​កម្ពុជា​ប្រាប់​អាល្លឺម៉ង់​​អំពី​ការដោះស្រាយ​បញ្ហា EBA ​ជាមួយ​សហភាព​អឺរ៉ុប​​

26-09-2019 3:07 pm 988

​កម្ពុជា តាមរយៈ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​អាល្លឺម៉ង់ ថា​ចង់​ដោះស្រាយ​បញ្ហា EBA ជាមួយ​សហភាព​អឺរ៉ុប និង មាន​ឆន្ទៈ​រក្សា​ការអនុគ្រោះ​ពន្ធ ព្រមទាំង​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​សហភាព​អឺរ៉ុប និង​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់ ខណៈ​សហភាព​អឺរ៉ុប បាន​ដំណើរការ​យកពន្ធ​លើ​ផលិតផល​កម្ពុជា​មួយចំនួន ដូចជា​យកពន្ធ​លើ​អង្ករ​ជាដើម​។

​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ប្រាប់​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សភា​អាល្លឺម៉ង់ ថា​កម្ពុជា ចង់​ដោះស្រាយ​បញ្ហា EBA ជាមួយ​សហភាព​អឺរ៉ុប​ដែរ និង មាន​ឆន្ទៈ​រក្សា​ការអនុគ្រោះ​ពន្ធ ព្រមទាំង​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​សហភាព​អឺរ៉ុប និង​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់​។ ការបញ្ជាក់​យ៉ាង​ដូច្នេះ របស់លោក ស ខេង បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោកស្រី Gisela Hammerschidt តំណាង​គណៈកម្មាធិការ​សភា​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ នៃ​សហព័ន្ធ​អាល្លឺម៉ង់​។ នេះ​បើតាម​ការបញ្ជាក់​នៅ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក ស ខេង​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ ក៏បាន​គូសបញ្ជាក់​ប្រាប់​អាលឺ្លម៉ង់​ផង​ដែរថា តាមរយៈ​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​របប​ពី​អតីតកាល កម្ពុជា​បានដឹង​យ៉ាងច្បាស់​ថា មានតែ​របប​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​ដូច​បច្ចុប្បន្ននេះ​ទេ ដែល​ធ្វើឲ្យ​ប្រទេសមាន​សុខសន្តិភា​ព និង​ការអភិវឌ្ឍ ហើយ​បើទោះបីជា​មាន​ការយល់ឃើញ​ផ្សេងគ្នា​ខ្លះ ក៏ប៉ុន្តែ​គោលការណ៍​នេះ​បាន​ចាក់គ្រឹះ​នៅ​កម្ពុជា​ហើយ​។​

​សូមបញ្ជាក់ថា លោក ស ខេង បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ទៅដល់​ទីក្រុង​ប៊ែក​ឡាំង សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩​។ ដំណើរ​ទស្សនកិច្ច​ទៅ​អាល្លឺម៉ង់​របស់លោក ស ខេង គឺមាន​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា​ដល់​ថ្ងៃទី​១​ខែតុលា ឆ្នាំ​២០១៩​។​

​គួរ​បញ្ជាក់ថា កាល​ថ្ងៃទី​១២ សីហា ឆ្នាំ​២០១៩ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ដោយ​ថា បើ​កម្ពុជា​មិនអាច​រក្សា EBA របស់​សហភាព​អឺរ៉ុប​បានទេ វា​នឹង​ប៉ះពាល់​ផ្ទាល់​ដល់​កម្មករ​ខ្មែរ​៧៥​ម៉ឺន​នាក់ ក្នុង​វិស័យ​កាត់ដេរ ហើយ​ពលរដ្ឋ ៣​លាន​គ្រួសារ​ផ្សេងទៀត​ប៉ះពាល់​ដោយ​ប្រយោល​។​

​សហភាព​អឺរ៉ុប ដែលមាន​សមាជិក ២៨​ប្រទេស បាន​ដំណើរការ​នីតិវិធី​ឈានទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​បណ្ដោះអាសន្ន ក្រោយពី​រកឃើញថា រដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ​ក្នុង​ការស្តារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ សហភាព​អឺរ៉ុប បានទាមទា​រឲ្យរដ្ឋាភិបាល​កម្ពុជា ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដំណើរការ​ឡើងវិញ និង​ត្រូវ​ដោះលែង​លោក កឹម សុខា ជា​អតីត​ប្រធាន​អតីត​គណបក្ស​ង្គ្រោះ​ជាតិ​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​វិញ ហាក់​មិន​ខ្វាយខ្វល់​ទៅនឹង​ការស្នើ​របស់​សហគមន៍​អឺរ៉ុប​ឡើយ​៕

 ពាក្យគន្លឹះ  លោកសខេងអាល្លឺម៉ង់

ព័ត៌មានផ្សេងទៀត