លោកគួច ចំរើន៖ វិស័យដឹកជញ្ជូននៅខេត្តព្រះសីហនុ នឹងត្រូវបាន ស្ដារឡើងវិញទាំងអស់

27-09-2019 12:20 pm 240

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់  ថា  វិស័យដឹកជញ្ជូននៅខេត្តព្រះសីហនុ នឹងត្រូវបានស្ដារឡើងវិញទាំងអស់ ដើម្បីឆ្លើយតបនឹងការនឹងការអភិវឌ្ឍថ្មីៗ ក្នុងខេត្តមួយនេះ។ ការបញ្ជាក់នេះ បានធ្វើ​ឡើង ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ។

លោកគួច ចំរើន បានឲ្យដឹង ថា ពីមុនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុង ត្រូវបានធ្វើឡើងដោយផ្តោតលើការបំរើវិស័យទេសចរណ៍ តែបច្ចុប្បន្ននេះក្រុងព្រះសីហនុ ត្រូវបានរដ្ឋាភិបាលប្រែក្លាយ​ទៅជា​ខេត្តឧស្សា​ហ​កម្មគំរូពហុបំណងតែមួយគត់ និងចាត់ទុកខេត្តនេះជាបំពង់កសេដ្ឋកិច្ច តែមួយគត់របស់កម្ពុជា។

លោកថា ដូច្នេះដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍថ្មីៗនេះ វិស័យដឹកជញ្ជូននឹងត្រូវបានស្ដារឡើងវិញទាំងអស់ ដូចជាប្រភេទផ្លូវបេតុងសសៃដែក នឹងធ្វើការពង្រីកឲ្យបានធំជាងមុនផងដែរ ប្រកបដោយគុណភាព ដើម្បី​ធានាដល់ការដឹកជញ្ជូនគ្រប់ប្រភេទនិងប្រើប្រាស់បានយូរអង្វែង។

អភិបាលខេ​ត្តព្រះសីហនុ ក៏បានគូសបញ្ជាក់ផងដែរ ពាក់ព័ន្ធទៅនឹងស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅក្នុងក្រុងព្រះសីហនុនិងគម្រោង ក្នុងការស្ថាបនាក៏បានប្រសើរឡើងវិញ បន្ទាប់ពីមានការគាំទ្រ ដោយផ្ដល់​កញ្ចប់​ថវិកាពិសេសពីរដ្ឋាភិបាលកម្ពុជា។

យ៉ាងណាក៏ដោយ លោកគួច ចំរើន ក៏សុំឲ្យប្រជាពលរដ្ឋទាំងអស់មានការយោគយល់ ចំពោះស្ថានភាពផ្លូវបច្ចុប្បន្ននេះ ការងារស្ថាបនាផ្លូវ មិនទាន់អាចដំណើរការបាននៅពេលនេះព្រោះភ្លៀងពេក។ តែនឹងធ្វើការស្ថាប​នា​នៅពេលខាងមុខ នៅពេលដែលរាំងភ្លៀង និងបានស្នើឲ្យប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសន្តិភាពអោយបានគង់វង្ស ទើបមានឱកាសអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចំរើនទៅមុខទៀត។

សូមជម្រាប ថា ស្ថានភាពផ្លូវនៅក្រុងព្រះសីហនុ បច្ចុប្បន្ននេះកំពុងតែទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ការខូចខាតធ្ងន់ធ្ងរបែបនេះ គេមើលឃើញថា ដោយសារមូលហេតុមួយចំនួនដូចជា៖១.ភ្លៀងធ្លាក់ខ្លាំង​។ ២.ផ្លូវចាស់សល់ពីសម័យដើម។ ៣.ការដឹកជញ្ជូនធ្ងន់(ដឹកសម្ភារៈសំណង់សម្រាប់បម្រើឲ្យការសាងស​ង់​សំណង់នានានៅខេត្ត កំពុងតែមានការរីកដុះដាលយ៉ាងគំហុក នារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ)៕

ព័ត៌មានផ្សេងទៀត