លោកនេតា​ន់​យ៉ា​ហ៊ូ​​ត្រូវ​ប្រធានាធិបតី​​អ៊ីស្រាអែល​​ស្នើឲ្យ​បង្កើត​​រដ្ឋាភិបាលថ្មី​

26-09-2019 9:23 am 321

​នៅ​ទីបំផុត​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ត្រូវបាន​លោក​ប្រធានាធិបតី​រ៉េ​វែន រ៉ី​វ​លីន​ស្នើសុំ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ ការស្នើសុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោកនេតា​ន់​យ៉ា​ហ៊ូ និង​គូប្រជែង​ដ៏​ធំ​បំផុត​ក្នុង​ការបោះឆ្នោត លោក​បេន​នី ហ្គែ​ន បរាជ័យ​លើ​កិច្ចព្រមព្រៀង​បង្កើត​រដ្ឋាភិបាល​រួម​។ ការបោះឆ្នោត​កាលពី​សប្ដាហ៍​មុន​ដែលជា​ការបោះឆ្នោត​លើក​ទី​ពីរ​ក្នុងឆ្នាំនេះ បាន​បិទ​បញ្ចប់​ក្នុង​ភាពជាប់គាំង​។ 

​គណបក្ស​ខៀវ​និង​ស​របស់លោក​ហ្គែ​ន បានឈ្នះ​៣៣​អាសនៈ​ក្នុង​សភា ខណៈ​គណបក្ស​លី​គួដ​របស់​លោកនេតា​ន់​យ៉ា​ហ៊ូ​ឈ្នះ​តែ​៣២​អាសនៈ​ប៉ុណ្ណោះ នៃ​១២០​អាសនៈ​ក្នុង​សភា​។ ពេលនេះ​លោកនេតា​ន់​យ៉ា​ហ៊ូ​មានពេល​៦​សប្ដាហ៍​ដើម្បី​ស្វែងរក​ដៃគូ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ ចំពោះ​លោក​រ៉ី​វ​លីន​បាន​និយាយថា លោក​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​កុំឲ្យ​មាន​ការបោះឆ្នោតជាលើក​ទីបី​ក្នុងឆ្នាំនេះ​។ លោក​បញ្ជាក់ថា​លោកនេតា​ន់​យ៉ា​ហ៊ូ​មានឱកាស​ច្រើន​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី ហើយ​លោក​នឹង​ឈរ​ខាង​លោកនេតា​ន់​យ៉ា​ហ៊ូ​។​

​យ៉ាងណាក៏ដោយ​ទោះបី​មាន​ការគាំទ្រ​ពី​ប្រធានាធិបតី លោកនេតា​ន់​យ៉ា​ហ៊ូនៅ​តែ​ប្រឈម​ការលំបាក​។ លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ​មិនអាច​បង្កើត​រដ្ឋាភិបាល​សហព័ន្ធ​បាន បន្ទាប់ពី​ការបោះឆ្នោត​លើកទីមួយ​ក្នុង​ខែ​មេសា ហើយ​ពេលនេះ​ក៏​មិនមែនជា​រឿង​ងាយស្រួល​ដែរ​។ លោក​ប្រធានាធិបតី​ជ្រើសរើស​លោកនេតា​ន់​យ៉ា​ហ៊ូ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី ព្រោះ​លោក​មាន​ការគាំទ្រ​ច្រើនជាង​មុន​ក្នុង​ការបោះឆ្នោត​ជាថ្មី បើ​ប្រៀបធៀប​នឹង​លោក​បែន​នី ហ្គែ​ន ដែលមាន​អាសនៈ​លើស​លោកនេតា​ន់​យ៉ា​ហ៊ូតែ​មួយ​អាសនៈ​ប៉ុណ្ណោះ​។​

​នៅពេលដែល​នាយករដ្ឋមន្ដ្រី​ទទួលយក​តួនាទី​ក្នុង​ការរៀបចំ​រដ្ឋាភិបាល​ថ្មី លោក​បាន​បង្កើន​សម្ពាធ​សម្រាប់​ការបង្កើត​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​ជាមួយ​លោក​ហ្គែ​ន​។ ការបោះឆ្នោត​បានបង្ហាញ​ពីអ្វី​ដែល​អ្នកបោះឆ្នោត​ចង់បាន ប៉ុន្ដែ​គណបក្ស​ទាំងពីរ​បាន​បរាជ័យ​ក្នុង​កិច្ចចរចា​ក្នុង​សប្ដាហ៍​នេះ​។ លោក​ហ្គែ​ន​បាន​បដិសេធ​ម្ដង​ទៀតថា​មិន​រួម​ដៃ​ជាមួយ​លោកនេតា​ន់​យ៉ា​ហ៊ូ​ទេ​។ លោក​មិន​ចង់​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​នាយករដ្ឋមន្ដ្រី​បច្ចុប្បន្ន ជា​មេដឹកនាំ​ដែល​ប្រឈម​នឹង​ការចោទប្រកាន់​ធ្ងន់ធ្ងរ​នោះឡើយ​។ ពេលវេលា​សម្រាប់​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ក៏​មិន​ច្រើន​ប៉ុន្មាន ហេតុនេះ​ការស្វែងរក​គណបក្ស​ក្នុង​សភា​ឲ្យ​រួមដៃ​មិនមែន​ជារឿង​ងាយស្រួល​ទេ​៕

ព័ត៌មានផ្សេងទៀត