ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះបានប្រកាសបិទបញ្ចប់ការតវ៉ាចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបានសង្កត់ធ្ងន់ថា លទ្ធផលនៃការប្រឡង គឺមិនមានការប្រែប្រួលទេ...
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះបានប្រកាសថា ក្រោយបញ្ចប់ការធ្វើកោសល្យវិច័យ គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន បានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ មិនមានការប្រែប្រួលទេ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចុះថ្ងៃទី២៦បានបញ្ជាក់ថា លទ្ធផលប្រឡងដែលបានប្រកាសនៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែកញ្ញា គឺជាលទ្ធផលដែលឆ្លើយតបទៅនឹងគោលការណ៍ទាំងបួននៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។ ឈរលើមូលដ្ឋាននេះ គណៈកម្មការសូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ ។
គូសបញ្ជាក់ថា មួយថ្ងៃបន្ទាប់ពីការប្រកាសលទ្ធផលជាសាធារណៈ គឺនៅថ្ងៃទី១១ កញ្ញា បេក្ខជនមួយចំនួនតូច ដែលពុំពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានដាក់ពាក្យតវ៉ាមកក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្នើឱ្យមានការពិនិត្យឡើងវិញលើលទ្ធផលនៃការប្រឡងរបស់ខ្លួន ។ រហូតដល់ថ្ងៃទី២០ កញ្ញា ក្រសួងទទួលបានពាក្យតវ៉ាពីបេក្ខជនមួយចំនួន ក្នុងនោះ មានទាំងបេក្ខជនប្រឡងជាប់ តែមិនពេញចិត្តនឹងនិទ្ទេសដែលខ្លួនទទួលបាន និងមានបណ្តឹងតវ៉ាពីបេក្ខជនដែលប្រឡងធ្លាក់ ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ត្រូវបានធ្វើឡើងនៅកាលថ្ងៃទី១៩ សីហា ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៧.០៤៣នាក់ ស្រី ៦០.៤២៧នាក់ និងមានមណ្ឌលប្រឡងចំនួន ២០២មណ្ឌល ។
លទ្ធផលនៃការប្រឡងត្រូវបានបង្ហាញឱ្យដឹងថា មានបេក្ខជនប្រឡងជាប់ស្ថាពរចំនួន ៧៩.០៥២នាក់ ត្រូវជា៦៨,៦២% ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេសAចំនួន៤៤៣នាក់ និទ្ទេសBចំនួន២.៤៣០នាក់ និទ្ទេសCចំនួន៥.៨៤៧នាក់ និទ្ទេសDចំនួន១៤.១០០នាក់ និងនិទ្ទេសEចំនួន ៥៦.២៣២នាក់ ៕