ​ត្រឹមតែ​១៥​ឆ្នាំ ធុន​ប៊ឺគ​បានគេច​ពី​សាលារៀ​នទៅ​តវ៉ា​ខាងក្រៅ​សភា​ស៊ុយអែត កាន់​ផ្ទាំង​បដា​អំពាវនាវ​ឲ្យ​ចាត់វិធានការ​ប្រឆាំង​ការ​ប្រែង​ប្រួល​អាកាសធាតុ​។ មិនយូរប៉ុន្មាន​សិស្ស​ដទៃទៀត​ក៏​នាំគ្នា​រៀបចំ​ការតវ៉ា​ស្រដៀង​គ្នា​នៅក្នុង​សហគមន៍​របស់​ពួកគេ​។ 

​មុន​ក្លាយជា​ក្មេងស្រី​ដែល​ល្បីល្បាញ​ដូច​បច្ចុប្បន្ន ធុន​ប៊ឺគ​ធ្លាប់​និយាយថា​នាង​ចាប់អារម្ម​ណ៍​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​លើកដំបូង​ក្នុង​ឆ្នាំ​២០១១ នៅពេល​នាង​មាន​អាយុ​៨​ឆ្នាំ​។ ក្រោយមកទៀត​នាង​កាន់តែ​មិន​យល់ ថា​ហេតុអ្វី​បានជា​មាន​ការចាត់វិធានកា​រ​តិចតួច​បំផុត​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​។ បី​ឆ្នាំក្រោយ​នាង​បាន​ជួប​បញ្ហា​ធ្លាក់​ទឹកចិត្ដ និង​មាន​ជំងឺ​ជាច្រើន​ដូចជា​ជំងឺ​វង្វេងស្មារតី​ជាដើម​។ ប៉ុន្ដែ​នាង​មិនបាន​ចុះចាញ់​រឿងរ៉ាវ​ដែល​កើតឡើង​ទេ នាង​បាន​យក​បញ្ហា​ទាំងនោះ​ធ្វើជា​អំណាច​ដើម្បី​ការផ្លាស់ប្ដូរ​មួយ ទីបំផុត​នាង​ក៏​អាចធ្វើ​វា​បាន​។ រីឯ​ការផ្លាស់ប្ដូរ​របស់​នាង​គឺជា​ការបន្ដសកម្មភាព​គាំ​ពារបរិស្ថាន ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​៕

ព័ត៌មានផ្សេងទៀត