​លោក​ស ខេង​៖​​មាន​ពលរដ្ឋ​ជាង​១០​នាក់​​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅ​អាល្លឺម៉ង់​​

27-09-2019 8:52 am 1012

​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់ លោក​បាន​បញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រទេស​នេះ បាននាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រូបលោក ក៏ដូចជា​រាជរដ្ឋាភិបាល​។ លោក ស ខេង បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​នាឱកាស​នេះ​ក្រៅពី​ការទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ ប្រកបដោយ​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និត​ពី​សំណាក់​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង​ការស្វាគមន៍​ប្រកបដោយ​មនោសញ្ចេទនា​ស្រលាញ់​រាប់អាន​ពី​សំណាក់​ជនរួមជាតិ​រស់​នៅ​ប្រទេស​អាល្លឺម៉ង់ ខ្ញុំ​ក៏​បានឃើញ​មានការ​ធ្វើបាតុកម្ម​របស់​បងប្អូនជនរួម​ជាតិ​មួយចំនួន​ដែលមា​ន​គ្នា​ប្រមាណ​ជាង​១០​នាក់ ដែល​រួមមាន​ទាំង​ក្មួយ​ស្រី​ម្នាក់​របស់​ប៉ុល ពត ដែលមាន​ទស្សន​ជំទាស់​នឹង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បានប្រកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​សម្តែង​មតិ​តាមរយៈ​ការធ្វើ​បាតុកម្ម​នៅទីនេះ​ថា​នេះ​គឺជា​សិទ្ធិសេរីភាពរ​បស់បង​ប្អូន ដែលជា​ដំណើរការ​ធម្មតា​ក្នុងសង្គម​ប្រជាធិបតេយ្យ​។ លោក​បន្តទៀតថា នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​គ្រប់រូប​ក៏មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការសម្តែង​មតិ និង​ការប្រើ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ផ្សេងៗ​ទៀត​ក្នុងសង្គម​ប្រជាធិបតេយ្យ​ដូចគ្នា​ដែរ ។ ជាមួយគ្នា​នោះ​លោក​ស ខេង ថា ក្នុងនាម​លោក​ជា​ជា​ថ្នាក់ដឹកនាំ​មួយរូប​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​ទៅ​ពលរដ្ឋ នៅ​ទីនោះ និង​នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀតថា អ្នកដឹកនាំ​រដ្ឋាភិបាល​ទាំងអស់ តែងតែបាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ក្នុង​ការថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ ដែល​បច្ចុប្បន្ន​បានបង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រចាំឆ្នាំ និង ប្រជាពលរដ្ឋ​ទាំងអស់​កំពុង​រស់នៅ​ដោយ​សុខដុមរមនា​។​

​លោក ស ខេង បាន​គូសបញ្ជាក់ថា លោក​យល់ថា​ស្ថានភាព​ពិត​ជាក់ស្តែង​របស់​ប្រទេស​យើង​បច្ចុប្បន្ននេះ អាចឲ្យ​បងប្អូន​ជនរួមជាតិ​យល់បាន អំពី​ការខិតខំ​ប្រឹងប្រែង​ស្តារ​ប្រទេសជាតិ​ឡើងវិញ​ដ៏​សែន​លំបាក​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ពី​ភ្នក់ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការបែកបាក់​ជាតិ និង​ពី​ឋាននរក​នៃ​ការកាប់សម្លាប់​ដ៏​សែន​ឃោរឃៅ ទម្រាំ​យើង​អាច​មកដល់​ដំណាក់កាល​សុខ សន្តិភាព និង​ការរីកចំរើន​ដូច​បច្ចុប្បន្ននេះ​។​

​សូមបញ្ជាក់ថា លោក ស ខេង បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ទៅដល់​ទីក្រុង​ប៊ែក​ឡាំង សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩​។ ដំណើរ​ទស្សនកិច្ច​ទៅ​អាល្លឺម៉ង់​របស់លោក ស ខេង គឺមាន​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា​ដល់​ថ្ងៃទី​១​ខែតុលា ឆ្នាំ​២០១៩៕


ព័ត៌មានផ្សេងទៀត