ប្រធានាធិបតី​អ៊ីរ៉ង់​​ទទូ​ច​ឲ្យបង្ហាញ​​ភស្ដុតា​ង​ថា​​អ៊ីរ៉ង់​វាយប្រហារ​​ទីតាំង​ប្រេង​​អា​រ៉ាប៊ីសាអូឌីត​

27-09-2019 10:42 am 328
ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានី

​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូ​ហានី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានចេញ​ប្រតិកម្ម​ប្រឆាំងនឹង​សហរដ្ឋអាមេរិក ក៏ដូចជា​ប្រទេស​មួយចំនួនទៀត ជុំវិញ​ការចោទប្រកាន់ថា​អ៊ីរ៉ង់​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត​។ មួយថ្ងៃ​បន្ទាប់ពី​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​អង្គការសហប្រជាជាតិ លោក​រ៉ូ​ហា​នីបានប្រាប់​អ្នកសារព័ត៌មាន​ថា អ្នក​ដែល​ចោទប្រកាន់​លើ​អ៊ីរ៉ង់​ត្រូវតែ​បង្ហាញ​ភស្ដុតាង​ឲ្យបាន​ច្បាស់លាស់​។ តើ​អ្វី​ជា​ភស្ដុតាង​នៃ​ការចោទប្រកាន់​?

​សហរដ្ឋអាមេរិក​និង​អា​រ៉ាប៊ីសាអូឌីត បាន​បន្ទោស​យ៉ាងខ្លាំង​លើ​ប្រទេស​អ៊ីរ៉ង់ ចំពោះ​ការវាយប្រហា​រលើ​រោងចក្រ​ប្រេង ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ផលិតផល​ប្រេង​ពាក់​កណ្ដាលរបស់​អា​រ៉ាប៊ីសាអូឌីត​។ ចំណែក​ប្រទេស​បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស ដែល​ប្ដេជ្ញា​បន្ដ​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ក៏​ទើប​ចង្អុល​ដាក់​អ៊ីរ៉ង់​ក្នុង​សប្ដាហ៍​នេះដែរ​។ 
​ទីក្រុង​តេ​រ៉ង់​បាន​បន្ទោស​ការចោទប្រកាន់​ថា​ជា​រឿង​គួរឲ្យ​អស់សំណើច និង​បាន​បដិសេធ​មិន​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​នេះ​ទេ ទោះបីជា​ក្រុម​ឧទ្ទាម​ហូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់ ចេញមុខ​ទទួលខុសត្រូវ​ក៏ដោយ​។

ប្រធានាធិបតី​អ៊ីរ៉ង់​នៅតែ​ប្រកាន់​ជំហរ​យ៉ាង​មាំទាំ និង​ទទូ​ចឲ្យបង្ហាញ​ភស្ដុតា​ង​ឬក៏​ឯកសារ​ជុំវិញ​ការចោទប្រកាន់ ព្រមទាំង​ប្រាប់​ឲ្យ​អាមេរិក បារាំង អង់គ្លេស និង​អាល្លឺម៉ង់​បញ្ឈប់​ជាបន្ទាន់​នូវ​ការផ្គត់ផ្គង់​អាវុធ​ទៅឲ្យ​អារ៉ាប៊ីសាអូឌីត​៕

ព័ត៌មានផ្សេងទៀត