​អូស្ត្រាលី​​បញ្ជាក់​អំពី​​ការបន្ត​គាំទ្រ​​បន្ថែមទៀត​​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​​

26-09-2019 12:29 pm 184

​ក្រសួងការបរទេស​កម្ពុជា បានចេញ​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ឧត្តមមន្ត្រី លើក​ទី​១ រវាង​កម្ពុជា និង​អូស្ត្រាលី ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​១៦-១៧ កញ្ញា ឆ្នាំ​២០១៩ នៅ​ទីក្រុង​កង់​បេរ៉ា ប្រទេស​អូស្ត្រាលី​។ នៅក្នុង​កិច្ចប្រជុំ​នោះ ភាគី​អូស្ត្រាលី បានបញ្ជាក់​អំពី​ការបន្ត​គាំទ្រ​បន្ថែមទៀត​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា តាមរយៈ​ផែនការ​វិនិយោគ​លើ​ជំនួយ​សម្រាប់​ឆ្នាំ​២០២០-២០២៤ ដែលមាន​គោលដៅ​ចំនួន​៣ ដោយ​ក្នុងនោះ​រួមមាន ១. សេវាសាធារណៈ​ប្រកបដោយ​និរន្តរភាព និង​បរិយា​ប័ន្ន ២. កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ភាពរឹងមាំ និង​បរិយា​ប័ន្ន និង​៣. ដំណើរការ​រៀបចំ​គោលនយោបាយ​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។​

​ក្រសួងការបរទេស​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា​បាន​អរគុណ​ចំពោះ​អូស្ត្រាលី ដែល​បាន​គាំទ្រ​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា និង​ការបន្ត​ផ្ដល់ជំនួយ​លើ​វិស័យ​សំខាន់ៗ រួមមាន ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល ការ​បោសសម្អាត​មីន យេនឌ័រ និង​ពិការភាព ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការគ្រប់គ្រង​ធនធានទឹក និង​ថាមពល​។ ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​វិញ ភាគី​ទាំងពីរ​កម្ពុជា​-​អូស្ត្រាលី មានមតិ​ស្របគ្នា​ថា នៅមាន​សក្ដានុពល​ច្រើន ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​រវាង​កម្ពុជា និង​អូស្ត្រាលី និង​ព្រមព្រៀង​ធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ រិះរក​វិធី និង​មធ្យោបាយ​នានា ដើម្បី​ជំរុញ​វិស័យ​ទាំងនេះ ឱ្យបាន​រីកចម្រើន​បន្ថែមទៀត​។​

​ចំពោះ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ និង​ការពារជាតិ ភាគី​ទាំងពីរ​កម្ពុជា​-​អូស្ត្រាលី បានកត់សម្គាល់​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ក្នុង​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូចជា ការជួញដូរ​មនុស្ស ការ​លាងលុយកខ្វក់ និង​ភេរវកម្ម​ខុសច្បាប់ អន្តោប្រវេសន៍​ខុសច្បាប់ និង​ការគ្រប់គ្រង​ព្រំដែន ព្រមទាំង​បាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យនេះ​បន្ថែមទៀត​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​កិច្ចសន្ទនា​ជា​ទៀត​ទាត់ រ​វាថ​ស្ថាប័ន​ការពារជាតិ​របស់​ប្រទេស​ទាំងពីរ តាមរយៈ​យន្តការ​ដែលមាន​ស្រាប់​។​

​ក្រសួងការបរទេស​កម្ពុជា ក៏បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​ក៏បាន​ធ្វើ​ការផ្លាស់ប្ដូរ​យោបល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លិទ្ធិប្រជាធិបតេយ្យនៅក​ម្ពុ​ជា និង​លើ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​កិច្ចសន្ទនា​រវាង​កម្ពុជា និង​អូស្ត្រាលី លើ​វិស័យ​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​៕


ព័ត៌មានផ្សេងទៀត