លោក​ស ខេង​ ប្រាប់​ខ្មែរ​នៅ​អាល្លឺម៉ង់ថា​ មាន​ក្រុម​ជន​​ក្រៅច្បាប់​​ប៉ុនប៉ង​​ផ្តួលរំលំ​​រដ្ឋាភិបាល​​

01-10-2019 10:23 am 402

​លោក​ស ខេង បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរក្រសួង បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់​រយៈពេល​៨​ថ្ងៃ​។​ថ្លែង​ទៅកាន់​ពលរដ្ឋ​ខ្មែរ រស់នៅ​ប្រទេស​អាល្លឺម៉ង់ អំឡុងពេល​បំពេញ​ទស្សនៈកិច្ច​នោះ លោក​ស ខេង និយាយ​អំពី​សកម្មភាព​របស់​ក្រុម​ជន​ក្រៅច្បាប់​មួយ​ក្តាប់​តូច ដែល​ទំនង​លោក​ចង់​សំដៅ​ដល់​ក្រុម​លោក​សម រង្ស៊ី ថា​កំពុង​ប៉ុនប៉ង​បង្ក​អសន្តិសុខ និង​ភាពវឹកវរ តាមរយៈ​ការ​បំផុស​ឲ្យមាន​ចលនា​បះបោរ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដោយ​លោក​អះអាងថា នេះ​ជា​ចេតនា​ទុច្ចរិត​ពិសពុល​ឈានទៅ​បំផ្លិចបំផ្លាញ​សុខសន្តិភាព​របស់​ប្រជាជន និង​សង្គមជាតិ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ក្រុម​ខ្លួន​។ នេះ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៃ​ដំណើរ​ទស្សនកិច្ច​របស់ លោក​ស ខេង និង​គណៈប្រតិភូ​ជាន់ខ្ពស់ អន្តរក្រសួង​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃទី​០១ តុលា​នេះ​។​

​លោក បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អាល្លឺម៉ង់ ត្រូវ​ចេះ​សាមគ្គី​គ្នា និង​រួមគ្នា​ថែរក្សា​ឲ្យបាន​គង់វង្ស​នូវ​សន្តិភា​ពដែល​បានមក​ដោយ​លំបាក ដើម្បី​ធ្វើយ៉ាងណា​បង្ក​លក្ខខណ្ឌ​អំណោយផល​សម្រាប់​កម្ពុជា មានឱកាស​បន្ត​ការអភិវឌ្ឍ និង​វឌ្ឍនភាព​កាន់តែ​ជឿនលឿន​ថែមទៀត​។ លោក​ស ខេង ថា​ក្រុមប្រឆាំង ដែល​លោក​សំដៅ​ដល់​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប៉ុនប៉ង​មិនចេះចប់​មិនចេះ ក្នុង​ផែនការ​ផ្ដួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។​

​ពាក់ព័ន្ធ បញ្ហា​EBA​ពី​សហភាព​អឺរ៉ុប  និង​GSP របស់​អាមេរិក លោក​ស ខេង បាន​មានប្រសាសន៍ថា កម្ពុជា​នៅតែ​ព្យាយាម​បើក​កិច្ច​ចរចា ដើម្បី​រក្សា​ការអនុគ្រោះ​ពន្ធ​នេះ និង​មាន​ជំហរ​បន្ត​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​អឺរ៉ុប និង​អាមេរិក​ដដែល​។​

​ដោយឡែក ជំនួប​ជាមួយ​ភាគី​អាល្លឺម៉ង់ លោក​ស ខេង បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ លើ​ការពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ក្នុង​ភាពជា​ដៃគូ​រវាង​កម្ពុជា​-​អាល្លឺម៉ង់ និង​កម្ពុជា​-​សហភាព​អឺរ៉ុប ដែល​ក្នុងនោះ​រួមមាន បញ្ហា​ពាក់ព័ន្ធ​នឹង​ការស្វែងរក​ការគាំទ្រ ទៅលើ​កិច្ចការ​នយោបាយ ការផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​ការងារ​លើកកម្ពស់​សិទ្ធិ​មនុស្ស ការអភិវឌ្ឍ​លើ​វិស័យ​សំខាន់​នានា ដូចជា អប់រំ សុខាភិបាល ការគ្រប់គ្រង​ព្រៃឈើ និង​ការគ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជាដើម​។​

​ភាគី​កម្ពុជា​ក៏បាន​សំណូមពរ​ភាគី​អាល្លឺម៉ង់ ពិនិត្យ​លទ្ធភាព និង​សិក្សា​បង្កើត​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ផ្លូវការ​រវាង​ភាគី​ទាំងពីរ លើ​ការងារ​អាទិភាព​ជាក់ស្តែង​មួយចំនួន ដូចជា ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ការផ្លាស់ប្តូរ​ទស្សនកិច្ច ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​សន្តិសុខ និង​ការចែករំលែក​បទពិសោធ​ន៍​កំណែទម្រង់​វិមជ្ឈការ​៕

 ពាក្យគន្លឹះ  លោកសខេង

ព័ត៌មានផ្សេងទៀត