លោក​ផៃ ស៊ី​ផាន​ ថា​របាយការណ៍​សិទ្ធិមនុស្ស ​របស់​លោកស្រី​Smith​​ជា​ការឈ្លានពាន​​កម្ពុជា​​

26-09-2019 10:34 am 2744

​តាមរយៈ​បណ្តាញ​សង្គម​Facebook អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បាន​ប្រតិកម្ម​នឹង​ការលើកឡើង​របស់លោក​ស្រី Rhona Smith ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​ក្នុងនោះ លោកស្រី​ក៏​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឡើងវិញ​ផងដែរ​។ លោក​ផៃ ស៊ី​ផាន និយាយថា ក្នុង​កិច្ច​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឡើងវិញ​នេះ គឺ​កិច្ច​បង្ហាញ​យ៉ាងច្បាស់​មិនអាច​ប្រកែក​បាន នូវ​និន្នាការ​នយោបាយ​ហួស​ពី​កិច្ច​ទទួលខុសត្រូវ និង​កាតព្វកិច្ច​របស់​មន្ត្រី​តំណាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា រូបនេះ​។​

​លោក​ផៃ ស៊ី​ផាន ថា​លោក​ពិត​មាន​សេចក្តីសោកស្តាយ និង​ភ្ញាក់ផ្អើល​បំផុត​ចំពោះ​លោកស្រី​រី​ណា ស្មី​ត ដែល​ប្រកាន់​ជំហរ​តាមរយៈ​សេចក្តីថ្លែងការណ៍ ឬ​របាយការណ៍ ដែល​ពុំ​អាច​ទទួលយកបាន​។ លោក​ចាត់ទុក សេចក្តីថ្លែងការណ៍ ឬ​របាយការណ៍​នេះ គឺជា​ការឈ្លានពាន និង​ជ្រៀតជ្រែក​ដល់​កិច្ចការ​កម្ពុជា ដែលជា​រដ្ឋ​អធិបតេយ្យ​ពេញលេញ​មួយ​។​

​លោក​ផៃ ស៊ី​ផាន បញ្ជាក់ថា «​ការបោះឆ្នោត​របស់​កម្ពុ​ជា ទោះបី​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឬ​ថ្នាក់ជាតិ​ក៏ដោយ គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខ្មែរ អាស្រ័យ​ទៅ​តាមច្បាប់​នៃ​ការបោះឆ្នោត ដែល​មានចែង​ជា​ធរមាន​ស្រាប់ ដែលមាន​យន្តការ​រៀបចំ និង​ដោះស្រាយ​វិវាទ​នៃ​ការបោះឆ្នោត ជាយថាហេតុ​ណាមួយ ហើយ​នៅ​ក្នុងនោះ កាលវិភាគ និង​គោលការណ៍​ច្បាស់លាស់ ក៏​បានចែង​ផងដែរ​»​។​

​លោក​ចំអក​ឲ្យ​លោកស្រី ស្មី​ត​ថា គួរតែ​ពង្រឹង​ការងារ​ឡើងវិញ ក្នុងន័យ​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ជាជាង​ដើរតួនាទី​ជា​តុលាការ អត្តនោម័ត ឬ​ជា​អ្នកនយោបាយ​គ្រប់គ្រង​ជោគវាសនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៥ កញ្ញា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​លើក​ទី​៤២​នៃ​ក្រុមប្រឹក្សា​អង្គការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្ស៊ឺ​ណែ​វ ប្រទេស​ស្វ៊ី​ស ដោយបាន​លើក​ពី​កង្វល់​អំពី​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​កង្វល់​អំពី​ការរារាំង​គណបក្សប្រឆាំង​ដ៏​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) លើកឡើងថា «​វា​ដល់ពេល​ត្រូវ​កំណត់​ឡើងវិញ​អំពី​សិទ្ធិ​និង​សេរីភាព​នៅ​កម្ពុជា​»​។​

​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​រូបនេះ បាន​និយាយ​ទៅដល់​ការ​ឆក់យក​អាសនៈ​និង​តួនាទី​របស់​មេឃុំ​និង​ចៅសង្កាត់​រួមទាំង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​ការរំលាយ​គណបក្ស​នេះ​កាលពី​ចុងឆ្នាំ ២០១៧​។​លោកស្រី​ថា អ្នកបោះឆ្នោត​ចំនួន​៤២% បាន​បោះឆ្នោតឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់មូលដ្ឋាន ហើយ​សំឡេង​នេះ បែរជា​ត្រូវ​ទាត់ចោល និង​មិនមាន​ដំណោះស្រាយ ទៅវិញ​។​

​បន្ថែម​លើ​នេះ អ្នកស្រី​រ៉ូ ណា​ស្មី​ត បាន​ជំរុញ​ជាថ្មី​ម្តងទៀត​ឲ្យ​ដោះលែង និង​ទម្លាក់ចោល ការចោទប្រកាន់​លើ​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​រំលាយ​និង​ដោះស្រាយ​បញ្ហា​នៃ​ការចាប់​ឃាត់ខ្លួន​សកម្មជន​អតីត​គណបក្សប្រឆាំង​នេះ ជាច្រើន​ទៀត​៕

ព័ត៌មានផ្សេងទៀត