ភ្ញៀវទេសចរ​ជាង​១​លាន​នាក់​បាន​ដើរ​កម្សាន្ត​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​

01-10-2019 11:26 am 106
  ស្តាប់
ស្តាប់ជាសំឡេង

​យោង​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​រាជធានី​-​ខេត្ត ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បាន​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី ២៩ កញ្ញា ឆ្នាំ​២០១៩​នេះ មាន​ចំនួន ១.៤៣៧.៩៨៨ នាក់ កើនឡើង ៣៧,២៥%​។ 

​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​បី​ថ្ងៃនេះ ភ្ញៀវទេសចរ​ប្រមាណ​ជាង​មួយ​លាន​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ត ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១.៣៦១.២៤០ នាក់ កើនឡើង ៣៤,៩១% និង ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៧៦.៧៤៨ នាក់ កើនឡើង ៩៨.១៤%​។​

​របាយការណ៍​របស់​ម​ន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត បានឲ្យដឹងថា ការរៀបចំ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍ មាន​ការរីកចំរើន​កាន់តែ​ប្រសើរ ដែល​ធ្វើឲ្យ​ចំនួន​ភ្ញៀវទេសចរ​មានការ​កើនឡើង ទោះបីជា​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់ ពិសេស​ការទប់ស្កាត់​ការដំឡើងថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍ ដោយ​មាន​ការបង្ហាញ​តម្លៃ​ជម្រាបជូន​ភ្ញៀវ​ជាមុន​បាន​ត្រឹមត្រូវ ស្រប​តាម​សារាចរ​ណែនាំ​របស់​ក្រសួង​ទេសចរណ៍។

យ៉ាងនេះ ក្តី បញ្ហា​ស្មុកស្មាញ ក៏​មាន​ផង​ដែរ ដូចជា​បញ្ហា​បរិស្ថាន​អនាម័យ​នៅតែ​កើតមាន តែ​ដោយសារ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង ភ្ញាក់រលឹក និង មាន​ការចុះ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ក៏​មាន​ភាពល្អប្រសើរ ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហការណ៍​យ៉ាង​ជិតស្និទ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច ចាត់តាំង​ក្រុមការងារ​ប្រចាំការ​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ និង​មាន​ការលើក​ស្លាក​សញ្ញា​គ្រោះថ្នាក់ នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ​៕

ព័ត៌មានផ្សេងទៀត