ប្រជាជនហុងកុងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានផ្ដោតយកចិត្ដទុកដាក់យ៉ាងខ្លាំងលើមេដឹកនាំហុងកុងលោកស្រីខារី ឡាម ខណៈលោកស្រីបើកកិច្ចពិភាក្សាជាលើកដំបូងជាមួយសាធារណជន ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់ការតវ៉ាដែលអូសបន្លាយពេលជិត៤ខែមកនេះ។ លោកស្រីបានបង្ហាញពីការគោរពយ៉ាងយកចិត្ដទុកដាក់នៅមុខសាធារណជនក្នុងសាលប្រជុំ ស្របពេលមានការចោទប្រកាន់លើរដ្ឋបាលរបស់លោកស្រីថា មិនបានអើពើនឹងសាធារណជន ហើយធ្វើឲ្យវិបត្ដិកាន់តែធ្ងន់ធ្ងរទៅៗ។
កិច្ចពិភាក្សាដែលប្រព្រឹត្ដទៅកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកស្រីឡាមបានច្រានចោលការចោទប្រកាន់ និងថាលោកស្រីនៅទីនេះដើម្បីស្ដាប់មតិសាធារណជន។ លោកស្រីក៏បានសារភាពថាការទុកចិត្ដលើរដ្ឋាភិបាលលោកស្រីបានធ្លាក់ចុះយ៉ាងខ្លាំង ដោយភាពវឹកវរបង្កឡើងពីការផ្ដួចផ្ដើមសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជាមួយចិន។ លោកស្រីសង្កត់ធ្ងន់ថា ប្រសិនបើចង់ដើរចេញពីភាពលំបាក រដ្ឋាភិបាលត្រូវមានទំនួលខុសត្រូវខ្ពស់បំផុតក្នុងកិច្ចការនេះ។
ការតវ៉ាដែលមានផ្ទុះអំពើហិង្សាជាច្រើនលើកផងនោះ បានរុញច្រានឲ្យទីក្រុងហុងកុងធ្លាក់ក្នុងវិបត្ដិកាន់តែជ្រៅ។ ទោះបីជាសេចក្ដីព្រាងច្បាប់បានលុបចោលទៅហើយក្ដី ក្រុមបាតុករនៅបន្ដប្រមូលផ្ដុំតវ៉ាដើម្បីទាមទារប្រជាធិបតេយ្យពេញលេញនៅក្នុងក្រុង ដែលជាការប្រជែងមួយដ៏ខ្លាំងក្លាចំពោះមេដឹកនាំបក្សកុម្មុយនីស្ដចិន។ ក្រុមបាតុករខឹងនឹងអ្វីដែលគេចាត់ទុកថាជាការជ្រៀតជ្រែករបស់រដ្ឋបាលក្រុងប៉េកាំងនៅហុងកុង ក្រោយទទួលបានហុងកុងពីអង់គ្លេសមកឲ្យចិនគ្រប់គ្រងវិញក្នុងឆ្នាំ១៩៩៧។ ទោះជាចិនគ្រប់គ្រងមែនប៉ុន្ដែចិនប្រើរូបមន្ដប្រទេសមួយប្រព័ន្ធពីរ គឺមានការដឹកនាំដាច់ដោយឡែកពីគ្នា។ ហេតុនេះហើយទើបប្រជាជនហុងកុងមិនចង់ឲ្យចិនលូកដៃកិច្ចការនៅហុងកុង៕