លោក​ស៊ី​ ៖ ​គ្មាន​កម្លាំង​ណា​អាចធ្វើឲ្យ​រង្គោះរង្គើ​គ្រឹះ​របស់​ប្រទេ​សចិន​បានឡើយ​

01-10-2019 5:12 pm 525

​នៅ​ថ្ងៃទី​០១​ខែតុលា​ឆ្នាំ​២០១៩​នេះ ប្រទេស​ចិន​បាន​ប្រារព្ធ​ខួប​លើក​ទី​៧០ ( ០១ តុលា ១៩៤៩-០១ តុលា ២០១៩) នៃ​ការបង្កើត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។ កម្មវិធី​បាន​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង និង​មាន​ការរៀបចំ​ក្បួន​យោធា ព្រមទាំង​សព្វាវុធ​ទំនើបៗ នៅ​ទីលាន​ធាន​អាន​មែន ស្ថិតក្នុង​ទីក្រុង​ប៉េកាំង​។ នៅក្នុងពេល​បើក​កម្មវិធី លោក​ប្រធានាធិបតី​ចិន បាន​ថ្លែង​ទៅកាន់​កងកម្លាំង​គ្រប់​ប្រភេទ​ទាំងអស់​ថា គ្មាន​កម្លាំង​ណា អាចធ្វើឲ្យ​រង្គោះរង្គើ​ប្រជាជាតិដ៏​អស្ចារ្យ​នេះ​បានឡើយ ហើយ​គ្មាន​កម្លាំង​អ្វី អាច​បញ្ឈប់​ប្រជាជន​ចិន​និង​ប្រជាជាតិ​ចិន ដែល​កំពុង​បោះជំហាន​ឆ្ពោះទៅមុខ​នេះ​បានដែរ​។​

​បន្ទាប់ពី​ថ្លែង​សន្ទរកថា​ដ៏​មាន​អត្ថន័យ​នេះ លោក​ប្រធានាធិបតី បាន​ឡើងឈរ​ក្នុង​រថយន្ត​បើក​ដំបូល អមដោយ​រថយន្ត​ពីរ​គ្រឿង​ទៀត ដើម្បី​ទស្សនា​ក្បួន​យោធា និង​សព្វាវុធ​ទំនើបៗ រួមមាន​រថពាសដែក និង​យន្តហោះ​ចម្បាំង​បំបាំងកាយ ព្រមទាំង​សពា្វ​វុ​ធ​មួយចំនួន​ផ្សេងទៀត​។ ការ​ប្រារព្ធ​ខួប​លើក​ទី​៧០​នៃ​ការបង្កើត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រព្រឹត្តទៅ​យ៉ាង​គគ្រឹកគគ្រេង​។ ក្រៅពី​សំឡេង​កងកម្លាំង​ស្រែក​អបអរ ក៏មាន​ផងដែរ​នូវ​ការបង្ហាញ​ក្បួន​យន្តហោះ ហោះ​ជា​ទម្រង់​លេខ​៧០ លើ​ផ្ទៃ​អាកាស ជា​អ្វីដែល​សារព័ត៌មាន​រដ្ឋ​ចិន​ពណ៌នា​ថា ជា​ក្បួនព្យុហយាត្រា​យោធា​ធំ​បំផុត​របស់​ប្រទេស​។​

​បន្ថែម​លើ​នេះ ចិន​ក៏បាន​បង្ហាញខ្លួន​ជា​លើកដំបូង នូវ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ​ស៊េរី​ថ្មី​។ ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំងពីរ​ប្រភេទ​គឺ  H-6N ចំនួន​០៣​គ្រឿង និង H-6K ចំនួន​០៦​គ្រឿង បាន​ហោះ​បង្អួតខ្លួន​លើ​អាកាស នាំមុខ​យន្តហោះ ដែល​ហោះ​ក្នុង​ទម្រង់​លេខ​៧០ កាត់​ពីលើ​ទីលាន​ធាន​អា​មែន​។ 

​នៅ​ថ្ងៃទី ០១ ខែតុលា ឆ្នាំ ១៩៤៩ លោក​ប្រធាន​ម៉ៅ សេទុង បានប្រកាស​ពី​ការបង្កើត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ក្រោយ​កងកម្លាំង​បក្ស​កុម្មុនិស្ត បាន​យកឈ្នះ​សង្គ្រាមស៊ីវិល​។ លោក​ស៊ី ដែលជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល បន្ទាប់ពី​លោក​ម៉ៅ បាន​លើកយក​នូវ ក្តី​សុបិន នៃ​ការស្តា​ប្រទេសជាតិ​ឡើងវិញ ជា​ចក្ខុវិស័យ​ដ៏​អស្ចារ្យ​របស់លោក ក្នុង​ការស្តារ​ប្រទេស​ឡើងវិញ ដើម្បី​ទទួលបាន​នូវ​ភាពរុងរឿង​ដូច​កាលពី​អតីតកាល​៕

ព័ត៌មានផ្សេងទៀត