ក្រសួង​កសិកម្ម​៖ ករណី​សត្វ​ស្គម​នៅ​ភ្នំ​តា​ម៉ៅ គឺ​ដោយសារ​សត្វ​មាន​ជំងឺ​មិនមែន​ខ្វះ​ចំណី​ឡើយ​

02-10-2019 7:48 pm 641
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់ពី​មាន​ការរិះគន់​អំពី​ភាព​ចន្លោះ​ខ្វះខាត ដែល​បណ្តែតបណ្តោយ​ឱ្យ​សត្វព្រៃ​មួយចំនួន​មាន​សភាព​ស្គមស្គាំង​ខ្លាំង ដោយសារ​ខ្វះ​ចំណីអាហារ​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្រសួង​កសិកម្ម​នៅ​ថ្ងៃនេះ បានបញ្ជាក់​ថា ករណី​សត្វព្រៃ​ស្គម​ទាំងនេះ ពុំមែន​ខ្វះ​ចំណីអាហារ​ដូច​ការរិះគន់​ឡើយ គឺ​មកពី​បញ្ហា​ផ្សេង...

​ក្រសួង​កសិកម្ម​បាន​អះអាងថា សត្វព្រៃ​ដែល​ស្គមស្គាំង​មួយចំនួន​តូច​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ មិនមែន​ខ្វះ​ចំណីអាហារ​ដូច​ការ​រិះគន់​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​ឡើយ សត្វ​ទាំងនោះ គឺជា​សត្វ​ដែល​មាន​ជំងឺ ឬ​មាន​របួស ដោយសារ​ការ​ដាក់​អន្ទាក់​ដោយ​ខុសច្បាប់ ឬ​មាន​អ្នក​ចិញ្ចឹម​មិន​ចង់​ចិញ្ចឹម ឬ​មាន​សុខភាព​ធ្លាក់ខ្លួន​ឈឺ​ស្គមស្គាំង ក៏​បាន​ប្រគល់​មក​ឱ្យ​សមត្ថកិច្ច​យកមក​ថែរក្សា និង​ព្យាបាល ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​២ ខែតុលា បាន​បញ្ជាក់​ឱ្យដឹងថា ដើម្បី​ចូលរួម​ថែរក្សា និង​ការពារ​សត្វព្រៃ​ដែល​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា​ឱ្យបាន​គង់វង្ស ក្រសួង​កសិកម្ម នឹង​បន្ត​យកចិត្តទុកដាក់​ក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ការផ្សព្វផ្សាយ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​នានា និង​ថែរក្សា ក៏ដូចជា​ព្យាបាល​សត្វព្រៃ​គ្រប់​ប្រភេទ សម្រាប់​ជា​កេរ​មេ​រតក​ដល់​កូនចៅ​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ ។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់​ពី​មានការ​បង្ហោះ​សារ​រិះគន់​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​កាលពី​ពេល​ថ្មីៗ​នេះ ចំពោះ​អ្នក​គ្រប់គ្រង​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ របស់​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែលមាន​ខ្លឹមសារ​ថា បាន​បណ្តោយ​ឱ្យ​សត្វព្រៃ​មួយចំនួន​ស្គមស្គាំង ដោយសារ​ខ្វះ​ចំណីអាហារ ។​

​នៅក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ឧទ្យាន​សួនសត្វ​និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ភ្នំ​តា​ម៉ៅ បាន​សង្គ្រោះ​សត្វព្រៃ​ថ្មី​ចំនួន ១.៨៩៣​ក្បាល ព្យាបាល​សត្វព្រៃ​ចំនួន​២៥៧​ក្បាល និង​កំពុង​ថែរក្សា​សត្វព្រៃ​ចំនួន​១.៥៨៦​ក្បាល ព្រមទាំង​បាន​ស្តា​លទ្ធភាព​ជីវសាស្ត្រ​សត្វព្រៃ​និង​ដោះលែង​សត្វព្រៃ​គ្រប់​ប្រភេទ​ទៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​ចំនួន ១.៤៨៤​ក្បាល ។​

​ដោយឡែក ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ ឧទ្យាន​សួនសត្វ​និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ បាន​សង្គ្រោះ​សត្វព្រៃ​ថ្មី​ចំនួន ៧៦៧​ក្បាល ព្យាបាល​សត្វព្រៃ​ចំនួន ២០៧​ក្បាល និង​កំពុង​ថែរក្សា​សត្វព្រៃ​ចំនួន ១.៦២៥​ក្បាល ព្រមទាំង​ស្តា​លទ្ធភាព​ជីវសាស្ត្រ​សត្វព្រៃ និង​ដោះលែង​សត្វព្រៃ​គ្រប់​ប្រភេទ​ទៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​ចំនួន ៦៧៤​ក្បាល ៕

 ពាក្យគន្លឹះ  សួនសត្វភ្នំតាម៉ៅ

ព័ត៌មានផ្សេងទៀត