ADB​ព្រមាន​ពី​ហានិភ័យ​សេដ្ឋកិច្ចកម្ពុជា​ស្រុតចុះ​ក្រោយ​បាត់​EBA

26-09-2019 11:14 am 289
  ស្តាប់
ស្តាប់ជាសំឡេង

​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្រមាន​សារជាថ្មី ពី​ហានិភ័យ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​ខាងមុខនេះ ដែល​អាច​បណ្ដាលមកពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ « គ្រប់​មុខ​ទំនិញ​ទាំងអស់ លើកលែងតែ​អាវុធ » ឬ ហៅ​កាត់​ថា EBA របស់​សហភាព​អឺរ៉ុប ដោយ​ការព្រមាន​នេះ ធ្វើឡើង​ក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​ស្ដី​ពី​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០១៩ ទើប​នឹង​ចេញផ្សាយ នៅ​ថ្ងៃ​ទី ២៥ កញ្ញា នេះ​។​

​បើ​តាម​របាយការណ៍​បច្ចុប្បន្នភាព​ចុងក្រោយ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) នេះ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ កំណើន​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ចំនួន​ពីរ​គឺ លទ្ធភាព ដែល​សហភាព​អឺរ៉ុប​អាច​នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​ផ្នែក ឬ ទាំងស្រុង​ពី​កម្ពុជា និង ការបន្ត​ការកើនឡើង នៃ​ឥណទាន​ផ្ដល់​ឱ្យ​ដល់​វិស័យ​អចលនទ្រព្យ​និង​ធុរកិច្ច​។ 

​ខណៈ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​សម្រាប់​ឆ្នាំ ២០២០ ដោយ​សន្ទុះ​នៃ​ផលិតផល​សរុប​ក្នុងស្រុក  (GDP) ស្ថិត​ក្នុង​អត្រា ៦.៨​ភាគរយ ដែល​ថមថយ​បន្តិច​ជាង​សន្ទុះ ៧​ភាគរយ​សម្រាប់ ឆ្នាំ ២០១៩​។ នេះ​បើ​យោង​តាម​ការព្យាករណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី​នៅក្នុង​របាយការណ៍​ចុងក្រោយ​ស្តីពី ទិដ្ឋភាព​ទូទៅ​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​ឆ្នាំ ២០១៩ (Asian Development Outlook 2019 Update) ដែល​ចេញផ្សាយ​កាល​ថ្ងៃទី​២៥ កញ្ញា ឆ្នាំ​២០១៩​នេះ​។ 

​ធនាគារ ក៏​ព្រមាន​ផងដែរ​ពី​ហានិភ័យ​បង្កឡើង ដោយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​ដូច​ជា គ្រោះ រាំងស្ងួត នៅ​ពាក់កណ្ដាល​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០១៩ នេះ ការណ៍​នេះ បាន​បង្អាក់​ទិន្នផល ដំណាំ​កសិផល និង ជលផល ដែល​តម្រូវ​ឱ្យ​ធនាគារ​ត្រូវ​សើរើ​ឡើងវិញ ចំពោះ​ការព្យាករណ៍​របស់​ខ្លួន លើ កំណើន​ក្នុង​វិស័យ​កសិកម្ម​ពី ១,៧% មក​នៅត្រឹម ១,១% ក្នុង​ឆ្នាំ ២០១៩ នេះ​។​

​អ្នកស្រី ស៊ុន​នីយ៉ា ដូរ​រា​នី ចា​ម៉ាល់ (Sunniya Durrani-Jamal) នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា បាន​កត់សម្គាល់​ថា ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវតែ​ផ្តោត​លើ​យុទ្ធសាស្ត្រ​ពិពិធ​កម្ម ឬ ការធ្វើឲ្យ​សេដ្ឋកិច្ច​រីកចំរើន​ពី​គ្រប់​វិស័យ ដែល​នាំមក​នូវ សេវាកម្ម និង ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស‍់ ដើម្បី​ទប់ស្កាត់ កត្តា​ប្រឈម​នានា ដែល​អាច​បណ្តាល​មក ពី​ភាពមិនប្រាកដប្រជា​នៃ​ស្ថានភាព​ពាណិជ្ជកម្ម​ក្នុង​សាល​កលោក​។​

​សូមបញ្ជាក់​ថា ទោះជា​យ៉ាងណា ធនាគារ​អភិវឌ្ឍន៍អាស៊ី នៅតែ​បន្ត​ជំហរ​រក្សា​ការព្យាករណ៍​របស់​ខ្លួន ដូច​កាលពី​ពេល​ចេញរ​បាយ​ការណ៍​ដំបូង កាលពី​ខែ​មេសា ឆ្នាំ​២០១៩ ដែរ ដែល​កំណើនសេដ្ឋកិច្ច កម្ពុជា​នៅ​ឆ្នាំ ២០២០ នឹង​ធ្លាក់​ចុះ​ពី ៧% ក្នុង​ឆ្នាំ ២០១៩ មក​នៅត្រឹម ៦,៨% ក្នុង​ឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត